ពលរដ្ឋ២៤១គ្រួសារមានទំនាស់ដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង បានសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី

84


ភ្នំពេញៈ ខណៈដែលសំណុំរឿងវិវាទរវាងប្រជាពលរដ្ឋចំនួន២៤១គ្រួសារស្ថិតនៅ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ជាមួយល្បីឈ្មោះឧកញ៉ាពីររូបលើទំហំ
ដី៥៨ហិកតាត្រូវបាន រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យមន្ត្រីជំនាញរបស់ខ្លួនបន្តសម្របសម្រួលដោះស្រាយលើរឿងនេះបែរជា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ឆ្លើយថា ក្រសួងច្រានចោលទៅវិញ។

តំណាងប្រជាពលរដ្ឋចំនួន២៤១គ្រួសារបានចោទប្រកាន់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញថា ការឆ្លើយរបស់លោក សារិន វណ្ណា គឺមិនត្រឹមត្រូវនោះទេ។ ពីព្រោះករណីនេះក្រសួងបានលើកយកករណីទំនាស់នេះមកដោះស្រាយឡើងវិញ និងមានចំណាររបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចារលើរបាយការណ៍ អគ្គាធិការដ្ឋានក្រសួង ឲ្យបន្តសម្របសម្រួលគ្នា។

តំណាងប្រជាពលរដ្ឋបានរៀបរាប់ថា ទាក់ទងការប្តូរសម្បកបណ្ណគឺលោក សារិន វណ្ណា យកបណ្ណកម្មសិទ្ធិនៅទីតាំងផ្សេងដែលឃ្លាតឆ្ងាយពីដីប្រជាពលរដ្ឋជាង ៥០០ ម៉ែត្រ មកធ្វើវិញ្ញាបនបត្រថ្មីរំលោភយកដីប្រជាពលរដ្ឋទៅឲ្យឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង។ ការបង្ហាញភស្តុតាងគឺក្រសួងបានជ្រាបរួចទៅហើយ ប្រជាពលរដ្ឋរកឃើញថា លោកស្រី ស៊ុយ សុផាន គ្មានដីនៅទីតាំងទំនាស់នោះទេគឺគាត់បានយកប័ណ្ណកម្មសិទ្ធិនៅទីតាំងកន្លែងផ្សេងមករំលោភយកដីពលរដ្ឋរហូតពលរដ្ឋស្នើសុំឲ្យក្រសួងចុះវាស់វែងរកចំណុចទីតាំងដីរបស់លោកស្រី ស៊ុយ សុផាន និងបក្ខពួក។ ប៉ុន្តែលោកស្រី ស៊ុយ សុផាន មិនព្រមឲ្យគេចុះទៅវាស់វែងនោះទេ (ដូចមានកំណត់ហេតុរបស់ក្រុមការងារដោះស្រាយទំនាស់ដីធ្លី)។

ប្រភពដដែលបានបន្តថា ពាក់ព័ន្ធការលើកឡើងរបស់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញថា ក្រសួងច្រានចោលលើរឿងវិវាទនេះគឺមិនពិតទេ។ ពីព្រោះក្រសួងបានលើកយកករណីទំនាស់នេះមកដោះស្រាយឡើងវិញ (ដូចមានចំណាររបស់ ឯកឧត្តម ជា សុផារ៉ា) សំណុំរឿងនេះ ក្រសួងកំពុងតែធ្វើការដោះស្រាយរហូតសព្វថ្ងៃ។ ការដែលលោក សារិន វណ្ណា ឆ្លើយប្រាប់អ្នកកាសែតថា សំខាន់លោកអ្នកធ្វើអត់ខុស ? ដោយសារលោក សារិន វណ្ណា បានគប់គិតគ្នា (ឃុបឃិត) ជាប្រព័ន្ធរួចទៅហើយលួចធ្វើវិញ្ញាបនបត្រថ្មីឲ្យត្រូវនឹងទីតាំងដីមានទំនាស់ ហើយលោក សារិន វណ្ណា បានធ្វើខុសរួមមាន យកប័ណ្ណកម្មសិទ្ធិនៅទីតាំងផ្សេងដែលមិនពាក់ព័ន្ធជាមួយទីតាំងដីទំនាស់បានចូលខមមិនសុំអន្តរាគមន៍ពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយរកយុត្តិធម៌រឿង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួក បានគប់គិតគ្នាជាប្រព័ន្ធលួចធ្វើវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលើដីកំពុងតែមានទំនាស់ទំហំ៥៨ហិកតាឲ្យទៅឧកញ៉ា ថៃ ជាហួត និងឧកញ៉ា ហៀង ប៊ុនប៉េង ដែលធ្វើរំលោភលើ ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយនឹងការសុំអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋក៍បានដាក់ជូននូវលិខិតពាក្យបណ្តឹងរបស់ពួកគាត់ម្ចាស់ដីចំនួន២៤១គ្រួសារប្តឹងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ និងបក្ខពួក ទៅលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

ប្រជាពលរដ្ឋបានឲ្យដឹថា ចំពោះពាក្យបណ្តឹងដែលប្តឹង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងបក្ខពួកគឺខាងក្រសួងនឹងជូនដំណឹងមកប្រជាពលរដ្ឋវិញនៅក្នុងសប្តាហ៍នេះ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា តាំងពី ឆ្នាំ២០១៧ ក្រុមការងារដោះស្រាយជីវិវាទរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការដោះស្រាយដីទំនាស់ទំហំ៥៨ហិកតាស្ថិតនៅ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នេះរហូតមកមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេ។ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទប់ស្កាត់ការចេញប័ណ្ណថ្មី ការផ្ទេរផ្នូរ ឬការធ្វើចរន្តកាគ្រប់ប្រភេទលើដីកំពុងមានទំនាស់នេះទៅ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចំនួនពីរលើកដើម្បីបង្កើនប្រសិទ្ធភាព គឺលើកទីមួយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ និងលើកទីពីរថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

ចាប់ពីថ្ងៃទទួលពាក្យបណ្តឹងមក មន្ទីររៀបចំដែនដីនគរូបនីយកម្ម ភ្នំពេញ មិនដែលហៅប្រជាពលរដ្ឋមកដោះស្រាយទេ។ ពលរដ្ឋក៍បានដាក់ពាក្យបណ្តឹងទប់ស្កាត់បន្តទៅក្រសួងរៀបចំដែនដី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ថែមទៀត។ ស្រាប់តែនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោក ថៃ ជាហួត និងលោក ហៀង ប៊ុនប៉េង បានធ្វើសកម្មភាពតទុយោបូមដីដាក់ចូលលើទីតាំងដីប្រជាពលរដ្ឋដែលក្រសួងកំពុងតែដោះស្រាយជម្លោះនេះ ពេលប្រជាពលរដ្ឋចុះទៅឃាត់ពួកគេបានបង្ហាញវិញ្ញាបនបត្រសម្កាល់ម្ចាស់អចលនវត្ថុចំនួនពីរសន្លឹក ហើយអះអាងថា បានទិញដីនេះពីលោកស្រី ស៊ុយ សុផាន ហើយ…។


នៅក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋបានរំលឹកពីការប្តឹងតវ៉ាគ្នាជាមួយ ក្រុមហ៊ុនផានអីម៉ិចខ្លះៗថា កាលលោកស្រី ស៊ុយ សុផាន នៅរស់គាត់បានយកប័ណ្ណកម្មសិទ្ធិទីតាំងដីនៅកន្លែងផ្សេងដែលធ្វើឡើងតាមរយៈឯកសារក្លែងបន្លំយកមកប្ដឹងចាញ់ប្រជាពលរដ្ឋគ្រប់កន្លែង។ ប្រជាជនក៍បានសុំឲ្យក្រសួងចាត់មន្ត្រីជំនាញចុះទៅវាស់វែងរកទីតាំងដីតាមប័ណ្ណកម្មសិទ្ធិរបស់លោកស្រី ស៊ុយ សុផាន ថា បើវាស់ទៅទីតាំងដីរបស់លោកស្រី ស៊ុយ សុផាន និងបក្ខពួកជាន់លើដីរបស់ប្រជាពលរដ្ឋដែលកំពុងប្តឹងតវ៉ាហ្នឹងប្រជាពលរដ្ឋសន្យាថា ឈប់មកតវ៉ាទៅទៀតហើយ។ ប៉ុន្តែលោកស្រី ស៊ុយ សុផាន ប្រកែកមិនព្រមឲ្យគេវាស់វែងទេ។ ក្រោយមកក្រសួងបានកោះហៅដោះស្រាយម្ដងទៀតតែលោកស្រី ស៊ុយ សុផាន អត់ចូលខ្លួនតែម្តង។ ឥឡូវលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី ភ្នំពេញ និងប្រធានការិយាល័យភូមិបាល ខណ្ឌច្បារអំពៅ បានគប់គិតគ្នាជាប្រព័ន្ធលួចធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីឲ្យត្រូវលើទីតាំងដីកំពុងតែមានទំនាស់នេះឲ្យទៅលោក ថៃ ជាហួត និងលោក ហៀង ប៊ុនប៉េង ទាំងកំរោលតែម្តងដើម្បីប្លន់យកដីពីប្រជាពលរដ្ឋបន្ទាប់ពីលោកស្រី ស៊ុយ សុផាន បានមរណភាពទៅ។

ករណីនេះលោក សារិន វណ្ណ និងបក្ខពួក បានធ្វើបំពាន ស.ជ.ណ លេខ១០៥ ស.ជ.ណ. ឧស ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ រាជរដ្ឋាភិបាល ដែលបានហាមឃាត់
រដ្ឋបាលសុរិយោដី ផ្អាកការចុះបញ្ជី ឬធ្វើការផ្ទេរផ្ទូរដីដែលមិនទាន់ដោះស្រាយរួចដែលក្រសួងមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ នេះជាអំពើរំលោភលើការហាមឃាត់
របស់ គណៈរដ្ឋមន្ត្រី ធ្ងន់ធ្ងរណាស់ ប្រជាពលរដ្ឋទទួលយកមិនបានទេ។ ដូច្នេះសូម លោកឧបនាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋម្ចាស់ដីទាំង២៤១គ្រួសារបាន សំណូមពរចំនួន៣ចំណុចរួមមានៈ ទី១.សុំអន្តរាគមន៍ពី លោកឧបនាយករដ្ឋមន្តី ជា សុផារ៉ា ធ្វើការឃាត់សកម្មភាពឈប់ឲ្យបូមដីខ្សាច់ដាក់លើដីរបស់ប្រជាទាំងអស់គា្នជាបន្ទាន់។ ទី២.មោឃភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 – 2154 ចុះថ្ងៃទី១១ ខែមីនាឆ្នាំ២០២១ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12100704 – 2155 ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួនទៀតដែលបានធ្វើរំលោភលើដីទំនាស់សរុប៥៨ហិកតា។ ទី៣.សុំផ្ដន្ទាទោសជាទម្ងន់ដល់លោក សារិន វណ្ណា និងប្រធានការិយាល័យភូមិបាល ខណ្ឌច្បារអំពៅ ទៅតាមផ្លូវច្បាប់។

ចំណែកឧកញ៉ា ថៃ ជាហួត និង ហៀង ប៊ុនប៉េង មិនអាចសុំការអត្ថាធិប្បាយបានទេពាក់ព័ន្ធករណីខាងលើនេះនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ រីឯលោក សារិនវណ្ណា ប្រធានមន្ទីររៀបចំដែនដី ភ្នំពេញ បានថ្លែងថា “ការងារនេះកន្លងមក ក្រុមអធិការកិច្ច ក្រសួងដែនដី គឺជាអ្នកធ្វើជាមួយប្រជាជន២៤១គ្រួសារ។ ក្រសួងបានធ្វើការស៊ើបអង្កេតសព្វបែបសព្វយ៉ាងទាំងអស់ហើយ។

ប្រធានមន្ទីរបន្តទៀតថា ដីនេះពីមុននៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ហើយបានកាត់ចេញពី ខេត្តកណ្តាល ចូលមក រាជធានីភ្នំពេញ ពេលដែលនៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល គឺគេមានប័ណ្ណកម្មសិទ្ធិនៅ ខេត្តកណ្តាល រួចទៅហើយ។ អីចឹងនៅពេលកាត់ពី ខេត្តកណ្តាល ចូលមក រាជធានីភ្នំពេញ ខ្ញុំគ្រាន់តែប្តូរសម្បកប័ណ្ណទេ។ ខាងក្រសួង ធ្វើអធិការកិច្ចរួចអស់ហើយគួរតែទៅសួរខាង អធិការកិច្ចក្រសួងដែនដី។ ព្រោះក្រសួងជាអ្នកហៅប្រជាពលរដ្ឋទាំង២៤១គ្រួសារមកក្រសួងដើម្បីបង្ហាញភស្តុតាង ហើយក្រសួងក៍បានធ្វើលិខិតច្រានចោលអស់ហើយកន្លងមក សំខាន់យើងអ្នកធ្វើវាអត់ខុស”៕