កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងស្រុកចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបាន8នាក់ កាំភ្លើងខ្លី1ដើម និងគ្រឿងញៀនរាប់សិបគីឡូក្រាម

27

បន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យចរាចរផ្លូវគោគ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការដឹកនាំសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសហការចុះអនុវត្តដីកាបានឈានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ នៅចំណុចផ្ទះល្វែងមួយកន្លែង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ ០៤នាក់ដែលឃាត់ខ្លួនបានរួមមាន៖

ទី១.ឈ្មោះ រ៉ុង យ៉ីងហាក់ ភេទប្រុស អាយុ​ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

ទី២.ឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ

ទី៣.ឈ្មោះ សុខ សេថា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ

ទី៤.ឈ្មោះ វ៉ាន់ ឈីដា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិថៃ ទាំងបួននាក់នេះ រស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដកហូតបានវុត្ថុតាងរូមមាន៖ ម្ស៉ៅក្រាមពណ៌សសង្ស័យសារធាតុញៀនចំនួន៣៣(សាមសិបបី)កញ្ចប់ធំ, ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៥កូនថង់, ថ្នាំច្រកថង់ពណ៌ខៀវ០២កញ្ចប់ថ្នាំគ្រាប់ពណ៌ផ្កាឈូក(រាងបេះដូង) ០២កូនថង់,ថ្នាំគ្រាប់ពណ៌ត្រួយចេក រាងចតុកោន ០២កូនថង់ថ្នាំគ្រាប់ពណ៌ក្រហម រាងមូល០១កូនថង់ មាន០២គ្រាប់ និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២ និងសម្ភារ:កែឆ្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងរថយន្ត០១គ្រឿងម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ 2C-3186។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ នៅថ្ងៃដដែលបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិអូរអំពិល ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ដែលមានជនសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ មិនពិតប្រាកដ(គេចខ្លួន)។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង សំរិទ្ធ សុខុន នៅវេលាម៉ោង១០និង៤០នាទី យើងបានបង្កើតគណៈកម្មការឆែកឆេរផ្ទះរបស់ឈ្មោះ ឡេង គឹមឡាយ ដកហូតវត្ថុតាងដូចជា៖ ម្សៅក្រាមសថ្លាចំនួន០១កញ្ចប់និង០១កូនថង់តូច, កាំភ្លើងម៉ាក់ឡុកចំនួន០១ដើម មានគ្រាប់១៦គ្រាប់។

ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន៦៣គ្រាប់ ពណ៌ក្រហម៥៥គ្រាប់ ពណ៌ខៀវ០៨គ្រាប់, ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន០៥ប្រអប់មាន១២៥ដប, និងថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ព្រមទាំងរថយន្ត Toyota Prus ០១គ្រឿងទៀត ដែលជនសង្ស័យឈ្មោះឡេង គឹមឡាយ ជិះយកទៅផ្ញើអ្នកភូមិរួចគេចខ្លួន។

ក្រោយពីធ្វើការឆែកឆេរចប់សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រីចំនួន០២នាក់។

១.ឈ្មោះឡុង សារិទ្ធភេទប្រុសអាយុ ៣០ឆ្នាំដែលទទួលវត្ថុតាងពីជនសង្ស័យផ្ញើ។

២.ឈ្មោះ គួន ស្រីឡាន់ ភេទស្រីអាយុ ៣៣ឆ្នាំ។

៣.សេង ស្រីនិ អាយុ ២៣ឆ្នាំ នៅវេលាម៉ោង ១៦និង៣០នាទី សមត្ថកិច្ចបានបន្តរកឃើញរថយន្តនៅផ្ទះឈ្មោះ ហែម វ៉ាន់លី ភេទប្រុស អាយុ ៥៥ឆ្នាំនៅភូមិថ្មី ឃុំ ម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង០៨នាក់ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវផ្តល់ព័ត៌មានលំអិតជូននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕