« តំបន់ក្រហម » ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រមូលសំណាកប្រជាពលរដ្ឋទាំងអស់

49

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងពីការប្រមូលសំណាករបស់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រ «តំបន់ក្រហម»។ នេះ
 រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ចំពោះមុខដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ «តំបន់ក្រហម» ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ជាកំហិត តាមទីតាំងដែលបានកំណត់ជូន ដូចខាងក្រោម៖ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ៖ * ទី១៖ ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ * ទី២៖ ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា * ទី៣៖ វិហារព្រះយេស៊ូ ទំល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទៅយកសំណាកនៅ៖ * ទី១៖ សាលាបឋមសិក្សាសុភមង្គម ក្នុងភូមិបប៉ែកខាងជើង * ទី២៖ ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១ * ទី៣៖ ដីឡូតិ៍ខាងក្រោយផ្សារឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង១។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា។ ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕