លោក ហាស់ ផល្លារិទ្ធ ប្រធានក្រុមបោះបង្គោលព្រំដែនគោកកម្ពុជា និងបក្សពួក៨នាក់ទៀត លួចលក់ដីសល់ពីការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម អោយឧកញ៉ា លី ហុងស៊ីន គ្របលើដីពលរដ្ឋស្លូតត្រង់

76

ស្វាយរៀង ៖ ដូចពាក្យចាស់ពោលមែន ទឹកនៅឆ្ងាយមិនអាចពន្លត់ភ្លើ់ងទាន់បានទេ ហើយកូនច្រើន ក៏ពិបាកគ្រប់គ្រងដែរ នេះបើសំដៅដល់កូនមិនប្រកបដោយគន្លងធម៌ បើនិយាយអោយត្រូវមួយបែបទៀត មន្រ្តីគ្រាប់ល្ពៅស្ងោរមួយចំនួនហាក់កំពុងយកតួនាទី មុខតំណែងរបស់ខ្លួនធ្វើអោយពលរដ្ឋរងទុក្ខ ព្រោះតែភាពលោភលន់មិនចេះស្កប់ស្ក់ លើសនាមជាមនុស្សរស់ត្រឹមអាហារ៣ពេល។

លោក ហាស់ ផល្លារិទ្ធិ

ជាក់ស្តែង លោក ហាស់ ផល្លារិទ្ធ ប្រធានក្រុមចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងបក្សពួក៨នាក់ផ្សេងទៀត បានក្បត់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានយកដីដែលរាជរដ្ឋាភិបាលឯកភាពឲ្យបន្តថែរក្សាទុក និងចុះបញ្ជីរចំណែកដីដែលកម្ពុជាទទួលបានពីការបោះបង្គោល និងខណ្ឌសីមាជាមួយប្រទេសជិតខាង ក្រោមអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនសិន ដើម្បីទុកដោះស្រាយផលប៉ះពាល់ដីស្រែចម្ការពលរដ្ឋនៅពេលក្រោយ។

លោក ហាស់ ផល្លារិទ្ទិ ប្រធានក្រុមបោះបង្គោលព្រំដែនគោកកម្ពុជា

ដោយលោកសំអាងថា ពេលក្រោយនេះហើយ និង ប្រហែលមិនបានប្រយោជន៍ ទើបបណ្តាលអោយបុគ្គលរូបនេះ និងបក្សពួកប្រើពាក្យថាពេលនេះ ហើយបានសម្រេចរៀបចំឯកសារដោយខុសច្បាប់ លួចលក់ដីសល់ពីការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ទៅអោយឧកញ៉ា លី ហុងស៊ីន គ្របលើដីរបស់ប្រជាពលរដ្ឋស្លូតត្រង់ ឈ្មោះ ពេញ សុផុន និងប្រពន្ធឈ្មោះ ញឹកឡៃ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បន្សល់នូវទឹកភ្នែករហូតដល់បច្ចុប្បន្ន ។

ឧកញ៉ា លី ហុងស៊ីន

យោងតាមលិខិតផ្ទេរសិទ្ធកាន់កាប់ដី ផ្ទះ លេខ៧០៤/១៥ ចុះថ្ងៃទី ៣១/១២/២០១៥ មានទំហំរហូតដល់ ២៣៥ ០០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិតាបីប សង្កាត់បាវិត ក្រុងបាវិត ខែត្រស្វាយរៀង ធ្វើឡើងរវាងលោក ហាស់ ផល្លារិទ្ធ អាយុ ៥១ឆ្នាំ និងឈ្មោះ ម៉ក់ ស៊ីថា មានទីលំនៅសង្កាត់បឹងទំពុន ខណ្ណមានជ័យ រាជធានីភ្នំពេញ ជូនទៅលោកឧកញ៉ា លី ហុងស៊ីន អាយុ៦៨ឆ្នាំ មានទីលំនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ការលក់ដូចនេះ ដោយមាន អ្នកគោះគង ផ្លំត្រែគាំទ្រធ្វើសាក្សីពីសំណាក់ឈ្មួយគួកជេដី និងមេការឧកញ៉ាម្នាក់គឺលោក សោម សាវឿន និងបុរសអភិជនម្នាក់ទៀតដែលបើកប្រាក់ខែពីរដ្ឋ ចូលរួមធ្វើអោយរាស្រ្តទឹកភ្នែកមាននាទីជានាយករដ្ឋបាលខែត្រស្វាយរៀងគឺលោក ចិន សាធានផងដែរ។

លោក ពេញ សុផុន និងភរិយា

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក សាញ់ សាខុន ចៅសង្កាត់បាវិតបានចាត់ទុកខ្លួនឯងជាជនរងគ្រោះ និងស្នើសូមអោយមន្ត្រីជំនាញរកយុត្តិធម៌អោយខ្លួនផង និងបានបញ្ជាក់ថា ពាក្យស្នើសុំកាន់កាប់ដីធ្លីលេខ ១០/០៤ ចុះថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០០៤ ពុំមានគល់បញ្ជីរតំកល់ទុកក្នុងសាលាសង្កាត់បាវិតនោះទេ ចំពោះលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីដែលមានឈ្មោះ ហាស់ ផល្លារិទ្ធ និងឈ្មោះ ម៉ក់ ស៊ីថា លក់ឲ្យ លី ហុងស៊ីន ចុះថ្ងៃទី ចុះថ្ងៃទី ៣១/១២/២០១៥ ដែលមានហត្ថលេខារបស់លោកនោះ គឺឈ្មោះ សោម សាវឿន មេការរបស់ លី ហុងស៊ីន បានយកមកអោយ លោក ចិន ថុន ស្មៀនសង្កាត់បាវិត ជាអ្នករៀបចំយកមកអោយខ្ញុំចុះហត្ថលេខា។

លិខិតផ្ទេរសិទ្ធិ គ្រប់លើដីអ្នកដ៏ទៃរបស់លោក ហាស់ ផល្លារិទ្ធិ

 

ចំណែក លោក ចិន ថុន ស្មៀននៅសង្កាត់បាវិតទំនងខ្លាចអំណាចព្រោះអ្នកធំចេញមុខលក់ អ្នកមានលុយងារឧកញ៉ាចេញមុខទិញ និងអ្នកមានអំណាចប្រចាំខែត្រចេញមុខធ្វើសាក្សី បានត្រឹមសំណូមពរអោយមានការសម្របសម្រួលគ្នាដោយសន្តិវិធី បានអោយដឹងថា លោក សោម សាវឿន បានកាន់ឯកសារ មានផ្តិតមេដៃប្រគល់សិទ្ធ អ្នកទទួលសិទ្ធ និងមានសាក្សីរួចស្រេច និងប្រាប់ថាមិនមានបញ្ហាអ្វីនោះទេ ឲ្យរៀបចំជូនលោកចៅសង្កាត់ចុះហត្ថលេខា ដើម្បីយកឯកសារនេះបន្តទៅធ្វើប្លង់រឹង។ លោកបន្តទៀតថា ក្នុងការទិញលក់នេះ ពុំឃើញមានលិខិតកាន់កាប់របស់ម្ចាស់ដើមអ្នកលក់ទេ គឺមានតែគំនូសបង្ហាញប្លង់ដី ០១សន្លឹក និងអត្ថញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ ហាស់ ផល្លារិទ្ធិ មួយសន្លឹកតែប៉ុណ្ណោះ។

លោក សោម សាវឿន មេការឧកញ៉ា លី ហុងស៊ីន

យ៉ាងនេះក្តី តាមឯកសារគតិយុត្តិនានាបង្ហាញថា ដីនេះមួយផ្នែកជាដីរបស់ប្រជាពលរដ្ឋរស់នៅអាស្រ័យផលរាល់ឆ្នាំមិនបោះបង់ និងមួយផ្នែកទៀតសល់ពីការបោះបង្គោលព្រំដែនដែលជនជាតិវៀតណាមបានចាក់ចេញទៅ ហើយត្រូវបានរាជរដ្ឋាភិបាលឯកភាពឲ្យបន្តថែរក្សាទុក និងចុះបញ្ជីរចំណែកដីដែលកម្ពុជាទទួលបានពីការបោះបង្គោល និងខណ្ឌសីមាជាមួយប្រទេសជិតខាង ក្រោមអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនសិន ដើម្បីទុកដោះស្រាយផលប៉ះពាល់ដីស្រែចម្ការពលរដ្ឋនៅពេលក្រោយ។

លិខិតបញ្ជាក់ចំលើយរបស់លោក ចិន ថុន​ ស្មៀនសង្កាត់បាវិត

បើតាមលិខិតលេខ ១៧១៧ ដនស /អគ្គាធិ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២ ជំរាបជូន លោក ពេញសុផុន និងប្រពន្ធឈ្មោះ ញឹកឡៃ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឱ្យដឹងថា ឈ្មោះ ពេញ សុផុន មានប្រវត្តិកាន់កាប់ និងអាស្រ័យផលលើដីស្រែចំនួន ០២ ទីតាំង ក្នុងនោះមួយ ទីតាំងបានលក់ឱ្យទៅអ្នកដទៃរួចហើយ និងដីមួយទីតាំងទៀតទំហំ ៤,០៣ ហិកតា ស្ថិតនៅភូមិតាបិប ឃុំបាវិត ស្រុកចន្ទ្រា បច្ចុប្បន្នស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានដាក់ពាក្យស្នើសុំកាន់កាប់ ដីលេខ ១០/០៤ ចុះថ្ងៃទី ០៣ ខែមកវា ឆ្នាំ ២០០៤ និងមានបង្កាន់ដៃទទួលពាក្យលេខ ០២០៩/០៤ ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០០៤ ចេញដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកចន្ទ្រា និងគំនូសបង្ហាញទីតាំងដីចុះថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៣ របស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងបាវិត។ ចំណែកឈ្មោះ ហាស់ ផល្លារិទ្ធិ និងឈ្មោះ ម៉ក់ ស៊ីថា មិនមានប្រវត្តិកាន់កាប់ដីនៅ តំបន់នោះទេ ប៉ុន្តែបានលក់ដីនៅតំបន់នេះទំហំ ២៣,៥ ហិកតាឱ្យទៅឈ្មោះ លី ហុងស៊ីន នៅឆ្នាំ ២០១៥ ដែល ដីនេះ មួយផ្នែកធំជាសំណល់ដីព្រំដែន និងមួយផ្នែកទៀតគ្របលើដីរបស់ឈ្មោះ ពេញ សុផុន ខាងលើ។

លិខិតលេខ ១៧១៧ របស់ក្រសួងដែនដី

លិខិតដដែលបន្តថា ការសម្រេចចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ២០០៨០២០២.០០៣០ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០ ឱ្យទៅឈ្មោះ លី ហុងស៊ឺន លើដីទំហំ ១៩ ហិកតា និងបានកែមកទំហំ ១៥,៨៤ ហិកតា ពិតជាគ្របដីទំហំ ៤,០៣ ហិកតា របស់ឈ្មោះ ពេញ សុផុន នាំឱ្យមានវិវាទ និងកំពុងស្ថិតក្នុងចំណាត់ការរបស់ តុលាការ។ ការថយទំហំដីពី ២៣,៥ ហិកតា មកទំហំ ១៩ ហិកតា និងកែមកទំហំ ១៥,៨៤ ហិកតា នៃវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២០០៨០២០២.០០៣០ ខាងលើ ដោយសារការកាត់ចំណីផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ បច្ចុប្បន្ន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ត្រូវបានរដ្ឋបាលខេត្តស្វាយរៀងយកមក រក្សាទុកដោះស្រាយ។

លោក ចិន សាធាន នាយករដ្ឋបាលខែត្រស្វាយរៀង

ទោះជាបែបនេះក្តី លោក ពេញ សុផុន និងលោកស្រី ញឹម ផលឡៃ ដែលជាភរិយា ត្រូវបានប្រជាពលរដ្ឋរហូតដល់ ១១៩នាក់ផ្តិតមេដៃគាំទ្រ គឺជាជនរងគ្រោះ ពីការរំលោភដីធ្លីខាងលើ ក្រោមស្នាដៃលលោក ហាស់ ផល្លារិទ្ធិ លោកឧកញ៉ា លី ហុងស៊ីន លោកនាយករដ្ឋបាល ចិន សាធាន លោកមេការ សោម សាវឿន បានអំពាវនាវតាមរយៈបណ្តាញសារព័ត៌មាន ខ្មែរខូវឺធីវី គោរពស្នើសូមសម្តេចតេជោ ហ៊ុន សែន សម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សម្តេចក្រឡាហោម ស ខេង អន្តាគមន៍ដោះស្រាយក្នុងករណីនេះផង។ រាល់ថ្ងៃនេះកូនចៅជាមន្រ្តីរាជការម្នាក់ដែលធ្វើការបម្រើពលរដ្ឋ ស្មោះត្រង់នឹងតួនាទី រឿងរ៉ាវដែលពួកខ្ញុំកំពុងជួបប្រទះនេះ បើសិនជាយើងខ្ញុំខុសមែន ម្លេះសមក្រុមនោះចាប់ដាក់គុកច្រវ៉ាក់បាត់ហើយ សូម្បីស្នាមមេដៃប្រជាពលរដ្ឋដែលចូលរួមធ្វើជាសាក្សីក៏គេអង្កេតដែរ៕

បញ្ជីរឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ