ប្រហែលគ្រោះច្រើនជាងលាភ ករណីចាក់ដីរំលោភចូលមាត់ព្រែកអណ្តូងទឹក របស់ឪក្មេកនាយករដ្ឋបាលស្រុកបូទុមសាគរ រដ្ឋបាលខេត្តឱ្យធ្វើ របាយការណ៍លម្អិត ដើម្បីចាត់វិធានការច្បាប់ !

71

កោះកុង៖ ក្រោយមានការចុះផ្សាយព័ត៌មានអំពីការចាក់ដីរំលោភចូលមាត់ព្រែក និងកាប់បំផ្លាញដើមកោងកាងអស់ជាច្រើនតាមមាត់ព្រែកអណ្តូងទឹក របស់ ឪក្មេក លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរស្ថិតក្នុងស្រុកបូទុមសាគរ ខែត្រកោះកុងរួចមក លោក ក្រូច បូរីសីហាអភិបាលស្រុកបូទុមសាគរឡើងថ្មីបានយកគ្រឿងចក្រកាយដីចេញពីចំណីព្រែក និងកំពុងធ្វើរបាយការណ៍លម្អិតជូនខែត្រដើម្បីចាក់វិធានការច្បាប់។

នាយករដ្ឋបាលស្រុកបូទុមសាគរ

តាមការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុកបូទុមសាគរ បាន ឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២២ លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរបានចាត់លោក សយ សុផល នាយករងរដ្ឋបាលស្រុក លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍បានចុះពិនិត្យទីតាំងចាក់បំពេញអាចម៍ដីលើសពីលិខិតអនុញ្ញាតរបស់រដ្ឋបាលស្រុក និងយកគ្រឿងចក្រកាយដីចេញពីចំណីព្រែក ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ គេមិនទាន់មានឃើញចំណាត់ការតាមផ្លូវច្បាប់ណាមួយទៅលើ ឪក្មេក របស់ លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរនៅឡើយទេ តែយ៉ាងណា បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី ថ្លែងថា លោកកំពុងតែ ឱ្យរដ្ឋបាលស្រុកបូទុមសាគរធ្វើរបាយការណ៍លម្អិតអំពីករណីខាងលើ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

នាយករដ្ឋបាលស្រុកបូទុមសាគរ

លោក សុខ សុទ្ធី ដដែលបានប្រាប់អង្គភាពយើងខ្ញុំថា ករណីខាងលើនេះ ត្រូវពិនិត្យទៅលើអង្គហេតុ មុននឹងមានវិធានការតាមផ្លូវច្បាប់ ព្រោះរឿង ឪក្មេក និង លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរ គឺជារឿង ២ ដាច់ដោយឡែកពីគ្នា ។

យោងតាមអនុក្រិតលេខ ៩៨ អ.ន.ក្រ.ប.ក ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ ទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ គឺ តម្រូវឱ្យមានការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាង ទន្លេឲ្យមានប្រសិទ្ធភាព និងនិរន្តរភាពដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង មិនអាចចាក់ដីលើចំណីមាត់ច្រាំង និងឆ្នេរ នៃតំបន់អាងទន្លេបាននោះទេ គឺ ត្រូវកំណត់ចំងាយ ២០ម៉ែត្រគិតពីមាត់ច្រាំងព្រែក។

ទោះជាយ៉ាងនេះក្តី មហាជន នៅតែបន្តរងចាំមើល លើវិធានការច្បាប់របស់រដ្ឋបាលខេត្តកោះកុង ទៅលើ ឪក្មេក របស់ លោក ខេង គង់នាយករដ្ឋបាលស្រុកបូទុមសាគរនេះ ដើម្បីកុំឲ្យអ្នកផ្សេងទៀត ប្រើប្រាស់អំណាច ឬអាងលើបុគ្គលមានអំណាចចាក់ដីរំលោភដីមាត់ព្រែកមាត់សមុទ្រ និង ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបន្តទៀត ៕

នាយករដ្ឋបាលស្រុកបូទុមសាគរ