រថយន្ត Ford ស្លាកលេខ ខ.ម បើកក្នុងល្បឿនលឿនមិនប្រយ័ត្នផ្លូវកោង ជ្រុលចង្កូតក្រឡាប់ធ្លាក់ប្រឡាយ រងរបួសធ្ងន់ស្រាលពីរនាក់

4

ស្ទឹងត្រែង៖ រថយន្តពណ៌សម៉ាក់ ford ពាក់ស្លាកលេខ ខ.ម បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្នបួងចង្កូតមិនទាន់បណ្ដាលឱ្យធ្លាក់ផ្លូវចូលប្រឡាយក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរងរបួសធ្ងន់ស្រាល ២នាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលម៉ោង៨.២៥នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកោង ចំណុចត្រពាំងក្បាលដំរី ស្ថិតនៅក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលជាអ្នកបើកបររថយន្តរងគ្រោះខាងលើឈ្មោះ អ៊ួន ឈិត ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង រួមដំណើរជាមួយប្រពន្ធ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តម៉ាក Ford ពាក់ស្លាកលេខ ខ.ម 2-4473 ជាមួយប្រពន្ធក្នុងគោលបំណងចូលរួមពិធីមង្គលការគេនៅខេត្ត តែមកដល់ចំណុចខាងលើរថយន្តក៏បានរ៉េចង្កូត ធ្វើឲ្យក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ ប្តីរងរបួសស្រាលទាំងពីរនាក់ ត្រូវបានគេជួយសង្គ្រោះដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំព្រះរំកិល និងដឹកបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។

បច្ចុប្បន្នរថយន្តដែលរងការខូចខាតខាងលើ ត្រូវបានប្រគល់ជូនអង្គភាពវិញ ចំណែកជនរងគ្រោះទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ ៕