សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញសាច់ប្រាក់ជាង១​ពាន់​លានរៀល ជូនទៅរាជធានីខេត្តនៅទូទាំងប្រទេស និងកំណត់​ជួយ​ពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀលក្នុងរយៈពេល​១៥​ថ្ងៃ នៃការធ្វើចត្តាឡីស័ក

43

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទម្លាក់ថវិ​កា​ជាង១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់សម្រេចផ្តល់ថវិ​កា​ជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃ នៃការធ្វើចត្តាឡីស័ក ស្មើ២ម៉ឺនរៀលក្នុងមួយថ្ងៃ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងសុខាភិបាលដែលកំពុងគ្រប់គ្រងនូវទុនទាំងឡាយ ដែលបានមកពីការចូលរួមវិភាគទាន នៃមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលទំហំទឹកប្រាក់មានជាង៤២ពាន់លាន ចែកចាយថវិកានោះមកដល់ខេត្តគោលដៅមួយចំនួន ដូចជា៥០លានរៀលក្នុងមួយខេត្តជាដើម ដើម្បីឱ្យខេត្តមានលទ្ធភាពប្រើប្រាស់ថវិកានោះ សម្រាប់ឱ្យទៅមូលដ្ឋានចែកជូនចំពោះគ្រួសារនៃអ្នកធ្វើចត្រឡីស័ក្នុងមួយគ្រួសារពីរម៉ឺនរៀល ។ ដោយឡែកអ្នកដែលអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌល គឺត្រូវចិញ្ចឹមបាយទឹកឱ្យពួកគាត់ មុង ភួយ កន្ទេល ខ្នោយ ឱ្យពួកគាត់ ។

បន្ថែមពីនេះ នៅរសៀលថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​បញ្ជាក់​តាមរយៈទំព័រហ្វេសប៊ុក កុំមាន​ការភាន់ច្រឡំថាតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ ពោលការធ្វើចត្តាឡីស័កគឺត្រឹមតែ១៤ថ្ងៃ តែការផ្តល់ជូនថវិការសម្រាប់១៥ថ្ងៃក្នុងបំ​ណង​ជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ ៕