សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តែងការសាទរក្នុងការបើកឲ្យដំណើរការអាជីវកម្មរ៉ែមាសក្នុងខេត្ត មណ្ឌលគិរី

224

{ភ្នំពេញ} សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បានប្រកាសឲ្យបើកដំណើរការអាជីវកម្មរ៉ែមាសលើកដំបូង ក្នុងខេត្តមណ្ឌលគិរី នេះជារឿងដ៏គួរឲ្យអបអរសាទរ និងជាភាពជោគជ័យមួយរបស់កម្ពុជា ដូចដែលដូនតាយើងបានប្រសិទ្ធនាមថា កម្ពុជា
ជាទឹកដីសុវណ្ណភូមិ។

នៅក្នុងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា÷ ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស មានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងចាប់ផ្តើមបើកឲ្យដំណើរការ ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា÷ ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី។

គិតមកដល់ឆ្នាំ២០២១នេះ ក្រុមហ៊ុនខាងលើ បានចំណាយពេលសិក្សាស្រាវជ្រាវ និងរុករក អស់រយៈពេលប្រមាណ ១៤ឆ្នាំមកហើយ។

ទន្ទឹមនិងនោះដែរ ការសិក្សាបានបង្ហាញថា÷ រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ បើគិតចំណូលជាមធ្យមប្រមាណ ១៨៥លាន ក្នុងមួយឆ្នាំ។ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ។ ហើយសម្រាប់ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ។

ហើយការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាន និងគ្រោះថ្នាក់ផ្សេងៗទៀតផង។ ជាចុងក្រោយ សម្តេចតេជោ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕

អត្ថបទ ៩១៣