ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ អនាម័យបរិស្ថានស្អាតសុខភាពសហគមន៍ល្អ ធម្មជាតិស្រស់បំព្រង

66

ខេត្តព្រះវិហារ៖ នៅក្នុងសាលាខេត្តនាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ{អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ ។ ទិវានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំ​ណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន និងប្រជាសហគមន៍ជាច្រើនរូប ។

នាឱកាសប្រារព្ធទិវានេះផងដែរ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តបានក្រើនរំលឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សា​បរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ។ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីការគ្រប់គ្រងទុកដាក់កាកសំណល់ សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការឆ្លង និងប៉ះពាល់សុខភាពបងប្អូន និងកើតជម្ងឺតំកាត់ផ្សេងៗជាដើម ។

ជាមួយគ្នានេះដែរ លោក ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ជាពិសេសអាជ្ញាធរ និងមន្ត្រីរាជការក្នុងខេត្ត យុវជនសិស្ស និស្សិត នៅជុំវិញខេត្ត ដែលតែងតែគាំទ្រដល់គ្រប់ចលនាបរិស្ថាន ។ លោក​សង្ឃឹមថា ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឲ្យ មានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំណល់ និងមិនបោះសម្រាមចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទូទាំងប្រទេស និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឯង ។ លោក ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ក្នុងការថែរក្សាបរិស្ថានរួមមាន ដូចជាអនាម័យខ្លួនឯងជាប្រចាំ ទុកដាក់សំរាមឱ្យបានល្អក្នុងធុងត្រឹមត្រូវ ត្រូវចេះការពារស្រលាញ់ធនធានធម្មជាតិ និងដាំដើមឈើជាប្រយោជន៍ដល់សង្គមជាតិយើងផងដែរ ។

ជាអធិបតីក្នុងទិវាអនាម័យបរិស្ថានជាតិនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ ។ សំណល់សំរាមមួយចំនួនជាពិសេសសំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះនូវមិច្ឆាជាតិ ដែលពិភពលោកបាននឹងកំពុងយកចិត្តទុកដាក់ ។ ស្ថានភាពនេះ បានតម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាជាបន្តបន្ទាប់ ជាពិសេសដើម្បីធ្វើទំនើបកម្មប្រព័ន្ធប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹង ដោយមានការគិតគូរគ្រប់ជ្រុងជ្រោយដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តទៅទីក្រុង និងទីប្រជុំជនធំៗ មួយចំនួនទៀត នៅទូទាំងប្រទេស ។

ទន្ទឹមនឹងនោះ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាប្រការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ សំដៅការរស់នៅប្រកបដោយសុខមាលភាព និងចីរភាពរបស់ប្រជាពលរដ្ឋយើងទូរទាំងប្រទេស ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានក្នុងការប្រារព្ធទិវានេះ ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យ ចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន ។ ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមចេញ ដើម្បីធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព រាជធានី ខេត្ត ទូទាំងប្រទេស ។

ទិវាថ្នាក់ជាតិដែលប្រារព្ធនៅថ្ងៃទី២៣  ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ «អនាម័យ បរិស្ថានល្អ សុខភាពសហគមន៍ល្អ» នេះ ក៏ជាការចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួម ធ្វើអនាម័យក៏ដូចជាបំផុសចលនាចូលរួម ធ្វើការសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈដោយទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីឱ្យមានភាពបៃតង ស្រស់បំព្រង ប្រកបដោយផាសុខភាព ៕ ដោយ៖KC.36