អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តតួនាទីភារកិច្ច ក្នុងការចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ

58

ភ្នំពេញ ៖ ដើម្បីធានាដល់ការងារគ្រប់គ្រង់ការស្នាក់នៅ និងការផ្ដល់ឯកសារសម្គាល់ការស្នាក់នៅជូនប្រជាពលរដ្ឋ ពិសេសការចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) និងចេញលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន (ក៩) សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត រំលឹកដាស់តឿនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារចុះបញ្ជីស្នាក់នៅជូនប្រជាពលរដ្ឋ ។
យោងតាមលិខិតមួយចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ផ្ញើជូនលោកស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត បានណែន ដូចខាងក្រោម៖

ទី១-យកចិត្តទុកដាក់ពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងត្រឹមត្រូវស្របតាមបែបបទនីតិវិធី ស្ដីពីការចុះបញ្ជីស្នាក់នៅដែលបានកំណត់។

ទី២-យកចិត្តទុកដាក់ចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) ជូនប្រជាពលរដ្ឋដែលមកស្នើសុំស្នាក់នៅបណ្ដោះអាសន្នក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវរួសរាន់ចេញលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន (ក៩) ជូនពួកគាត់ឱ្យស្របតាមបែបបទនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដែលមានចែងក្នុងប្រកាសលេខ ១០២៤៥ និងប្រកាសលេខ ៤០៧៩ ដែលបានកំណត់។

ទី៣-ត្រូវរក្សា និងទុកដាក់បញ្ជីស្នាក់នៅគ្រប់ប្រភេទ និងឯកសារនានាដែលបម្រើឱ្យការចុះបញ្ជីស្នាក់នៅទាំងអស់ ឱ្យបានល្អសម្រាប់ជាមូលដ្ឋានបម្រើដល់ការងារជំនាញ។

និងទី៤-សហការជាមួយជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរឃុំ សង្កាត់ សម្របសម្រួល និងណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍ (ក១) ឬចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) គ្រប់ៗគ្នា ដើម្បីទទួលបានឯកសារសម្គាល់ការស្នាក់នៅ (សៀវភៅស្នាក់នៅ «ក២» ឬលិខិតអនុញ្ញាតស្នាក់នៅបណ្តោះអាសន្ន «ក៩») សម្រាប់យកទៅប្រើប្រាស់ជាផលប្រយោជន៍ ឬក្នុងការអនុវត្តនូវសិទ្ធិនានា ស្របតាមគោលការណ៍ច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ដែលបានកំណត់៕