ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស ហុងគ្រី ចំនួន ៦២៨នាក់ ត្រូវបានធ្វើតេស្ដសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រ

14

ភ្នំពេញ៖ គិតត្រឹមម៉ោង២៣ និង០០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីចំនួន ៦២៨នាក់ ដែលត្រូវបានធ្វើតេស្ដសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលធ្វើតេស្ត គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ១៩ របស់ឯកឧត្ដមរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការ នៅព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយ ក្នុងពេលដែលបានធ្វើទស្សនៈកិច្ចផ្លូវនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ហើយក៏បានយកវត្ថុសំនាកធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រ ដោយលទ្ធផលធ្វើតេស្ត គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។

ក្រសួងសុខាភិបាលក៏បានធ្វើការក្រើនរំលឹក និងអំពាវនាវជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង មានការប្រុងប្រយ័ត្ន និងបន្តការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជូននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាសក្នុងដំណើរការចាំបាច់ ជាពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អក ឬកណ្ដាស់ សម្អាតដៃជាប្រចាំ រក្សាសវត្ថភាពសង្គម ដើម្បីចៀសវាងការចម្លងវីរុសកូវីដ១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលទេសៈ និងគ្រប់ទីកន្លែង ៕