១០ ខែឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនប្រមាណ ៣,៥ពាន់លានដុល្លារ

31

ភ្នំពេញ៖ ផ្អែកតាមទិន្នន័យគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក។នេះ បើតាមលោក សុខ ចិន្តាសោភាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកសុខ ចិន្តាសោភាសោភា ថ្លែងក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំងនោះវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេប្រមាណ ៤១,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ដែលគម្រោងវិនិយោគមានការកើនឡើង ១៥គម្រោង ហើយទុនវិនិយោគកើនឡើងប្រមាណ ១, ៣%។

លោក ង្វៀន ជីយុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាមថ្លែងថា កម្ពុជាគឺជាប្រទេសមួយដែលវៀតណាមបានបោះទុនវិនិយោគធំបំផុត។ គម្រោងវិនិយោគនៅកម្ពុជាមានចំនួន ២០០គម្រោង ដែលមានទុនវិនិយោគចំនួន ២.៩លានដុល្លារអាមេរិក ចំណែកគម្រោងវិនិយោគរបស់កម្ពុជានៅវៀតណាមមានចំនួន ២៨គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៧៨ លានដុល្លារអាមេរិក។ វិស័យដែលវៀតណាមផ្ដោតលើការវិនិយោគមានដូចជា វិស័យទេសចរណ៍ សុខាភិបាល និងផ្សេងៗទៀត។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងថា ក្នុងឆ្នាំ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានប្រមាណ ៣ ៦៦៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១% បើធៀបនឹងឆ្នាំ២០២០។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២១ ការនាំចេញពីកម្ពុជាទៅវៀតណាមនៅមានទំហំទឹកប្រាក់សរុបត្រឹមតែ ៥០៧ លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើធៀបនឹងការនាំចូលពីវៀតណាមមកកម្ពុជា មានចំនួនប្រមាណ ៣ ១៥៩ លានដុល្លារអាមេរិក។

បើគិតត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង ២ ៨១៦ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង ៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងនោះដែរ ទំនិញសំខាន់ៗរបស់កម្ពុជានាំចេញទៅវៀតណាម មានដូចជា កៅស៊ូធម្មជាតិ សំលៀកបំពាក់ សម្ភារៈអេឡិចត្រូនិក និងគ្រឿងបន្លាស់ ផ្លែឈើនិងគ្រាប់ធញ្ញជាតិ ស្បែកជើង នាឡិកា ថ្នាំជក់ឆៅ ម៉ូទ័រអគ្គីសនី កាហ្វេ និងតែ ជាដើម។
ទន្នឹមនឹងនេះ ឯកឧត្តម ង្វៀន ហុងស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម មានប្រសាសណ៍ថា នៅក្នុងឆ្នាំ ២០២១ នេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងដល់ ៨.៤៥ពាន់លានដុល្លារអាមេរិក។

រដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសវៀតណាម និងកម្ពុជា ការអភិវឌ្ឍលើវិស័យហិរញ្ញវត្ថុនិងធនាគារ ការត្រួតពិនិត្យមុខទំនិញនៅតាមច្រកព្រំដែន និងការបង្កើនការសហការគ្នារវាងស្ថាប័ននានានៅក្នុងវិស័យគ្រប់សព្វបែបយ៉ាងដើម្បីជៀសវាងការក្លែងបន្លំផលិតផល។


បន្ថែមពីនេះ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានប្រសាសន៍ថា កម្ពុជាជាប្រទេសជាប់លំដាប់ថ្នាក់ទី២ក្នុងចំណោម ៧៨ប្រទេស ដែលវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពាណិជ្ជករ និងវិនិយោគិនវៀតណាមដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា ត្រូវតែគោរពអនុវត្តច្បាប់ប្រទេសទាំងពីរឱ្យបានម៉ឺងម៉ាត់។ រចនាសម្ព័ន្ធដឹកជញ្ជូននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ នៅមានកម្រិត ដែលជាឧបសគ្គក្នុងការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងវិស័យពាណិជ្ជកម្ម យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ឃើញថាទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម គិតចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានកំណើនប្រមាណជាង ៣៤%។
សម្តេចតថ្លែងបន្តថា ក្នុងវិស័យវិនិយោគ តាមការរាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឃើញថាការវិនិយោគឯកជន គិតពីខែមករាដល់ខែតុលា ឆ្នាំ២០២២ ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំកន្លងទៅ មានការកើនឡើងប្រមាណ ១,៣%។

សម្តេចតេជោថ្លែងថា៖ «ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាម មកបណ្តាក់ទុនធ្វើប្រតិបត្តិការ អាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជា កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាល ធុនស្រាល ជាដើម»។

រដ្ឋាភិបាលប្រទេសទាំងពីរ បាននិងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះហត្ថលេខាបន្ថែមទៀត លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនចំនួន កូតាប្រភេទ និងបរិមាណនៃយានយន្តពាណិជ្ជកម្ម។ លើសពីនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដែលនឹងចាប់ផ្តើមការ សាងសង់នាពេលឆាប់ៗខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញជាមួយ ប្រទេសវៀតណាម កាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ ព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើ ផ្លូវជាតិលេខ១ ដែលជាផ្លូវចម្បងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត៕