ឯកឧត្តម ឃួង ស្រេង ស្នើឱ្យអ្នកវិនិយោគជនជាតិកូរ៉េ មកវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា

36

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការស្នើសុំឱ្យអ្នកវិនិយោគជនជាតិកូរ៉េមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើន មានជីវភាពកាន់តែធូធាឡើង។

ការស្នើបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែល ឯកឧត្ដម ឃួង ស្រេង បានជួបសម្តែងការគួរសមជាមួយឯកឧត្ដម ជូ ណាក់យ៉ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានសន្តិភាពពេញបូរិបូណ៍ ហើយប្រជាពលរដ្ឋកម្ពុជាក៏ជាអ្នកមានស្នាដៃច្រើនក្នុងការងារលើវិស័យវាយនភ័ណ្ឌ បើប្រៀបធៀបកាលពីឆ្នាំ១៩៩០។ ដូច្នេះឯកឧត្តម ស្នើសុំតាមរយៈ ឯកឧត្ដម ជូ ណាក់យ៉ាំង អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ សូមជួយចលនាអ្នកវិនិយោគជនជាតិកូរ៉េ ឱ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញឱ្យបានច្រើន។

ឯកឧត្តម បន្តថា ជាមួយគ្នានេះចំពោះការវិនិយោគលើវិស័យវាយនភ័ណ្ឌ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុគ្រោះពន្ធផងដែរ នេះពិតជាបានបង្កលក្ខណៈងាយស្រួលឱ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅស្រុកខ្មែរកាន់តែច្រើន។

ឯកឧត្ដម ជូ ណាក់យ៉ាំង បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្នើឡើងរបស់ឯកឧត្ដម ឃួង ស្រេង ដោយឯកឧត្ដមបញ្ជាក់ថា ឯកឧត្ដមនឹងធ្វើការអំពាវនាវ ក៏ដូចជាការកៀងគរ អ្នកវិនិយោគជនជាតិកូរ៉េពីទីក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ ក៏ដូចជានៅទីក្រុងផ្សេងទៀតឱ្យមកវិនិយោគទុនលើវិស័យវាយនភ័ណ្ឌនៅរាជធានីភ្នំពេញឱ្យបានកាន់តែច្រើន ធ្វើយ៉ាងណាឱ្យទីក្រុងទាំង២ ប្រទេសទាំង២ កម្ពុជា-កូរ៉េ កាន់តែមានទំនាក់ទំនង កិច្ចសហប្រតិបត្តការគ្នាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕