គំនរសំរាមនៅចំណតរថយន្តក្រុងប៉ោយប៉ែតស្អុយរលួយ តែអាជ្ញាធរមិនអើពើ៖…

49

បន្ទាយមានជ័យ៖ គំនរសំរាមយ៉ាងច្រើនសន្ទឹកសន្ទាប់នៅចំណុចស្ថាននីយ៍រងចាំភ្ញៀវទេសចរណ៍ក្រុងប៉ោយប៉ែតបានស្អុយរលួយជិត១ខែ ជះក្លិនអសោចប៉ះពាល់ដល់សុខភាព និងបរិស្ថាន ប៉ុន្តែអាជ្ញាធរមិនអើពើ រីឯក្រុមហ៊ុនប្រមូលសំរាមថា គ្មានអ្នកបង់ប្រាក់ថ្លៃសេវា ទើបមិនទៅប្រមូលយកចេញ រហូតមកទល់នឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ បានរិះគន់ដល់អាជ្ញាធរដែលបណ្តែតបណ្តោយឲ្យមានគំនរសំរាមស្អុយរលួយក្អិនអសោចជិតមួយខែមកហើយ សូម្បីតែធ្វើដំណើរក្បែរទីនោះក៏ជះក្លិនមិនល្អបង្កឲ្យប៉ះពាល់បរិស្ថាន និងសុខភាពរស់នៅប្រចាំថ្ងៃ ធ្វើឲ្យពលរដ្ឋរស់នៅជុំវិញ និងអ្នកធ្វើដំណើរឆ្លងកាត់ត្រូវហិតក្លិនស្អុយជារៀងថ្ងៃយប់ផងដែរ។

ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា កាលពីអាជ្ញាធរបើកវេទិកាសាធារណៈនាពេលកន្លងមក បញ្ហាប្រឈមពាក់ព័ន្ធអនាម័យបរិស្ថាន ទាំងសំរាមអនាធិបតេយ្យ និងសំរាមនៅតាមមុខផ្ទះដែលក្រុមហ៊ុនប្រមូលយឺតយ៉ាវ អាជ្ញាធរបានលើកជាដំណោះស្រាយថា បើក្រុមហ៊ុនស៊ីនទ្រី នៅតែបណ្តែតបណ្តោយប្រមូលសំរាមយឺតយ៉ាវ និងសំរាមអនាធិបតេយ្យច្រើន អាជ្ញាធរក្រុងប៉ោយប៉ែត នឹងធ្វើការបែកចែកតំបន់ ដាក់ក្រុមហ៊ុនថ្មីបន្ថែមមួយទៀតដើម្បីឲ្យការប្រមូលសំរាមនេះបានទាន់ពេលវេលា និងកុំឲ្យបញ្ហាសំរាមនេះត្រូវបានប្រជាពលរដ្ឋលើកជាបញ្ហាប្រឈមដដែលៗកើតមានឡើងរាប់ឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អោម កុសល់ មន្ត្រីសាលាក្រុងប៉ោយប៉ែតថ្លែងថា សំរាមដែលចោលជាគំនរនៅចំណតរថយន្តភ្ញៀវទេសចរណ៍ក្រុងប៉ោយប៉ែតនេះមានរយៈពេលជិត១ខែហើយ ក្រោយទទួលព័ត៌មានបានប្រាប់ទៅក្រុមហ៊ុនអនាម័យក្រុងប៉ោយប៉ែតបានឆ្លើយតបថាមូលហេតុដែលមិនបានយកសំរាមនៅចំណតរថយន្តភ្ញៀវនេះគឺបណ្តាលមកពីក្រុមហ៊ុនចំណតមិនបានបង់លុយអោយហើយក៏មិនបានប្រាប់អោយទៅយកដែរទើបសំរាមទុកចោលគំគរដែលមានក្លិនស្អុយ និងប៉ៈពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋ៕