ឈ្មួញដ៏មានឥទ្ធិពលប្រចាំខេត្តកោះកុងម្នាក់កាយភ្នំយកអាចម៍ដីចាក់ចូលមាត់ព្រែកបំផ្លាញព្រៃលិចទឹក ដើម្បីពុះឡូត៍លក់៖ (មានវីដេអូ)

13

កោះកុងៈ ឈ្មួញរកស៊ីប្រចាំខែត្រកោះកុងដ៏មានឥទ្ធិពលម្នាក់ និង មានទ្រព្យសម្បត្តិស្តុកស្តម្ភជ្រកក្រោមស្លាក ប៉េអឹមផ្ទៃប្រទេស កំពុងតែធ្វើសកម្មភាពកាយភ្នំយកអាចម៍ដីទៅចាក់លុបមាត់ព្រែកដោយថែមទាំងបំផ្លាញព្រៃលិចទឹកនិងកោងកាងផងនោះដើម្បីវាតទីយកដីពុះឡូត៍លក់ឱ្យត្រូវនឹងស្ថានភាពបច្ចុប្បន្ន។

ករណីបំផ្លិចបំផ្លាញធនធានធម្មជាតិគ្មានច្បាប់អនុញ្ញាតបែបនេះ បានកើតឡើងស្ថិតនៅចំណុចភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខែត្រកោះកុង។

ករណីខាងលើនេះមានសកម្មភាពរយៈពេលជាង១០ថ្ងៃមកហើយដើម្បីវាតយកដីពុះឡូត៍សម្រាប់ផលប្រយោជន៍បុគ្គលដោយពុំមានការរំខានពីសំណាក់ អាជ្ញាធរដែនដី ឬមន្ត្រីជំនាញណាមួយឡើយ។ នៅនឹងជើងភ្នំដែលមើលពីចម្ងាយទៅឃើញដីសក្បុសវាលធំល្វឹងល្វើយមាន គ្រឿងចក្រអេស្កាវទ័រ មួយគ្រឿងកំពុងតែកាយដីដាក់ឡានធំៗចាប់ពីបីគ្រឿងទៅបួនគ្រឿងយ៉ាងញាប់ដៃជើងជារៀងរាល់ថ្ងៃ។ ដីនៅតំបន់នោះត្រូវបានគេអះអាងថា កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០រួចហើយ។

ដីព្រៃភ្នំក៏ដូចជា ព្រៃលិចទឹកនិងដើមកោងកាងដែលជា «ជីវចម្រុះ» មច្ឆាជាតិទឹកប្រៃពងកូនសម្រាប់បន្តពូជ។ វាដុះនៅតាមមាត់ព្រែកគឺមិនត្រូវបានបុគ្គលណាមួយមានសិទ្ធិទៅរំលោភបំពាន់ ឬកាយដីភ្នំយកអាចម៍ដីទៅចាក់លុបព្រែកនោះទេ ពីព្រោះជាសម្បត្តិរដ្ឋ។

ទាក់ទងទៅនឹងការកាយភ្នំយកអាចម៍ដីចាក់លុបមាត់ព្រែកបំផ្លាញព្រៃលិចទឹកនិងដើមកោងកាងនៅត្រង់ចំណុច ភូមិចាំយាម ហៅថា ភូមិវង្សកថៈ ត្រូវបានប្រជាពលរដ្ឋលើកឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា លោក ជា គឹមឃាន់ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអ្នកមានប្រាក់កាសស្តុកស្ដម្ភរស់នៅក្នុង ខែត្រកោះកុង ថែមទាំងមានខ្នងបង្អែកអ្នកធំដ៏រឹងមាំនោះជាអ្នកធ្វើសកម្មភាពកាយភ្នំយកអាចម៍ដីទៅចាក់លុបមាត់ព្រែកសម្រាប់ពុះដីឡូត៍លក់។

ប្រភពដដែលបន្តទៀតថា លោក ជា គឹមឃាន់ បានធ្វើសកម្មភាពបែបនេះអស់រយៈពេលជាង១០ថ្ងៃមកហើយ។ ចំណែកអាជ្ញាធរដែនដីចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ គឺពុំហ៊ានក្អក ឬក្បែរឡើយ។ ពីព្រោះឈ្មួញរូបនេះ មានលុយ មានអំណាច និងបក្ខពួកអ្នកធំនៅពីក្រោយខ្នង។

លោក ពេជ្រ ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល ខែត្រកោះកុង បានប្រាប់ឲ្យដឹងថា ចំពោះដីភ្នំដែលត្រូវបានគេកាយនោះលោកពុំទាន់ដឹងនៅឡើយទេ។ សម្រាប់ម្ចាស់គ្រឿងចក្រដែលបានកាយដីភ្នំនោះក៍ពុំបានមកសុំច្បាប់អនុញ្ញាតពីមន្ទីរដែរ។

ប្រធានមន្ទីររ៉ែរូបនេះ បន្ថែមទៀតថា លោកនឹងចាត់កម្លាំងមន្ត្រីជំនាញរបស់ខ្លួនឲ្យចុះទៅពិនិត្យមើលជាក់ស្តែងថា តើម្ចាស់គ្រឿងចក្រដែលកំពុងតែធ្វើសកម្មភាពកាយដីភ្នំនោះមានច្បាប់ដល់កម្រិតណាដែរ ?

ជុំវិញករណីខាងលើនេះលោក ប៉ែន ប៊ុនឈួយ អភិបាលរង ស្រុកមណ្ឌលសីមា បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា លោកនឹងឱ្យអាជ្ញាធរភូមិឃុំចុះទៅពិនិត្យជាក់ស្ដែងថា តើការកាយដីភ្នំយកអាចម៍ដីចាក់មាត់ព្រែកលុបព្រៃលិចទឹកនិងដើមកោងកាងនៅត្រង់ចំណុចដែលអ្នកព័ត៌មានបានរាយការណ៍នោះជាដីកម្មសិទ្ធិ ឬក៍ប៉ះពាល់ដល់សម្បត្តិរដ្ឋ ? លោកបន្តថា មានរឿងខ្លះលោកក៍មិនដឹងដែរដោយសារតែអាជ្ញាធរភូមិឃុំពុំបានរាយការណ៍ជូនថ្នាក់ស្រុក។

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា គឹមឃាន់ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាអ្នករកស៊ីមានប្រាក់កាសស្តុកស្ដម្ភនៅក្នុង ខែត្រកោះកុង មិនអាចសុំការបំភ្លឺបានទេតាមរយៈទូរស័ព្ទជុំវិញការចោទប្រកាន់ខាងលើនេះ។

គួរបញ្ជាក់ថា បើយោងតាមច្បាប់ស្ដីពី «ការគ្រប់គ្រងធនធានទឹកនៅក្នុង ព្រះរាជាណាចក្រកម្ពុជា» ក្នុងមាត្រា២ បានចែងថា « ធនធានទឹក គឺ សមុទ្រ ទន្លេ ស្ទឹង ព្រែក ជ្រោះ ជ្រលង ដងអូរ បឹងបួ ត្រពាំង ថ្លុក អាងទឹក គឺជាសម្បត្តិរបស់រដ្ឋ»៕