ជាប្រវត្តិសាស្រ្តខេត្តកែប មានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តផ្ទាល់ខ្លួន ដែលប្រកាសអោយដំណើការដោយឯកឧត្តម កើត រិទ្ធ

113

កែប៖ ថ្ងៃជាប្រវត្តិសាស្ត្រ ថ្មីមួយ ស្របពេលជាមួយថ្ងៃនៃទិវា ប្រកាស រដ្ឋ ធម្មនុញ្ញ  ២៤  កញ្ញា  ខេត្តកែបបានរៀបចំពិធីដាក់ឱ្យដំណើរការសាលាដំបូង ខេត្តកែប និងប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តកែប  និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកែប  ក្រោមអធិបតីភាព  ឯកឧត្ដម  កើត  រិទ្ធ  រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយការដាក់អោយប្រកាសនេះជាការបង្កភាពងាយស្រួលដល់ពលរដ្ឋទូទាំងខេត្តកែប ដែលត្រូវការសេវាយុត្តិធម៌ ហើយនេះក៏ជាការពង្រីកប្រព័ន្ធយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងឱកាសនោះលោកបានបញ្ជាក់ថា ការដាក់អោយដំណើរការ សាលាដំបូងខេត្តកែប  និងអយ្យការអមសាលាដំបូងខេត្តកែប គឺជាសាលាដំបូងចុងក្រោយគេ ក្នុងប្រទេសកម្ពុជាដែលបានដាក់អោយដំណើរការ ហើយថ្ងៃនេះជាប្រវត្តិសាស្រ្តរបស់ខេត្តកែបដែលមានសាលាដំបូង និងអយ្យការអមសាលាដំបូង ដើម្បីបម្រើប្រព័ន្ធយុត្តិធម៌ជូនប្រជាពលរដ្ឋ អោយកាន់តែងាយស្រួល និងប្រសិទ្ធភាពសម្រាប់ធានាសិទ្ធសេរីភាពរបស់បុគ្គល ថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

 ឯកឧត្តមបន្តថា ការដាក់អោយដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខេត្តកែប គឺធ្វើឡើងដោយហេតុផលសំខាន់ចំនួន២ទី១ គឺផ្អែកតាមការវិវត្ត នៃស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ខេត្តកែប ជាពិសេសទៅតាមសំណូមពររបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ទី២ ការរៀបចំនេះធ្វើឡើងទៅស្របតាមច្បាប់នៃការរៀបចំអង្គការតុលាការដែលតម្រូវអោយមានសាលាដំបូងមួយនៅតាមបណ្តារាជធានី ខេត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសស្របទៅតាមទិសដៅនៃកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដែលបង្ខិតនៃការផ្តល់សេវាយុត្តិធម៌កាន់តែជិតប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខេត្តកែប តាមរយៈការកាន់បន្ថយការចំណាយពេលវេលា និងថវិការ ក្នុងការធ្វើដំណើរ ទៅកាន់សាលាដំបូងខេត្តកំពតផងដែរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ការដាក់ឱ្យដំណើរការសាលាដំបូងខេត្តកែបនាពេលនេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រមទាំងបានចូលរួមលើកកម្ពស់សេវាយុត្តិធម៌នៅកម្ពុជា អោយកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ស្របតាមទិសដៅក្រសួងយុត្តិធម៌ និងស្របតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា សំដៅលើកកម្ពស់គុណភាព នៃការកាត់ក្តីឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងស្អាតស្អំ បង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា។

ឯកឧត្តម បន្តថា ក្រៅពីដាក់អោយដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប រដ្ឋបាលខេត្តកែប ក៏កំពុងគិតគូរគម្រោងសាងសង់ពន្ធនាគារខេត្តកែប លើផ្ទៃដីមិនតិចជាង២ហិចតានោះទេ និងដីសម្រាប់សាងសង់ទិតាំងរក្សាទុកវត្ថុតាងផងដែរ។ 

គួរបញ្ជាក់ថា តាមព្រះរាជក្រឹត្យដាក់ឲ្យដំណើរការសាលាដំបូងខេត្តកែប និងព្រះក្រិត្យតែងតាំងដែលអានដោយ ឯកឧត្តម អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ហន សុខេមរិន ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកែប ខណៈឯកឧត្តម ខាន់ សុផល ត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប៕