អាងទឹកដងទង់ដែលមានទំហំជាង១២ហិកតាត្រូវបានមន្ត្រីគប់គិតរួមគំនិតក្បត់លួចលក់ឱ្យក្រុមហ៊ុន សេង សម្បត្តិ តម្លៃរាប់លានដុល្លារ

31

ទស្សនាវីដេអូ ខែត្រកំពត ៖ អំពើពុករលួយជាប្រព័ន្ធដោយសារលុយដុល្លារបាំងមុខជាធំចាប់តាំងពី ថ្នាក់ភូមិឃុំស្រុកមន្ត្រីជំនាញរហូតដល់ថ្នាក់ខែត្រ ពួកគេពិតជាហ៊ានណាស់បាន គប់គិតរួមគំនិតគ្នាក្បត់លួចលក់ទ្រព្យសម្បត្តិរដ្ឋ «អាងទឹកដងទង់» ជាកន្លែងស្តុកទឹកសម្រាប់ស្រោចស្របស្រែប្រាំងប្រជាកសិករដែលមានផ្ទៃដីទំហំជាង១២ហិកតា ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់ស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត។

ផ្ទៃអាងទឹកដងទង់ ដែលជាសម្បត្តិរដ្ឋមានតម្លៃនេះត្រូវបានក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ពេញជាស្ថាពរគឺអង្ករក្លាយជា
បាយដោយពុំមានច្បាប់អនុញ្ញាត។ ក្រុមហ៊ុននេះមានទីតាំងនៅ ភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខែត្រកំពង់ស្ពឺ បានលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗគ្របលើដី
អាស្រ័យផលរបស់ពលរដ្ឋចំនួន២៩គ្រួសារ ដោយក្នុងនោះ១៩គ្រួសារយល់ព្រមលក់តែមិនទាន់ទទួលបានលុយគ្រប់ចំនួននៅឡើយទេ។ ប្រជាពលរដ្ឋនៅ ស្រុកដង
ទង់ និងមហាជនទូទាំងប្រទេសមានចម្ងល់ថា ឈ្មួញទិញដីតែ១៩គ្រួសារ មានផ្ទៃដីសរុបប្រហែល ៩ហិកតាសោះហេតុអ្វីត្រូវចាក់ដីលុបផ្ទៃអាងទឹកទាំងមូលរហូត
ដល់ជាង១២ហិកតាទៅវិញ? តើអាងទឹកនរណាជាអ្នកលក់ ?

លោក សេង សម្បត្តិ កើតឆ្នាំ១៩៧២ ជនជាតិខ្មែររស់នៅ ខែត្រកំពង់ស្ពឺ កាន់អត្តសញ្ញាណបណ្ណខ្មែរលេខ ០៣០៥៧៧៧៤០ បានធ្វើលិខិតស្នើសុំចាក់ដីលុបអាង
ទឹកដងទង់ រំលោភយកធ្វើកម្មសិទ្ធិដែលស្ថិតនៅភូមិឃុំខាងលើធ្វើនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋានដូចជាលោក
តិល រិន មេភូមិសុភី លោក កែវ គឹម មេឃុំស្រែជាខាងជើង និងលោក ស៊ីវ ផេង អភិបាល ស្រុកដងទង់ បានចុះហត្ថលេខាអនុញ្ញាតឱ្យលោក សេង សម្បត្តិ ចាក់ដី
លុប អាងទឹកដងទង់ ទាំងបំពានច្បាប់រដ្ឋនៅថ្ងៃទី១៥ និងទី១៦ ខែមីនា ឆ្នាំ២០២១។

ដោយឡែកនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក សេង សម្បត្តិ ក៍បានព្យាយាមធ្វើលិខិតស្នើសុំចាក់ដីលុប អាងទឹកដងទង់ រំលោភយកធ្វើជាកម្មសិទ្ធិម្ដងទៀត
ទៅលោក ជាវ តាយ អភិបាល ខែត្រកំពត តាមរយៈ លោកមេភូមិ មេឃុំ និងអភិបាលស្រុក ដើម្បីចាក់ដីបំពេញសាងសង់ផ្ទះល្វែងលក់ តែមិនទាន់ទទួលបានការ
អនុញ្ញាតចាក់ដីផងស្រាប់តែក្រុមហ៊ុនដាក់ឡានជាច្រើនគ្រឿងសម្រុកចាក់ដីរហូតបានសម្រេចស្របពេលអាជ្ញាធរស្រុកលោក ស៊ីវ ផេង ឱ្យអ្នកសារព័ត៌មានយើង
ដឹងថា លុយគេ ដីគេ គេទិញដីចាក់ដោយខ្លួនឯង លោកមិនមានសិទ្ធិហាមឃាត់គេនោះទេ។

ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើជាម្ចាស់ដីក្នុងផ្ទៃ អាងទឹកដងទង់ បានលើកឡើងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះថា អាងទឹកដងទង់ ស្ថិតនៅក្នុង
ភូមិសុភី នេះដែលមានទំហំផ្ទៃដីអាងជាង១២ហិកតាត្រូវក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិដោយមានការគប់គិតគ្នាពីសំណាក់អាជ្ញា
ធរភូមិឃុំស្រុក មន្ត្រីជំនាញ រហូតដល់មន្ត្រីខែត្រ។ ការចាក់ដីលុបអាងទឹករួចហើយក្រុមហ៊ុនក៍បានធ្វើរបងស័ង្កសីព័ទ្ធជុំវិញដើម្បីសាងសង់ផ្ទះល្វែងលក់បន្ត។
ឥឡូវនេះមានប្រជាពលរដ្ឋមួយចំនួនកំពុងតែផុងខ្លួនទិញគម្រោងផ្ទះល្វែងខ្យល់យ៉ាងតិចជាង៣០គ្រួសារផងដែរដោយម្នាក់កំពុងតែភ័យបុកពោះរឿងលុយកក់
រាប់រយរាប់ពាន់ដុល្លាររបស់ខ្លួន។

ក្រុមហ៊ុន សេង សម្បត្តិ បានរំលោភយកដីពលរដ្ឋដែលកំពុងអាស្រ័យផលក្នុង អាងទឹកដងទង់ មានចំនួន១០គ្រួសារ ប៉ុន្តែមានអ្នកខ្លះបានទទួលលុយគ្រប់ចំនួន
ពីក្រុមហ៊ុន ហើយអ្នកខ្លះទៀតមិនទាន់ទទួលបានលុយគ្រប់នោះទេ។ ប្រភពបន្តទៀតថា ការចាក់ដីលុបអាងទឹកនេះថ្វីបើសម្រេចមួយភាគរយក្ដី ប៉ុន្តែត្រូវបាន
បែកការណ៍ដឹងដល់ថ្នាក់លើក៍គាំងធ្វើប្លង់មិនចេញនៅទើរត្រឹម ខែត្រកំពត។ រឿងដីនេះពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅខាង អង្គភាពប្រឆាំងអំពើពុករលួយ
ហៅកាត់ថា អេស៊ីយូ (ACU) រួចស្រេចហើយដែរពោលគឺសាមីអង្គភាពនេះកំពុងតែធ្វើការស៊ើបអង្គេតយ៉ាងយកចិត្តទុកដាក់ ហើយមន្ត្រីខ្លះៗក៍ត្រូវបានកោះ
ហៅសួរនាំជាច្រើនដងផងដែរ។

ដោយមិនអាចអត់ទ្រាំនឹងការរំលោភបំពានជិះជាន់អ្នកទន់ខ្សោយ ពលរដ្ឋរងគ្រោះបានចោទប្រកាន់ក្រុមហ៊ុន សេង សម្បត្តិ នេះថា បានចាយលុយជាមួយអាជ្ញា
ធរមូលដ្ឋានចាប់តាំងពី ថ្នាក់ភូមិឃុំស្រុក និងខែត្រអស់ជាង៨០ម៉ឺនដុល្លារតែមិនទាន់បានប្លង់រឹងនៅឡើយទេ។ បើយោងតាមរូបភាពបែកធ្លាយមានមន្ត្រីខែត្រម្នាក់
ឈ្មោះ វ៉ឹត វឌ្ឍនា ជានាយករដ្ឋបាល ខែត្រកំពត បានទទួលលុយជាច្រើនម៉ឺនដុល្លារពីលោក សេង សម្បត្តិ អមដោយឧត្តមភរិយារបស់លោកបានចេញមកទទួល
លុយយកទៅរាប់ដែលគេដាក់ក្នុងភាជន៍ទាំងទឹកមុខញញឹមបិទមាត់មិនជិតឡើយ។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល ស្រុកដងទង់ លោក ងន លាង បានធ្វើលិខិតសុំកាន់
កាប់ដីធ្លីឱ្យលោក សេង សម្បត្តិ និងមនុស្សពីរនាក់ទៀតឈ្មោះ សុខ ហ្គិច និងឈ្មោះ ចាន់ ស្រីឡែន ដែលអ្នកទាំងពីរបានទិញដីបន្តពី សេង សម្បត្តិ។ ប៉ុន្តែនៅ
ក្នុងលិខិតដដែលនោះចុះហត្ថលេខាតែ ប្រធានភូមិបាលស្រុក អភិបាលស្រុក និងប្រធានមន្ទីររៀបចំដែនដីខែត្រ រីឯអភិបាលខែត្រវិញមិនបានចុះហត្ថលេខាទេ។

តាមប្រភពក្រៅផ្លូវការ ក្រសួងធនធានទឹកនិងឧតុនិយម មិនបានដឹងរឿងគេចាក់ដីលុប អាងទឹកដងទង់ នេះទេ។ តែទោះជាយ៉ាងណាលោក ចាន់ វណ្ណា ប្រធាន
មន្ទីរធនធានទឹកនិងឧតុនិយម ខែត្រកំពត ចាត់ទុក ទំនប់អាងទឹកដងទង់ ថាជាដីស្រែធម្មតាព្រោះនៅ ឆ្នាំ១៩៨៥ ឬ៨៦ ត្រូវគេបង្កើតស្រុកថ្មី ហើយក៍បានជីកដី
ធ្វើជារបាំងការពារសឹកសង្គ្រាមជាមួយខ្មែរក្រហម។ វាក៍មិនមែនជាកន្លែងទំនប់ទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ។ តែក្រោយមកពលរដ្ឋក៍នាំគ្នាសុំធ្វើប្លង់កាន់
កាប់ហើយស្រុកក៍ធ្វើការបែងចែកឱ្យពួកគាត់អាស្រ័យផលរៀងៗខ្លួន។

ប្រធានមន្ទីរបន្តថា ទំនប់ដែលមានប្រវែងប្រហែល៣០០ម៉ែត្រនេះមិនមែនជាអាងទឹកសម្រាប់ស្រោចស្របស្រែចម្ការទេ។ យើងមិនបានចុះបញ្ជីការនៅ ក្រសួង
ធនធានទឹក ឡើយពីព្រោះវាមិនមែនជាលក្ខណៈចារឹកប្រព័ន្ធធារាសាស្ត្រ។ ធម្មតាការអភិវឌ្ឈន៍វាតែងតែមានផលប៉ះពាល់ខ្លះអីចឹងហើយសំខាន់យើងឈរលើ
គោលការណ៍រួមគ្នាដោះស្រាយបញ្ចប់រឿង។

នៅរសៀលថ្ងៃទី១៨ ខែកញ្ញា លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលពុំមានអ្នកទទួល។ ចំណែកលោក អ៊ឹង ឆាយ
អ្នកនាំពាក្យសាលា ខែត្រកំពត លើកឡើងថា អាជ្ញាធរកំពុងតែឈឺក្បាលរឿងហ្នឹង…។ នៅសប្ដាហ៍ក្រោយខែត្រនឹងកោះហៅពលរដ្ឋពាក់ព័ន្ធមកដោះស្រាយគ្នា
នៅខែត្រ រីឯខាងភាគីក្រុមហ៊ុនរង់ចាំតែសម្របសម្រួល។ យើងចង់បានតែយុត្ដិធម៌ជូនពលរដ្ឋដែលនៅសល់មិនទាន់ដោះស្រាយ៤គ្រួសារទៀត។

លោកបន្តថា កន្លែង អាងទឹកដងទង់ ពីមុនជាដីស្រែទំនាប ហើយក្រោយមកលោក ហៃ សូន អតីតអភិបាលស្រុកបានកែនពលរដ្ឋមកធ្វើទំនប់ ឬលេនដ្ឋានជីកដី
ហើយក្រោមកគេធ្វើផ្លូវក៍ជីកថែមទៀតវាកាន់តែជ្រៅទៅ…។ លោកក៍បានឱ្យមន្ទីរជំនាញឆែកមើលអាងទឹកនោះថាពុំមានចុះបញ្ជីការនៅ ក្រសួងធនធានទឹក ទេ។

លោក សេង សម្បត្តិ ដែលដាក់លេខទូរស័ព្ទ ០៦៨ ៤២៨ ២៩៥ ទំនាក់ទំនងនៅក្នុងលិខិតស្នើសុំចាក់ដីលុប អាងទឹកដងទង់ ប៉ុន្តែអ្នកទទួលឈ្មោះផ្សេងធ្វើការនៅ
ក្នុងក្រុមហ៊ុនក៍បានឆ្លើយតបថា ករណីខាងលើក្រុមហ៊ុនបានដោះស្រាយជាមួយពលរដ្ឋជិតចប់អស់ហើយ។ តែចំពោះរឿងគប់គិតគ្នាចាក់ដីរំលោភបំពានយកអាង
ទឹកវិញប្រភពនោះក៍បានបិទទូរស័ព្ទ ដោយពុំបានបកស្រាយអ្វីឡើយ។

ប្រជាពលរដ្ឋបានសំណូមពរសុំឱ្យអាជ្ញាធរ ខែត្រកំពត និងអង្គភាពប្រឆាំងអំពើពុករលួយ ជួយរកយុត្តិធម៌ ឬរកដំណោះស្រាយសមស្របណាមួយជូនអ្នកដែល
នៅសេសសល់។ អាជ្ញាធរពាក់ព័ន្ធខាងលើព្រមទាំងមន្ត្រីជំនាញកំពុងខំព្យាយាមបកស្រាយយកត្រូវក្នុងរឿងគប់គិតរួមគំនិតគ្នាលួចលក់ដី អាងទឹកដងទង់ របស់
រដ្ឋ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះមានតែ «អេស៊ីយូ» មួយទេដែលអាចធ្វើការស៊ើបអង្គេតបកស្បែកជនពុករលួយទាំងនោះបាន។

គួរបញ្ជាក់ថា ដីកំពុងតែមានជម្លោះដោះស្រាយមិនចេញផងស្រាប់តែក្រុមហ៊ុន សេង សម្បត្តិ សាងសង់ផ្ទះល្វែងលក់ឱ្យអតិថិជនយ៉ាងរំភើយទៅវិញ។ ម្យ៉ាងទៀត
ដីនេះជាដីអាងទឹករបស់រដ្ឋមិនមានចេញលិខិតឱ្យកាន់កាប់ស្របច្បាប់ឡើយ។ ដូច្នេះសូមបងប្អូនពលរដ្ឋមុននឹងទិញផ្ទះឬដីធ្លីគួរតែសួរនាំព័ត៌មានឱ្យបានល្អិតល្អន់
បន្តិចដើម្បីកុំឱ្យខូចប្រយោជន៍ និងមានបញ្ហាទៅថ្ងៃខាងមុខ៕ ដោយៈ លោកតិល ពិសិដ្ឋ