នគរបាលខេត្តបន្ទាយមានជ័យកោះហៅ ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ឱ្យចូលបំភ្លឺ ក្រោយផ្សព្វផ្សាយព័ត៌មានថា “ពលរដ្ឋចោទប្រកាន់ មន្ត្រីសាខាពន្ធដាខេត្ត ធ្វើឲ្យមានភាពស្មុគស្មាញលើឯកសារបង់ពន្ធ

112

បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកោះហៅ លោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រោយពីលោកបានផ្សព្វផ្សាយព័ត៌មានជាវីឌីអូឃ្លីបមានចំណងជើងថា “ពលរដ្ឋចោទប្រកាន់ មន្ត្រីសាខាពន្ធដាខេត្ត ធ្វើឲ្យមានភាពស្មុគស្មាញលើឯកសារបង់ពន្ធ ដើម្បីជំរិតរកផលប្រយោជន៍”កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។

យោងតាមលិខិតកោះហៅ លេខ ២២១ របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានសរសេរថា យើង មន្ត្រីនគរបាលយុត្តិធម៌ កោះហៅ ឈ្មោះ អ៊ុង ថាប់បារំាង ភេទប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិ សាមគ្គីមានជ័យ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានមុខរបរជាអ្នកសារព័ត៌មាន ឱ្យចូលមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក ដើម្បីចូលមកបំភ្លឺពាក់ព័ន្ធបណ្តឹងរបស់ ឈ្មោះ សឿង សីហា។

ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន (លោកអ៊ុង ថាប់រាំង)

លិខិតកោះហៅមិនបានបញ្ជាក់ពីបទចោទទេ តែលោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានសរសេរនៅលើគេហទំព័រព័ត៌មានបស់ខ្លួនថា បណ្តឹងនេះគឺអាចជាប់ពាក់ព័ន្ធករណីលោកបានផ្សព្វផ្សាយព័ត៌មានជាវីឌីអូឃ្លីបមានចំណងជើងថា “ពលរដ្ឋចោទប្រកាន់ មន្ត្រីសាខាពន្ធដាខេត្ត ធ្វើឲ្យមានភាពស្មុគស្មាញលើឯកសារបង់ពន្ធ ដើម្បីជំរិតរកផលប្រយោជន៍”កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ។

ក្នុងវីឌីអូខ្លីបដែលមានរយៈពេល ១០នាទី និង៥៦ វិនាទី បានលើកឡើងមានខ្លឹមសារថា លោកលី គឹមហាក់ និងពលរដ្ឋមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ អះអាងថា មន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យ តែងតែប្រើបច្ចេកទេសចាប់កំហុសលើឯកសារបង់ពន្ធជូនរដ្ឋ ថាខុសបែបនេះបែបនោះមិនចេះអស់មិនចេះហើយ ធ្វើឲ្យដំណើការបង់ពន្ធប្រថាប់ត្រាយឺតយូរ និងបង្កស្មុគស្មាញគ្រប់បែបយ៉ាង។
ក្នុងគោលដៅជំរុញឲ្យពលរដ្ឋដែលទៅរកសេវាបង់ពន្ធដោយខ្លួនឯង ត្រូវរត់រកឈ្មួញកណ្តាល ឬរកខ្សែបណ្តាញ ដើម្បីងាយស្រួលក្នុងការបង់ពន្ធ។

លោក លី គឹមហាក់ថ្លែងក្នុងសំឡេងដើមថា “ខ្ញុំទៅបង់ខ្វះឯកសារនេះឯកសារនោះរៀបមិនត្រូវ ដល់ពេលមិនត្រូវខ្ញុំព្យាយាមសួរគាត់ថា ឯកសារហ្នឹងខ្វះអ្វីគេ? បើសូរិយោដីចេញឲ្យហើយនៅខ្វះចុះថ្ងៃទី ខ្វះនេះខ្វះនោះ។ បញ្ចាក់នេះបញ្ជាក់នោះដល់ពេលបញ្ជាក់យូរខែគាត់ថាហួសសុពលភាព គេឲ្យយើងធ្វើថ្មីទៀត”។

បើតាម លោក គឹមហាក់ លោកត្រូវចំណាយពេលរយៈពេលជិត៣ខែដើម្បីទទួលបានការបង់ពន្ធប្រថាប់ត្រា ដែលប្រការនេះធ្វើឲ្យលោកទទួលផលលំបាក ខុសពីការបង់ពន្ធតាមខ្សែបណ្តោយរត់ការតាមរយៈលោក សឿង សីហា ជាមន្ត្រីនៅក្នុងសាខាពន្ធដាខេត្តបន្ទាយមានជ័យ។
មានបទពិសោធន៍ បង់ប្រាក់ពន្ធនៅពន្ធដាខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ លោក គឹមហាក់ លើកឡើងថា បើចង់ឲ្យឯកសារបង់ពន្ធមិនខុសច្រើន និងរត់បានលឿន គឺពលរដ្ឋត្រូវប្រើសេវាក្រោមតុជាជម្រើស។

តាមលោកគឹមហាក់ មន្ត្រីពន្ធដាខេត្តបន្ទាយមានជ័យមិនត្រឹមតែមិនបង្កើតឲ្យមានភាពស្មុគស្មាញនៃឯកសារបង់ពន្ធនៃអចលនវត្ថុនោះទេ តែមានមន្ត្រីជាប្រព័ន្ធរៀបស៊ីក្បាលកាក់លើតម្លៃបង់ពន្ធកំណត់ដោយរដ្ឋផងដែរ។ សំឡេងលោកលី គឹមហាក់ “ពីមុនក៏គុណតម្លៃខុសដែរ មុនគុណតម្លៃដីមួយការេ៣០០… តែក្នុងតារាងពន្ធដារមួយការ៉េត្រឹមតែ៨០ទេ…”។

ដោយគ្មានតម្លាភាព និងមិនអាចទទួលយកលក្ខ័ណ្ឌដែលគ្រាន់តែបង់ពន្ធជូនរដ្ឋ ត្រូវឆ្លងកាត់ដំណើការស៊ី និងស៊ូកជាទំរង់នៃការប្រព្រឹត្តិអំពើពុករលួយ និងបក្សពួកនិយមនៅក្នុងជួរមន្ត្រីពន្ធដាខេត្តបន្តាយមានជ័យ ទើបលោកគឹមហាក់ និងពលរដ្ឋខេត្តបន្ទាយមានជ័យជាច្រើនផ្សេងទៀតសម្រេចចិត្តរត់ទៅបង់ពន្ធនៅឯរាជធានីភ្នំពេញជំនួសវិញ។

តាមប្រភពពីប្រជាពលរដ្ឋដែលប្រកបមុខរបរ បើកក្រុមហ៊ុនពុះដីឡូតិ៍ ធ្វើផ្ទះល្វែងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ បានរិះគន់ថាមន្រ្តីជំនាញសាខាពន្ធដារខេត្តបន្ទាយមានជ័យ បានចេញឯកសារយឺតយ៉ាវ ឲ្យប្រជាពលរដ្ឋដើម្បីទុកគៀបស៊ីលុយពីអ្នកដែលចង់បានលឿន ដោយត្រូវបង់លុយក្រោមតុជាច្រើន មានដូចជាឯកសារកាត់ប្លង់ដី ផ្ទេរកម្មសិទ្ធិដីធ្លី តាមរយ:ការទិញ លក់ដែលត្រូវឆ្លងកាត់ការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត ដោយមានលោកសឿង សីហាជាអ្នកវាយតម្លៃ ។

ពលរដ្ឋអះអាងស្រដៀងគ្នាថា លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធជាអ្នករកផលប្រយោជន៍ ដោយការប្រមូលពន្ធ និងការបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យ និងការវាយតម្លៃទៅលើពន្ធប្រថាប់ត្រាជាដើម គឺអាស្រ័យទៅលើបបូរមាត់របស់លោកសឿង សីហាតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយការចោទប្រកាន់នេះ លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានខ្មែរជាយដែនថា ពុំមានភាពមិនប្រក្រតីណាមួយកើតឡើងដូចការលើកឡើងនេះទេ ប្រសិនបើរកឃើញខុសភាពប្រក្រតីដូចការចោទប្រកាន់មែនលោកជំរុញឲ្យពលរដ្ឋដាក់ពាក្យប្តឹងជាផ្លូវការ។

លិខិតកោះហៅ

ដោយឡែក នៅពេលសារព័ត៌មានខ្មែរជាយដែន ហៅទូរស័ព្ទសុំការបញ្ជាក់បន្ថែមលើការចោទប្រកាន់នេះ លោកព្រឹម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យអះអាងថា លោកមិនមែនជាព្រឹម សាលីនោះទេ។ សំឡេងលោកព្រឹម សាលី “ខ្ញុំអត់មាននៅខាងហ្នឹងផង ច្រលំលេខហើយ”។

បើទោះជាមានការចោទប្រកាន់ និងការស្រាយបំភ្លឺបែបនេះក្តី ក៏លោកលី គឹមហាក់ និងប្រជាពលរដ្ឋមួយចំនួនទៀត បានស្នើដោយទទួចឲ្យរដ្ឋាភិបាលជួយសម្រួលដល់ការបង់ពន្ធ នៅខេត្តបន្ទាយមានជ័យ ជាជាងឲ្យពលរដ្ឋចាប់ផ្តើមផ្អើលនាំគ្នារត់ទៅរាជធានីភ្នំពេញច្រើនឡើងៗ។

លោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនថ្លែងថា ក្រោយលោកមានការផ្សព្វផ្សាយមានពលរដ្ឋខេត្តបន្ទាយមានជ័យជាច្រើនបានបញ្ចេញមតិយោបល់ រៀបរាប់បទពិសោធន៍ជាផលលំបាកកំឡុងចូលទៅបង់ពន្ធ ហើយពលរដ្ឋនិងមន្ត្រីខ្លះបានផ្តល់ឯកសារបង់លុយពន្ធ ចូលមកគណនីផ្ទាល់ខ្លួនរបស់មន្ត្រីនៅទីនោះផងដែរ។ ដោយមានប្រភពច្បាស់លាស់ និងឯកសារច្បាស់ការ លោកបានដកស្រង់សម្រង់សំដីមកចុះផ្សាយចំនួន៣លេខបន្ថែមទៀត ចាប់ពីខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា។
លោកបន្តថា ការប្តឹងរូបលោកមកនគរបាលព្រហ្មទណ្ឌដោយមិនស្នើសុំការបកស្រាយ ឬស្នើកែតម្រូវក្នុងនាមជាមន្ត្រីផ្តល់សេវាសាធារណៈនេះ ជាការបំពានសេរីភាពអ្នកសារព័ត៌មាន និងមិនអនុវត្តតាមស្មារតីច្បាប់ស្តីពីរបបសារព័ត៌មាន។ លោកស្នើសុំឲ្យលោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យ ផ្ទៀងផ្ទាត់ក្តីកង្វល់របស់ប្រជាពលរដ្ឋឡើងវិញមុននឹង មានចំណាត់ការផ្លូវច្បាប់លើប្រព័ន្ធផ្សព្វផ្សាយ៕