ឃាត់ខ្លួនបុរសជិះឡានទំនើងទាញកាំភ្លើងបាញ់មេឃ ផ្អើលប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ:…

18

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនបុរសជិះឡាន ដ៏ទំនើងទាញកាំភ្លើងបាញ់មេឃ នៅចំណុចផ្លូវលំ ស្របផ្លូវរថភ្លើងក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលត្រូវគេស្គាល់ឈ្មោះបុរសនេះថា ទាក់ ឌី ភេទប្រុសអាយុ៣០ឆ្នាំ អ្នកលក់អចលនទ្រព្យ មានទីលំនៅបុរីឈូកវ៉ា២ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។

ការឃាត់ខ្លួន បុរសខាងលើនេះ ធ្វើឡើង បន្ទាប់ពីបុរសរូបនោះដកអាវុធខ្លី បាញ់ផ្ជុចដីប្រឡោះជើង ចំនួន២គ្រាប់ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បណ្តាលឱ្យបុរសម្នាក់ ឈ្មោះ ហយ ហេន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅកន្លែងកើតហេតុ ទទួលរងរបួសជើង និងផ្អើលអស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ចំណែកជនបង្កដែលជិះរថយន្តមួយគ្រឿងម៉ាកJeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-004 ក្រោយកើតហេតុ បានបើកគេចខ្លួនទៅបាត់ ។

បើតាមប្រជាពលរដ្ឋ បុរសដែលជាជនបង្កខាងលើបានចេញចូល ផឹកស៊ីនៅផ្ទះមួយកន្លែង ក្បែរនោះ ហើយពេលដែលស្រវឹងម្តងៗ តែងតែកាន់កាំភ្លើង ច្រងែងច្រងាងស្រែកឡូឡា គំរាមពលរដ្ឋក្នុងភូមិ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ។ កន្លងមក ជនបង្កធ្លាប់ផ្ទុះអាវុធ នៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ធី លីហ្សាអាយុ១៨ឆ្នាំ ជាសង្សារ ស្លាប់ក្នុងរថយន្ត កាលពីវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ហើយបើករថយន្តចូលទៅសារភាពនៅអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនមិនបានប៉ុន្មានផង ឃើញនៅក្រៅឃុំ ដើរផឹកស៊ីអុកឡុក បង្កបញ្ហាតាមភូមិដដែល ។

ពលរដ្ឋបន្តទៀតថា មុនកើតហេតុ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គេឃើញជនសង្ស័យផឹកស៊ី នៅផ្ទះមួយកន្លែងក្បែរនោះ លុះដល់វេលាម៉ោងខាងលើ ស្រវឹងបើករថយន្តដូចហោះ ជ្រុលកៀរជនរងគ្រោះ កំពុងឈរមុខផ្ទះ បណ្តាលឲ្យរបួសជើង ហើយរថយន្តបើកទៅបាត់មួយសន្ទុះក្រោយមក បើកវិលត្រឡប់មកកន្លែងផឹកស៊ីវិញ ជនរងគ្រោះនិង អ្នកភូមិច្រើននាក់ទៀតនាំគ្នាផ្អើលឆោឡោ ឃាត់រថយន្ត បំណងសាកសួរ ស្រាប់តែជនសង្ស័យដកអាវុធខ្លី បាញ់២គ្រាប់ផ្ទួនៗផ្ជុចដី ប្រឡោះជើងជនរងគ្រោះ ធ្វើឲ្យភិតភ័យ ព្រលឹងចុងសក់ លោតជើង២ជើង៣ តែមិនត្រូវនោះទេ រួចជនសង្ស័យបើករថយន្តគេចទៅបាត់ ។

ក្រោយកើតហេតុ អ្នកភូមិផ្អើលឆោឡោ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ ចុះទៅដល់ទីតាំងកើតហេតុ ហើយកម្លាំងអាវុធហត្ថហៅម្ចាស់ផ្ទះម្នាក់ដែលជនសង្ស័យផឹកស៊ីជាមួយនោះទៅសាកសួរនៅការិយាល័យជំនាញ និងបន្តស្រាវជ្រាវ ស្វែងរកជនបង្ក ។

ក្រោយពីហៅអ្នកផឹកស៊ីនៅផ្ទះជាមួយរួចមក រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល កម្លាំងព្រហម្មទណ្ឌខណ្ឌពោធិសែនជ័យ ស្រាវជ្រាវទៅតាមចាប់ខ្លួនជនបង្កឈ្មោះ ទាក់ ឌី ដល់ផ្ទះ ដកហូតវត្ថុតាង អាវុធខ្លី រថយន្តម៉ាកJeep នៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមទាំងឃាត់បក្ខពួកម្នាក់ទៀត ឈ្មោះ កើតសម្ភស្ស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីយោធា អគ្គបញ្ជូនសារ មានទីលំនៅ កន្លែងកើតហេតុ រួចនាំទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕