ទីប្រឹក្សាបច្ចេកទេសគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) បានថ្លែងការកោតសរសើរ និងស្ញប់ស្ញែងគម្រោងអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ

15

(ខេត្តបន្ទាយមានជ័យ) ៖ រសៀលថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ិម៉ូហ្សូណូ ណូបឹយូស៊ិ (SHIMOZONO Nobyoshi ) ទីប្រឹក្សាបច្ចេកទេសគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) និងក្រុមការងារ បានចូលសម្តែងការគួរសម ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមការងារប្រចាំការនៅតំបន់អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោឈ្នះឈ្នះ។នៅក្នុងជំនួបនោះ លោក ស៊ិម៉ូហ្សូណូ ណូបឹយូស៊ិ (SHIMOZONO Nobyoshi ) ទីប្រឹក្សាបច្ចេកទេសគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) បានថ្លែងកោតសរសើរជាខ្លាំង ចំពោះគម្រោងអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ព្រោះលោកបានឃើញសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងប្រព័ន្ធផ្លូវថ្នល់ គឺត្រូវបានរៀបចំយ៉ាងល្អប្រសើរប្រកបដោយស្តង់ដារខ្ពស់ពិតជាគួរឱ្យស្ញប់ស្ញែងណាស់។

មូលហេតុដែលលោកចាប់អារម្មណ៍លើគម្រោងអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ព្រោះតែលោក និងក្រុមការងារគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) បាននឹងកំពុងអនុវត្តគម្រោងរបស់ខ្លួននៅភូមិក្បែរតំបន់អភិវឌ្ឍន៍នេះផ្ទាល់ ប៉ុន្តែគម្រោងដែលក្រុមលោកធ្វើគឺជាគម្រោងតូចៗតែប៉ុណ្ណោះ។

ឆ្លើបតបនឹងការលើកសរសើររបស់ លោក ស៊ិម៉ូហ្សូណូ ណូបឹយូស៊ិ (SHIMOZONO Nobyoshi ) ទីប្រឹក្សាបច្ចេកទេសគម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) និងក្រុមការងារ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានប្រចាំការដឹកនាំការអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ រួមជាមួយលោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារ គម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) ចំពោះការភ្ជាប់ទំនាក់ទំនងចរន្តការងារអភិវឌ្ឍន៍មូលដ្ឋានជាមួយគ្នា។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ប្រព័ន្ធផ្លូវថ្នល់ទាំងអស់ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ គឺបើកឱ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ ដូច្នេះ​​គម្រោងអភិវឌ្ឍន៍ភូមិសុវត្ថិភាព នៃអង្គការសកម្មភាពកំចាត់មីនជប៉ុន យ៉េម៉ាស (JMAS) អាចស្ថាបនាផ្លូវពីភូមិក្បែរៗតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ដែលមាននៅក្នុងគម្រោងរបស់ខ្លួនភ្ជាប់មកកាន់តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ដើម្បីជូនប្រជាពលរដ្ឋ និងសាធារណជនប្រើប្រាស់រួមគ្នាបានគ្រប់ពេលវេលា៕