ជនសង្ស័យ២នាក់ជិះម៉ូតូចូលដល់គោលដៅសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍តែឆែកឃើញមានវត្ថុតាងសម្រាប់កាច់សោ.កម៉ូតូជាច្រើននៅក្នុងម៉ូតូ

22

ភ្នំពេញ ៖ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងគ្មានមួកកាពារសុវត្តិភាព ពេលឃើញគោលដៅសមត្ថកិច្ចកំពុងដាក់អនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែជិះបកក្រោយដើម្បីគេចពីសមត្ថកិច្ច ភ្លាមៗនោះស្រាប់តែជនសង្ស័យម្នាក់បានរត់គេចពីកន្លែង ដោយសមត្ថកិច្ចមានការសង្ស័យបានឆែកម៉ូតូស្រាប់ឃើញមានវត្ថុតាងជាច្រើន សម្រាប់ទុកធ្វើសកម្មភាពកាច់សោ.ក ម៉ូតូទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍បានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1CB 7452 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈដែលមកដល់ត្រង់ចំណុចគោលដៅសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ស្រាប់តែជនសង្ស័យបានជិះម៉ូតូបកក្រោយដើម្បីគេចពីសមត្ថកិច្ច តែត្រូវបានសមត្ថកិច្ចឃាត់បាន ស្រាប់តែមានជនសង្ស័យម្នាក់បានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយសមត្ថកិច្ចមានការសង្ស័យសមត្ថកិច្ចយើងក៏បានឆែកទៅលើម៉ូតូរបស់ជនសង្ស័យ រកឃើញមានវត្ថុតាងសម្រាប់គាសសោ.ក ម៉ូតូជាច្រើននៅក្នុងម៉ូតូ ភ្លាមនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿងយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។

ក្រោយសមត្ថកិច្ចធ្វើការសួរនាំរួចបានបញ្ជូនខ្លួនជនសង្ស័យនិងម៉ូតូមួយគ្រឿងទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជាបន្តទៀត។