កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពចោរលួចម៉ូតូទាំងព្រឹកតែមិនបានសម្រេច

11

ស្វាយរៀង៖ ជនសង្ស័យម្នាក់ឈ្មោះ សុខ ទី អាយុ២៥ឆ្នាំម្នាក់ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀងធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូ០១ គ្រឿង ម៉ាកZoomer X សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ-បៃតង ពាក់ផ្លាកលេខ ស្វាយរៀង 1F-1983 របស់ឈ្មោះ គង់ សុផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពលួចបានហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនទៅទិសខាងកើត ហើយក៏ត្រូវម្ចាស់ផ្ទះស្រែកឱ្យប្រជាពលរដ្ឋនៅក្បែរនោះជួយជិះម៉ូតូដេញតាមពីក្រោយ និងបានរាយការណ៍មកនគរបាលជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗនោះ នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ បានដេញតាមជនសង្ស័យរហូតដល់ត្រង់ចំណុចខាងមុខអតីតបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិរោងបន្លែ ក្រុងស្វាយរៀង ជនសង្ស័យក៏ផ្តួល​ម៉ូតូចោល រួចរត់ចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំ​នាញ​ខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕