មន្រ្តីជួរមុខក្នុងខេត្តបន្ទាយមានជ័យ បានទទួលចាក់វ៉ាក់សាំង AstraZeneca ដូសទី៣

7

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជួរមុខនៅក្នុងខេត្តបន្ទាយមានជ័យ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីDelta បានទទួលការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ (ដូសជំរុញ) ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្តើមកាល ពីថ្ងៃ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។

នៅក្នុងឱកាសយុទ្ធនាការនេះ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ជាប្រ ធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តបន្ទាយមានជ័យបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣ បន្ថែម ដើម្បីជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួន ប្រឆាំងនឹងជំងឺកូវីដ-១៩បំប្លែងថ្មី Delta ជូនដល់ មន្ត្រីជួរមុខ រួមមាន៖ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ក្រុមយុវជន ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រី រាជការ និងកងកម្លាំងជួរមុខ នៅក្នុងខេត្តជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម បានអំពាវនាវដល់មន្ត្រីជួរមុខទាំងអស់ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣រួចហើយក្តី ត្រូវតែបង្កើនការយកចិត្តទុកដាក់ថែមទៀត ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ នោះទើបចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

ជាមួយនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដល់បុគ្គលិកពេទ្យ ក្រុមយុវជន កងកម្លាំងសមត្ថកិច្ច និងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាឱកាសក្នុងការបម្រើ ជាតិ និងបម្រើរាស្ត្រដែលមិនអាចគេចវេសពីតួនាទី ការងារ និងភារកិច្ចនេះបានឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១៣.៦០០ដូស ត្រូវបានដឹកតាមឧទ្ធម្ភាគច្រក ទៅដល់ទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីចាក់ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹង ហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីDelta នៅពេលដែលមានពលករខ្មែរជាច្រើនបាន វិលត្រឡប់មកពីប្រទេសថៃវិញនោះ។

កាលពីដើមខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួច រាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺ កូវីដ-១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទDelta ដែលកំពុង តែរីករាលដាលនៅក្នុងតំបន់ ៕