ផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងបក្សពួកត្រូវបានតុលាការសម្រេចឃុំខ្លួន ករណីឆបោកវិនិយោគគិនម៉ាឡេស៊ីជិត៧លានដុល្លារ

79

ភ្នំពេញ៖ លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២២ បានសម្រេចចេញដីការឃុំខ្លួនលោកឧត្តមសេនីយ៍ផ្កាយ២ យោធា ហៃ ច័ន្ទភារិទ្ធ និងបក្ខពួក នៅក្នុងមណ្ឌលអប់រំកែប្រែទី១ (ម១) ពាក់ព័ន្ធករណីឆបោករំលោភ លើទំនុកចិត្ត និងសំអាតប្រាក់ ពីអ្នកវិនិយោគគិនម៉ាឡេស៊ី ដែលមានទំហំទឹកប្រាក់ប្រមាណជិត៧លានដុល្លារអាមេរិក ក្រោយពីសមត្ថកិច្ចចាប់ខ្លួនមន្ត្រីរូបនេះកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបញ្ជាក់ថា ឧត្តមសេនីយ៍យោធាផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារ សាធារណៈក្លែងដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៩បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ លឹម មានសុខ ជាមន្ត្រីយោធា ដែលមានឋានន្តរស័ក្តិវរសេនីយ៍ទោ ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តដែលប្រព្រឹត្តនៅរាជធានី ភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងបក្ខពួកបានប្រើល្បិចទិញដីព្រះរាជក្រឹត្យប្រមាណ២០៣ហិតា ស្ថិតនៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៨។ ក្រុមហ៊ុន វីនហ៊ីល ស៊ីធី បានសម្រេចចិត្តក្នុងការទិញដីមួយកន្លែងទំហំ ២,០៣០,០០៧ម៉ែត្រការ៉េ ស្ថិតនៅទីតាំងខាងលើនេះ ដោយមានគំនូសប្លង់បង្ហាញទីតាំងដី ដែលផ្តល់ដោយលោក ហៃ ច័ន្ទភារិទ្ធ និងគូរកន ក្នុងតម្លៃប្រាំពីរលានដុល្លារអាមេរិក។

បើតាម តំណាងក្រុមហ៊ុន ឈ្មោះ ហៃ ច័ន្ទភារិទ្ធ និងគូកន បានសន្យាថា ខ្លួននិងប្រមូលទិញដីពីប្រជាពលរដ្ឋដោយដីនោះ ជាដីស្របច្បាប់ អាចធ្វើប័ណ្ណកម្មសិទ្ធិបាន និងមិនមានជាប់ពាក់ព័ន្ធបុគ្គល ឬជាប់ពាក់ព័ន្ធជាមួយដីរដ្ឋឡើយ។

តំណាងក្រុមហ៊ុនបន្ថែមថា ដោយមានការជឿជាក់ និងទុកចិត្តរាប់អានគ្នា ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញលក់ដីជាមួយលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ ព្រមទាំងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ដើម្បីយកទៅទិញដី ក្នុងចំនួនប្រាំពីរលានដុល្លារ។
ក្រោយពីបានទទួលប្រាក់ជាបន្តបន្ទាប់រួចហើយ លោក ហៃ ច័ន្ទភារិទ្ធ ក្នុងអុំឡុងខែកុម្ភៈ ឆ្នាំ២០១៩ បានផ្ញើកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីលក់ផ្តាច់ និងគំនូសប្លង់បង្ហាញទីតាំងដីមកឱ្យក្រុមហ៊ុន ដោយបានទាមទារឱ្យក្រុមហ៊ុនបង់ប្រាក់បន្ថែមទៅឱ្យខ្លួន លើប្រាក់ទិញលក់ដី៧លានដុល្លារ តាមកិច្ចសន្យា។

បន្ទាប់ពីបានទទួលកិច្ចសន្យាផ្ទេរសិទ្ធិដីធ្លីលក់ផ្តាច់ ពីលោក ហៃ ច័ន្ទភារិទ្ធ និងគំនូសប្លង់បង្ហាញទីតាំងដីហើយ ភាគីក្រុមហ៊ុន បានស្នើសុំចុះទៅមើលទីតាំងដីជាក់ស្តែង ស្រាប់តែលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ បែរជាទៅចង្អុលបង្ហាញដីដែលគ្មានទីតាំងពិតប្រាកដ និងច្បាស់លាស់ណាមួយមកឱ្យក្រុមហ៊ុន។

ដោយឃើញទង្វើ លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ បែបមិនស្រួលដូច្នេះ តំណាងក្រុមហ៊ុន បានចុះសិក្សាស្រាវជ្រាវជាមួយអាជ្ញាធរមូលដ្ឋាន ទើបដឹងថា ទីតាំងដីដែលស្ថិតក្នុងគំនូសប្លង់បង្ហាញ និងលិខិតផ្ទេរសិទ្ធិដែលមានឈ្មោះ គាត សូនី ជាអ្នកឈរឈ្មោះលក់មកឱ្យក្រុមហ៊ុន និងឈ្មោះ ហៃ ច័ន្ទភារិទ្ធ ជាអ្នកចុះកិច្ចសន្យាទិញលក់ និងយកលុយពីក្រុមហ៊ុននោះ គឺជាដីរបស់រដ្ឋ ស្ថិតក្នុងតំបន់ឧទ្យានជាតិបូគោ ដែលត្រូវរដ្ឋហាមឃាត់មិនឱ្យមានការលក់ដូរអ្វីទាំងអស់៕