ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងចំណាយជាង ១.៦ ពាន់លានដុល្លារ នឹងសាងសង់នៅឆ្នាំ២០២៣

61

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត ដើម្បីឈានរកការបញ្ចប់ការចចារសម្បទាន ដែលមានតម្លៃ ១.៦ ពាន់លានដុល្លារ អាមេរិក គ្រោងដំណើរការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

លោក Chen Fenjian ប្រធានក្រុមហ៊ុន CCCC នៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃទីថ្ងៃទី១០ វិច្ឆិកា ២០២២ បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយគាំទ្រក្រុមហ៊ុនរហូតមក និងឈានដល់ចុះហត្ថលេខា សម្រាប់ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត ដែលជាគម្រោងតភ្ជាប់កដ៏ធំពីភ្នំពេញទៅកាន់ព្រំដែនវៀតណាម និងតភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿនរបស់វៀតណាមឆ្ពោះទៅកាន់ទីក្រុងហូជីមីញ ។

លោកបន្តថា គម្រោងផ្លូវល្បឿនលឿនខាងលើនេះ គឺជាផ្នែកមួយនៃផ្លូវល្បឿនលឿនរបស់អាស៊ាន នឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅក្នុងខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាពិសេសក៏នឹងជួយលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម កម្ពុជា និងវៀតណាម តាមរយៈការលំហូរចរាចរណ៍ និងទំនិញឆ្លងកាត់ប្រទេសទាំងពីរ ។


បើតាម លោក Chen ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានបញ្ចប់យ៉ាងជោគជ័យលើគម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ ក្រុងព្រះសីហនុ តាមរយៈទទួលបានការគាំទ្រពីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ផ្លូវនេះ បានបើកដំណើការ ឱ្យប្រជាពលរដ្ឋធ្វើដំណើរកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ។ ផ្លូវនេះ ក៏ត្រូវបានសម្ពោធន៍ដាក់ឱ្យដំណើការក្រោមអធិតីភាពលោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា-ចិនផងដែរ ។

លោកបន្ថែមថា ការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ បានបញ្ចប់មុនផែនការ ព្រមទាំងដំណើការក៏ប្រព្រឹត្តិដោយរលូន និងមានប្រសិទ្ធិភាពខ្ពស់ និងបន្តឈានទៅការសាងសង់ផ្លូវល្បឿនលឿនទី ២ របស់កម្ពុជា ភ្នំពេញបាវិត តាមរយៈការកិច្ចព្រមព្រៀងនៅពេលនេះ ។
លោកថ្លែងថា៖«យើងសង្ឃឹមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត នឹងបញ្ចប់ទៅតាមការគ្រោងទុក និងបន្តចុះកិច្ចព្រមព្រៀងផ្សេងទៀត នៅពេលខាងមុខ ដើម្បីដំណើការសាងសង់ឱ្យមានភាពរលូន និង ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពនៃប្រទេសទាំងពីរ» ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា កម្ពុជាបានខិតខំប្រឹងប្រែងរហូតឈានដល់ក្ការចុះហត្ថលេខានៅពេលនេះ លើគម្រោងផ្លូវល្បឿនភ្លំពេញបាវិតនេះ ហើយផ្លូវនេះ តភ្ជាប់ពីប្រទេសចិន មកប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងវៀតណាម ដែលនឹងក្លាយទៅជាផ្លូវអាស៊ានទី ១ នៅក្នុងតំបន់ ដែលនឹងផ្តល់នូវសារៈសំខាន់ក្នុងតភ្ជាប់វិនិយោគ និងពាណិជ្ជកម្ម ។
បើតាម លោក ស៊ុន ចាន់ថុល តាមការគ្រោងទុក ការចចារសម្បទាន នឹងបញ្ចប់នៅឆ្នាំ ២០២៣ ក្នុងពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ។ ផ្លូវល្បឿនលឿនទី ២ នេះ មានប្រវែង ១៣៨ គីឡូម៉ែត្រដោយមានស្ពាន ឆ្លងទន្លេគង្គដ៏វែងមួយ។ ចំណែកថវិកាសម្រាប់គ្រោងទុកក្នុងការចំណាយសាងសង់មានចំនួន ១.៦ ពាន់លានដុល្លារ អាមេរិក។

សូមបញ្ជាក់ជូនដែរថា ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ដើម្បីអាចធ្វើការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន(ភ្នំពេញ-បាវិត)របស់កម្ពុជា ហើយជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មានជាក់លាក់ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។

ភាគីវៀតណាមក៏បានបញ្ជាក់ផងដែរថា ការសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនរបស់វៀតណាម(ម៉ុកបៃ-ហូជីមិញ) បានបញ្ចប់រួចរាល់ ហើយគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោងអនុវត្តគម្រោងល្បឿនលឿន (ភ្នំពេញ-បាវិត) នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕