សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកការជួបជុំ និងការរៀបអាពាហ៍ពិពាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីកដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩

6

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកការរៀបអាពាហ៍ពិពាហ៍ ឬការជួបជុំដែលមានមនុស្សច្រើន រយៈពេល១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរីរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ ។

សារសំឡេងដែលផ្ញើជូនអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោងតាមការសំណូមពរពីរដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងការផ្តល់​មតិពីអង្គការសុខភាពពិភពលោក តម្រូវឲ្យយើងមានការយកវិធានការណ៍បន្ថែមសម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលការផ្អាកមានរយៈពេល១៥ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ។

សម្តេចបន្តថា បើសិនជាមានការជួបប្រជុំ និងការរៀបចំអាពាហ៍ពិពាហ៍ ក៏សុំខន្តីអភ័យទោស សូមផ្អាកសិនពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ឬ១៦ធ្នូខាងមុខ ។ សម្តេចបន្តថា មនុស្សលើសពី២០នាក់ទៅមិនគួរឲ្យមានការជួបជុំទេ តែបើ២០នាក់ចុះអាចជួបជុំ តែរក្សាគម្លាត និងរក្សាតាមការណែនាំពីក្រសួងសុខាភិបាល ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ក្នុងរយៈពេល១៥ថ្ងៃនេះ សូមផ្អាកការរៀបអា​ពាហ៍ពិពាហ៍ ឬការប្រជុំ ឬការជួបជុំដែលមានមនុស្សច្រើនចូលរួម និងត្រូវអនុវត្តបន្ទាន់ក្រោយទទួលបទបញ្ជានេះ ៕