សាលារៀន ស្ដាតអូរឡាំពិក រោងភាពយន្ត សារមន្ទីរ នឹងត្រូវបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះតទៅ

41

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាថ្ងៃដែលសាលារៀន ស្តាតអូរឡាំពិក រោងភាពយន្ដ និងសារមន្ទីរ ត្រូវបានអនុញ្ញាតិឱ្យបើកដំណើរការឡើងវិញ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍ ០៣វិច្ឆិកា ត្រូវបានបញ្ចប់ ។ នេះបើយោងតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន​ សែន ផ្ញើទៅកាន់អាជ្ញាធររាជធានី-ខេត្ត កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

តាមរយៈសារសំឡេងពិសេស កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍គឺអនុញ្ញាតឱ្យបងប្អូនរៀបការទៅ ។ ជាទម្លាប់​ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះ រហូតដល់ចូលវស្សា ជាពិសេសរដូវរំហើយនេះ មានរៀបអាពាហ៍ពិពាហ៍ ។ ដូច្នេះសូមសម្រួលឱ្យមានការរៀបអាពាហ៍ពិពាហ៍គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ទាក់ទងនឹងអ្វីជាតម្រូវការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ» ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «យើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ» ។

ជាមួយគ្នានោះដែរ ឆ្លើយតបតាមសេចក្ដីណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រ​សួង​សុខាភិបាល ក្រសួងអប់រំ ក្រសួងការងារ ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតបានធ្វើការជូនដំណឹងជាបន្តបន្ទាប់ពីការបើកឲ្យដំណើរការឡើងវិញនូវ សាលារៀន ស្ដាតអូរឡាំពិក រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ… ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា នេះតទៅ ប៉ុន្តែត្រូវប្រកាន់ខ្ជាប់តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៣០៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៩៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន១១នាក់ (គ្មានអ្នកស្លាប់) ៕