ពលរដ្ឋនាំគ្នាទៅដកប្រាក់កក់វិញពីគម្រោង«បុរីធម្មជាតិដងទង់»របស់ក្រុមហ៊ុនសេងសម្បត្តិដែលធ្វើនំអត់ម្សៅ

75

ភ្នំពេញៈ ក្រុមហ៊ុន សេង សម្បត្តិ ដែលបានទិញដីពីការលួចលក់ «អាងទឹកដងទង់» ពីសំណាក់ក្រុមអាជ្ញាធរភូមិឃុំស្រុកនិងខែត្រស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត មានតម្លៃរាប់លានដុល្លារទំហំជាង១២ហិកតានោះកំពុងតែបើកលក់គម្រោងខ្យល់ឈ្មោះថា «បុរីធម្មជាតិដងទង់» ដោយពុំមានច្បាប់អនុញ្ញាតសាងសង់ឡើយ។ នេះបើតាមការបញ្ជាក់ពីលោក ដាញ់ សារី ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ខែត្រកំពត នាពេលកន្លងមក។

មិនត្រឹមតែប៉ុណ្ណោះដីនេះកំពុងតែមានរឿងទំនាស់ជាមួយប្រជាពលរដ្ឋ ប៉ុន្តែក្រុមហ៊ុនបានលួចចាក់ដីរំលោភយដីពលរដ្ឋដែលកំពុងតែអាស្រ័យផលចំនួន២៩គ្រួសារទាំងកម្លាំងបាយទៅវិញ។ ដោយបានមើលឃើញក្រុមហ៊ុន សេង សម្បត្តិ ធ្វើនំអត់ម្សៅគ្មានច្បាប់ទម្លាប់អ្វីបន្តិចសោះគឺមានតែ «ប្លង់លក់បុរី» តែមួយប៉ុណ្ណោះដាក់តាំងបង្ហាញនៅនឹងកន្លែងបើកលក់គម្រោងបុរីដែលធ្វើឱ្យពលរដ្ឋគ្មានទំនុកចិត្តក៍នាំគ្នាទៅដកយកប្រាក់កក់ពីក្រុមហ៊ុនវិញយ៉ាងតិចមានមនុស្ស១០នាក់ក្នុងចំណោមមនុស្សជាង៤៥នាក់។ នៅពេលថ្មីៗក្រុមហ៊ុននេះបានរៀបចំឈុតឆាកល្ខោនសម្ដែងហៅមនុស្សស្គាល់គ្នាមកថតកាន់លិខិតប្រគល់ទទួលទិញលក់បុរីរបស់ខ្លួនប្រៀបបីដូចជា«ក្អែកបន្លំខ្លួនធ្វើហង្ស» អីចឹង។  

បើយោងតាម ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មុននឹងសាងសង់បុរីដូច ក្រុមហ៊ុន សេង សម្បត្តិ ឬធ្វើសាងសង់ផ្សេងៗត្រូវមាន តារាងត្រួតពិនិត្យឯកសារ និងគម្រោងប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់។ សំណុំលិខិតស្នើសុំលិខិតអនុញ្ញាតសាងសង់ទាំងអស់របស់សាមីសំណើត្រូវធ្វើជាភាសាខ្មែរ ក្នុងករណីបើមានភាសាបរទេសអាចភ្ជាប់មកជាមួយដែលមានដូចជា ពាក្យស្នើសុំត្រូវមានការចុះហត្ថលេខា ឬស្នាមមេដៃរបស់សាមីសំណើ។ ពាក្យស្នើសុំហ៊ុមព័ទ្ធការដ្ឋានត្រូវមានការចុះហត្ថលេខា ឬស្នាមមេដៃរបស់សាមីសំណើ រូបថតបង្ហាញទីតាំងដីឡូត៍ស្នើសុំសាងសង់ សាលាកបត្រដីឡូត៍ រៀបចំដោយមន្ទីរ ដនសសរាជធានី/ខែត្រ។ ក្នុងករណីសំណង់មានផ្ទៃក្រឡាធំជាង៥០០ម៉ែត្រការ៉េ (ប្រាំរយម៉ែត្រក្រឡា) ត្រូវមានបន្ថែមនូវកិច្ចសន្យារវាងម្ចាស់សំណង់ជាមួយអ្នកសិក្សាគម្រោងប្លង់ស្ថាបត្យកម្មដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ ប្រកបអាជីវកម្មសិក្សាគម្រោងប្លង់…។ល។

ក្នុងរឿងដដែលនេះ នៅក្នុងឯកសារកាន់កាប់ដីស្របច្បាប់ថតចម្លងដែលមានធ្វើនីត្យានុកូលកម្មនៅសាលារាជធានី/ខែត្រ ក្រុង ត្រូវមានបណ្ណសម្គាល់លិខិតសិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬកិច្ចសន្យាដួលដី ឬវិញ្ញាបនបត្រជួលរយៈពេលវែង។ល។

បុរសម្នាក់មានវ័យជាង៣៨ឆ្នាំរស់នៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ បានទៅដកប្រាក់កក់ពីក្រុមហ៊ុន សេង សម្បត្តិ វិញចំនួន១០០០ដុល្លារដោយគាត់ទើបតែដាក់ពាក្យស្នើសុំដកប្រាក់កក់ពីក្រុមហ៊ុន។ ពីព្រោះលោកមិនបានឃើញក្រុមហ៊ុនធ្វើសកម្មភាពអ្វីទាល់តែសោះ។ រីឯស្ត្រីម្នាក់ទៀតក៍បានទៅដកលុយកក់ពីក្រុមហ៊ុននេះដែរ នូវទឹកប្រាក់១០០០ដុល្លារ។ ដោយគាត់អរខ្លាំងពេកក៍បានចាក់ទុកលុយខ្លួនឯងថា «ដូចរើសបានលុយ១០០០ដុល្លារ» ទៅវិញ។

ចំណែកបុរសម្នាក់ទៀតរស់នៅភូមិឃុំខាងលើមានវ័យជាង៤០ឆ្នាំក៍បានទៅដកយកប្រាក់កក់របស់ខ្លួនពីក្រុមហ៊ុន សេង សម្បត្តិ ចំនួន១០០០ដុល្លារលោកបានលើកឡើងថា គាត់គ្មានទំនុកចិត្តលើកក្រុមហ៊ុននេះទាល់តែសោះគឺឮតែមានរឿងរហូត…។ ទាក់ទងរឿងខាងលើនេះលោក ស៊ីវ ផេង អភិបាល ស្រុកដងទង់ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា មិនបានលើកទូរស័ព្ទអ្នកសារព័ត៌មានឡើយ។ ចំណែកលោកអ៊ឹង ឆាយ អ្នកនាំពាក្យសាលា ខែត្រកំពត វិញក៍ពុំអាចសុំការបំភ្លឺបានដែរ។ ការដែលព្យាយាមគេចវេសមិនឆ្លើយតបជាមួយអ្នកសារព័ត៌មាននេះមិនមែនជាលើកទី១នោះទេសូម្បីអង្គភាពយើងបានដាក់លិខិតស្នើសុំបំភ្លឺព័ត៌មានលាយល័ក្ខអក្សរទៅសាលា ខែត្រកំពត រួចហើយដែរក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេម្ចាស់ករណីលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានស្រាយបំភ្លឺថា រឿងគេធ្វើគម្រោងមួយៗគឺមានច្បាប់ហើយបង…ហើយរឿងគេបើកលក់ក៍មានច្បាប់ដែរ។ ការរៀបចំគម្រោងមួយៗមិនចេះតែធ្វើទេសម័យ កូវីដ១៩ មិនចេះតែយកលុយទៅចោលនោះទេ។បើសិនបុរីនេះអត់មានច្បាប់លោកបានជំរុញឱ្យខាងអ្នកច្បាប់ទៅចាប់បុរីរបស់លោកទៅ…។ 

លោកបានបន្តទៀតថា បុរីរបស់ខ្ញុំគឺបានរត់ច្បាប់ចេញពីក្រសួងដែនដីមក។ ការបើធ្វើគម្រោងមួយៗខ្ញុំមិនចេះតែយកលុយទៅចោទនោះទេ។ ចំពោះអ្នកដកប្រាក់កក់វិញខ្ញុំបានទទួលស្គាល់ថា កំហុសដោយសារអ្នកលក់។ ប៉ុន្តែពួកគាត់ដកលុយកក់វិញក៍ខ្ញុំអរដែរ ពីព្រោះក្រុមហ៊ុនបានពង្រីកទំហំដីផ្ទៃ។ ដីនេះខ្ញុំបានទិញពីប្រជាពលរដ្ឋ ហើយក៍បានសិក្សាផលប៉ះពាល់យូរខែដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមឯកសារស្នើសុំចាក់ដីចូលតំបន់ អាងទឹកដងទង់ គឺមិនទាន់ទទួលបានការឯកភាពពីលោក ជាវ តាយ អភិបាលខែត្រនៅឡើយទេ ហើយទីតាំងនេះក៍មិនទាន់មានប្លង់កម្មសិទ្ធិនោះដែរ។ ដូច្នេះទាំងពលរដ្ឋ និងអ្នកសារព័ត៌មាន ជាច្រើនមានចម្ងល់ថា បើមិនមានច្បាប់តើហេតុដូចម្តេចទើបគេចាក់ដីបានសម្រេច? ឬអាជ្ញាធរខ្លះមិនហ៊ានចុះឃាត់ព្រោះមានចំណុចខ្សោយក្នុងដៃក្រុមហ៊ុន ? ៕