សម្ដេចតេជោ ហ៊ុន សែន៖ មិនមានការបិទប្រទេស និងរាជធានីខេត្ត ឬតំបន់ណាមួយដូចពាក្យចចាមអារាមឡើយ

10

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយដូចពាក្យចចាមអារាមនោះឡើយ ។ សម្ដេចបញ្ជក់យ៉ាងដូច្នេះ បន្ទាប់ពីមានការឃោសនាថារាជរដ្ឋាភិបាលនឹងធ្វើការបិទប្រទេស និងហាមឃាត់មិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយផ្សេងទៀត ។

នេះបើតាមការបង្ហោះសារនៅទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចបានបញ្ជាក់ឱ្យដឹងក្នុងសំណេរយ៉ាងដូច្នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ ។

ក្នុងសំណេរដដែលសម្ដេចតេជោបានបន្តថា បញ្ហាសំខាន់ក្នុងការប្រ​យុទ្ធជាមួយជម្ងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព ។ល។ សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះ ខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ ។

ជាងនេះទៅទៀតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តអំពាវនាវថា សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱ្យបានឆាប់ ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ ។ សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ​ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យ និងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក ។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំឱ្យពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ សម្ដេចបានបញ្ជាឱ្យបញ្ចេញម៉ាសក្រណាត់ចំនួន ២លានម៉ាស ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ការរីករាលនៃវីរុសកូវីដ១៩ និងឆាប់បញ្ចប់ព្រឹត្តិការណ៍ ០៣វិច្ឆិកា ៕