មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានព្រមានតាមផ្លូវច្បាប់ចំពោះបុគ្គលណាយកឈ្មោះ ឬសម្លេង ប្រើប្រាស់ក្នុងគំនិតទុច្ចរិត

27

ភ្នំពេញ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានព្រមានធ្ងន់ៗនៅលើបណ្តាញសង្គមរបស់ខ្លួន ចំពោះបុគ្គលណាដែលហ៊ាន យកឈ្មោះ និងសម្លេងរបស់ ឯកឧត្តម ទៅប្រើប្រាស់ក្នុងន័យទុច្ចរិត នឹងទទួលរងនូវការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ឯកឧត្តម បានសរសេរនៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួននៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ ក្នុងន័យដើមថា «សូមជម្រាបជូន កូនក្មួយ បងប្អូន ពុកម៉ែ និង លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ នាព្រឹកថ្ងៃនេះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២២ ខ្ញុំទទួលបានដំណឹងព័ត៌មានមិនត្រឹមត្រូវថាមកលើរូបខ្ញុំជាអ្នកនៅពីក្រោយខ្នងនៃជនមួយចំនួនតូច ខ្ញុំសូមបដិសេធថា ខ្លួនខ្ញុំពុំមានការពាក់ព័ន្ធអ្វីឡើយជាមួយជនមួយចំនួនតូច នោះ ឬក្រុមណាទេ»។

ឯកឧត្តមសរសេរបន្តថា ខ្ញុំសូមទទូចអោយឈប់ធ្វើទង្វើមិនត្រឹមត្រូវ ឬយកឈ្មោះខ្ញុំទៅប្រើប្រាស់ក្នុងគំនិតទុច្ចរិតតទៅទៀត ហើយក្នុងនាមរូបខ្ញុំ ផ្ទាល់ និងក្នុងនាមជាថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានមួយរូប នៅតែបន្តសូមកោតសរសើរជូនចំពោះអ្នកសារព័ត៌មានមានវិជ្ជាជីវៈ និង គាំទ្របន្តក្រមសីលធម៌ សូមបន្តអោយអនុវត្តច្បាប់របបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធដទៃទៀត និងសូមបន្តធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងប្រកបដោយក្រមសីលធម៌ និងជាព្រាបនាំសារនូវព័ត៌មានពីប្រជាជនថ្នាក់ក្រោមជាតិមកដល់ថ្នាក់ជាតិ ។

ក្នុងន័យនេះ ឯកឧត្តម បានស្នើ សូម មបញ្ឈប់ជាបន្ទាន់ជនមួយចំនួនតូចក្នុងការប្រើប្រាស់ឈ្មោះ ឬសម្លេងរបស់ ឯកឧត្តម ក្នុងគំនិតទុច្ចរិត បើពុំនោះទេឯកឧត្តម នឹងចាត់វិធានការតាមច្បាប់ជាធរមាន។

ពាក់ព័ន្ធនឹងបញ្ហានេះបញ្ជាក់បន្ថែមដល់អង្គភាពសារព័ត៌មានយើង ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មានបានអោយដឹងថា «លោកបានកំពុងឲ្យជំនាញតាមស្រាវជ្រាវរកការពិតជូនលោកហើយ សូមអរគុណដែលចាប់អារម្មណ៍កិច្ចការនេះ»

អង្គភាព«ខ្មែរខូវឺធីវី» យើងខ្ញុំ សូមគាំទ្រចំពោះវិធានការច្បាប់ទៅលើបុគ្គល ឬអ្នកដែលហ៊ាន យកឈ្មោះថ្នាក់ដឹកនាំក្រសួងព័ត៌មានរូបនេះ ទៅប្រើប្រាស់ក្នុងន័យទុច្ចរិត និង មិនមានការអនុញ្ញាត និងមិនតាមស្របតាមច្បាប់៕