បញ្ចប់ជម្លោះ«ដីអាងទឹកដងទង់»អភិបាលខែត្រកំពតថ្មីតម្រូវឱ្យក្រុមហ៊ុនសេងសម្បត្តិរុះរបងស័ង្កសីចេញនិងសងដីជូនពលរដ្ឋវិញ

14

ភ្នំពេញៈ លោក ម៉ៅ ធនិន អភិបាល ខែត្រកំពត ទើបឡើងកាន់តំណែងថ្មី បានចុះដោះស្រាយវិវាទ «ដីអាងទឹកដងទង់» រវាងប្រជាពលរដ្ឋ ដែលមានជម្លោះនៅសេសសល់៤គ្រួសារជាមួយក្រុមហ៊ុន សេង សម្បត្តិ ដែលបានចាក់ដីរំលោភយក និងចេញប្លង់គ្រប់លើនោះត្រូវលោកអភិបាលខែត្រសុំឱ្យ ក្រុមហ៊ុនធ្វើការរុះរើរបងស័ង្កសីចេញវិញ ហើយសងដីជូនពលរដ្ឋវិញ។ ការលើកឡើងយ៉ាងដូច្នេះនៅក្នុងវេទិកាសាធារណៈមួយនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត ដោយការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងខែត្រ និងប្រជាពលរដ្ឋរងគ្រោះយ៉ាងច្រើនកុះករ។    

អភិបាល ខែត្រកំពត លោក ម៉ៅ ធនិន ដោយមានការព្រួយបារម្ភភ័យខ្លាចបាត់បង់ «ដីអាងទឹកដងទង់» ដែលជាដំណក់ញើសឈាមប្រជាពលរដ្ឋទំនាន់មុនបានចាត់ទុកថា ក្រុមហ៊ុនបានទិញដីមិនស្គាល់ប្រវត្តិអាងទឹកនេះច្បាស់លាស់។ លោកបានចោទជាសំណួរដែលគ្មានចម្លើយថា តើវាខ្វះណាស់ទៅឬ ស្រុកដងទង់ហ្នឹង មានដីអភិវឌ្ឍន៍តែមួយកន្លែងហ្នឹង? បើអភិវឌ្ឍន៍មានការក្ដៅក្រហាយបែបនេះលោកក៍ពិបាកទទួលយកដែរ…។

ចំពោះក្រុមហ៊ុន សេង សម្បត្តិ បានទិញដីស្រែអាស្រ័យផលពីប្រជាពលរដ្ឋចំនួន១៩គ្រួសារនោះ គឺក្រុមហ៊ុនមានសិទ្ធិត្រឹមតែ «អាស្រ័យផល» ប៉ុណ្ណោះ។ បើសិនជាក្រុមហ៊ុនចង់ដូរដីកសិកម្មទៅជា ដីអភិវឌ្ឍន៍សាងសង់ផ្ទះល្វែងលក់ដូរដូចសព្វថ្ងៃនេះ គឺលោកអភិបាលខែត្រតម្រូវឱ្យមានការស្ទាបស្ទង់ចិត្តពលរដ្ឋជាមុនសិន។

ទាក់ទង់នឹងរឿងអ្នកលួចលក់ ដីអាងទឹកដងទង់ លោកអភិបាលខែត្រ សង្កាត់ធ្ងន់ថា ចំពោះលិខិតស្នាមទិញលក់នាពេលកន្លងមក លោកនឹងបើកការណ៍ស៊ើបអង្គេតទៅតាមផ្លូវច្បាប់បន្តទៀតហើយបើសិនជាមានអ្នកធ្វើខុស នឹងមានវិធានការរដ្ឋបាល។  

ការនិយាយសំដៅទៅលើក្រុមហ៊ុន សេង សម្បត្តិ ធ្វើព្យុះភ្លៀងនៅក្នុង ស្រុកដងទង់ នាពេលកន្លងមកលោកអភិបាលខែត្រថ្មីបានលើកយកពាក្យចាក់ចំបេះដូងប្រជាពលរដ្ឋទូទៅថា មិនមែនយើងមានលុយធ្វើអ្វីៗបានតែទាំងអស់ឯណា? ការអភិវឌ្ឍន៍គឺតម្រូវសួរសុខទុក្ខលើប្រជាពលរដ្ឋជាមុនសិន។ បើសិនក្រុមហ៊ុនចង់វិនិយោគត្រូវសួរចិត្តបងប្អូនយើងសិន បើគាត់យល់ព្រមចាំធ្វើ។

លោកបានបញ្ជាឱ្យក្រុមហ៊ុន សេង សម្បត្តិ ដោយត្រង់ៗថា «អ្នកណាធ្វើរបងលើដីគេរុះចេញវិញ…ហើយដីគេមានប៉ុន្មានវាស់យកវិញ…។ ក្រុមហ៊ុនទិញដីបានប៉ុន្មានយកវិញ…ហើយក្រុមហ៊ុនមានសិទ្ធិត្រឹមតែ «អាស្រ័យផល» បើចង់វិនិយោគសាងសង់ត្រូវធ្វើលិខិតបញ្ជាក់ផ្លូវច្បាប់។ ដោយការទិញដីអាងទឹកនេះមានលក្ខណៈខុសច្បាប់ទាំងអស់ អភិបាលខែត្របញ្ជាក់ថា អាជ្ញាធរគ្រប់កម្រិតមានសិទ្ធិស៊ីញ៉េត្រឹមតែដី៣ហិកតាកន្លះប៉ុណ្ណោះសម្រាប់ការអភិវឌ្ឍន៍។

នៅពេលកំណត់ព្រំដីគេត្រូវប្រើរយៈពេលយ៉ាងតិច១៥ថ្ងៃដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរភូមិឃុំ ។ ចំណែកអាជ្ញាធរធ្វើជាឪម៉ែគេមិនមែនចេះច្បាប់ហើយធ្វើឱ្យកូនចៅឈ្លោះគ្នានោះទេ។ វាមានរឿងធំគឺមកពីអាជ្ញាធរយើងហ្នឹង។ បើរឿងនេះអាជ្ញាធរធ្វើខុសលោកនឹងមានវិន័យរដ្ឋបាលផ្នែកផ្លូវច្បាប់។ ដីសាធារណៈរបស់រដ្ឋមានតែអាជ្ញាធរដែនដីទេដែលជាអ្នកបែងចែក គឺមិនមែនក្រុមហ៊ុនមកដឹកនាំអាជ្ញាធរនោះទេ។

ទាក់ទងនឹងរឿងក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីរំលោភយកដីអាស្រ័យផលរបស់ពលរដ្ឋដែលនៅសេសសល់ លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់ បានឆ្លើយប្រាប់ពលរដ្ឋរងគ្រោះដីធ្លីថា លោកបានហាមឃាត់ក្រុមហ៊ុនដែរតែមិនស្ដាប់។ ខណៈនិយាយយ៉ាងដូច្នេះត្រូវអភិបាល ខែត្រកំពតថ្មី ស្ដីឱ្យថា ទទួលយកមិនបាន។ អភិបាលខែត្រចាត់ទុកថា យើងមិនអាចអភិវឌ្ឍន៍លើគំនរទុក្ខរបស់ប្រជាលពរដ្ឋបានទេ។ បើសិនជាគេធ្វើអីចឹងមកលើយើងៗក៍មិនអាចទទួលយកដូចគ្នាដែរ។ លោកគិតថា អាងទឹកដងទង់នេះ មានអ្នកយកជីវិតទៅប្តូរច្រើនណាស់ ! យើងមិនអាចយកមកជាន់ឈ្លីបានទេ។ 

អ្នកស្រី ឈឹម ណាន មានវ័យ៥១ឆ្នាំ រស់នៅភូមិធំថ្មី ឃុំនិងស្រុកដងទង បាននិយាយបណ្ដើរយំបណ្ដើរថា គាត់ជាពលរដ្ឋរងគ្រោះម្នាក់ដែលនៅសេសសល់ក្នុងចំណោម៤គ្រួសារ។ អ្នកស្រីបានលើកឡើងពីប្រវត្តិ ដីអាងទឹកដងទង់នេះថា ខ្ញុំរស់នៅទីនេះតាំងពីបរមបុរាណមកម្ល៉េះ។ ខ្ញុំជាក្មួយអតីតអភិបាល ស្រុកដងទង់ គឺលោក ហាយ សូន។ ដីនេះពីដើមជាដីស្រែរបស់ខ្ញុំដែលជាកេរឪពុកជាអតីតមេឃុំឈ្មោះ ឈឹម ម៉ន។ អាជ្ញាធរភូមិឃុំ និងស្រុក ធ្វើបាបខ្ញុំគ្រប់បែបយ៉ាងឥឡូវខ្ញុំបានជួបលោកអភិបាលខែត្រជា«ទេវតារស់»។

លោកស្រីបន្តថា កន្លែងនេះកាលពីដើមខ្សត់ទឹកប្រើប្រាស់ណាស់ដោយឪពុកខ្ញុំ និងលោកពូ ហាយ សូន នាំគ្នាកែនប្រជាពលរដ្ឋជីកដីលើកទំបន់ធ្វើជាអាងទឹក។ ដូច្នេះចៅហ្វាយខែត្រមុន (លោក ជាវ តាយ) ជឿតែមេភូមិ មេឃុំ និងចៅហ្វាយស្រុក គឺខ្ញុំប្រាប់គាត់ថា ដោះមិនចប់ទេ…។ មន្ត្រីរដ្ឋបាលស្រុកបានគំរាមដាក់ខ្នោះពលរដ្ឋរហូតបើសិនជាហ៊ានតវ៉ាគឺលោក សូរ សុខុម ជាមន្ត្រីរដ្ឋបាលស្រុក។ ខ្ញុំធ្លាប់បានសួរទៅចៅហ្វាយស្រុកដងទង់ គាត់ឆ្លើយប្រាប់ថា «លុបអាងទឹកដាំផ្កា»។ បើសិនពលរដ្ឋចង់ដឹងរឿងនេះច្បាស់សូមទៅសួរចៅហ្វាយខែត្រ…។

ស្ត្រីម្នាក់មានវ័យជាង៦០ឆ្នាំជាអតីតប្រធានសមាគមនារី ស្រុកដងទង់ បានលើកឡើងថា អាងទឹកនេះ គឺបានមកដោយសារគុណបំណាច់លោកពូ ហាយ សូន និងលោកពូ ឈឹម ម៉ន។ ពួកគេមិនគួរណាលុបបំបាត់អាងទឹក និងបំភ្លេចវាបានទេ។ ខ្ញុំរស់នៅទីនេះតាំងពី ឆ្នាំ១៩៧៩ ខ្ញុំបានដឹងរឿងនេះច្បាស់ណាស់ រីឯលោកមេភូមិ មេឃុំ និងចៅហ្វាយស្រុកគឺមកក្រោយៗទេ។ 

អ្នកស្រី ប៊ូរ ចាន់ធឿន តំណាងក្រុមហ៊ុន សេង សម្បត្តិ និងលោក ណែម សារឿន អ្នកទិញដីពីប្រជាពលរដ្ឋឱ្យក្រុមហ៊ុនដែរ បានលើកឡើងថា ពួកគេទិញដីអាស្រ័យផលដែលមានជម្លោះនេះពីប្រជាពលរដ្ឋឱ្យក្រុមហ៊ុន ដោយយោងទៅតាមឯកសារ គឺមិនបានទិញដីពីពលរដ្ឋម្នាក់ៗទេ គឺតាមរយៈអាជ្ញាធរដែលតំណាងដោយលោក តិល រិន ជាមេភូមិសុភី ឈរឈ្មោះឱ្យពលរដ្ឋចំនួន១៩គ្រួសារ ហើយពួកគាត់លក់ដីទៅតាមការជាក់ស្ដែង។ 

ជុំវិញរឿងជម្លោះដីអាងទឹកដងទង់ លោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន បានគូសបញ្ជាក់នៅល្ងាចថ្ងៃទី២៤ ខែតុលា នេះថា រឿងហ្នឹងមិនទាន់ចប់ទេ។ ពីព្រោះដីពួកគាត់នៅត្រង់ណា ទៅយកវិញទៅ…។ ប៉ុន្តែខ្លាចតែរកដីមិនឃើញ សម្រាប់ខ្ញុំឯកភាព។ ខ្ញុំបានប្រាប់ប្រជាជនដែលបានលក់ដីឱ្យខ្ញុំថា ប្រយ័ត្នគេយកដីវិញខ្ញុំក៍យកលុយវិញដែរ។ ការវាស់វែងដី គឺជារឿងរបស់ពួកគួកជេ។ ខ្ញុំបានទិញដីជាង១២ហិកតាទៅតាមប្លង់ជាក់ស្ដែង និងតាមប្លង់ស្នើសុំរបស់ប្រជាពលរដ្ឋ១៩គ្រួសារដោយមានការវាស់វែងជាក់ស្តែងដោយគិតលុយពេញថ្លៃ។ 

ប្រធានក្រុមហ៊ុន សេង សម្បត្តិ បានបន្តទៀតថា លោកបានដូរប្រភេទដីពីកសិកម្មមកលំនៅដ្ឋាននៅ ខែត្រកំពត រួចហើយក្នុងរង្វង់ ខែកញ្ញា ឆ្នាំ២០២១។ លោកកំពុងធ្វើលិខិតស្នើសុំច្បាប់សាងសង់ និងអភិវឌ្ឍន៍ទៅ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដល់សាលាខែត្រហើយ។ ដោយទើបដូរអភិបាលខែត្រថ្មីលោកគិតថា ការដូរប្រភេទដីរួចហើយមិនដឹងថា អភិបាលថ្មីគិតយ៉ាងណានោះទេ។ លោកបន្តថា «បើមិនមានលិខិតចុះបញ្ជីបានត្រឹមត្រូវទេខ្ញុំក៍មិនហ៊ានទិញដីនេះដែរ។ ព្រោះវាជាឯកសារគួរឱ្យទុកចិត្ត កុំអីខ្ញុំមិនហ៊ានធ្វើទេ»។ 

គួរបញ្ជាក់ថា ជុំវិញការលួចលក់ ដីអាងទឹកដងទង់ នេះមានមន្ត្រីពាក់ព័ន្ធពុករលួយជាច្រើនដូចសម្លកំពឹសអីចឹងកំពុងតែភ័យបុកពោះ ដែលបានទទួលលុយពីលោក សេង សម្បត្តិ នៅក្នុងខែត្រកំពត នៃរាជការលោក ជាវ តាយ ជាអភិបាលខែត្រ។ នៅក្នុងនោះមានដូចជា លោក វ៉ិត វឌ្ឍនា នាយរដ្ឋបាលខែត្រ លោក ប៉ិល កុលស អភិបាលរងខែត្រ លោក ដាញ់ សារី ប្រធានមន្ទីរដែនដីខែត្រ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹកខែត្រ និងមានរហូតដល់មន្ត្រីមូលដ្ឋានស្រុកឃុំភូមិថែមទៀតផង៕