ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ប្រតិកម្មជាមួយស្លាកលេខមិនប្រក្រតីរបស់ឯកឧត្តម អ្នកឧកញ៉ា ប៉ែន​ លឹម ទាំងយប់

151

ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម គង់ វិមាន នាយកខុទ្ទកាល័យក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាអ្នកនាពាក្យក្រសួង ប្រតិកម្មជាមួយស្លាកលេខមិនប្រក្រតីរបស់ឯកឧត្តម អ្នកឧកញ៉ា ប៉ែន​ លឹម ទាំងយប់តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ដោយសង្កេតឃើញភាពមិនប្រក្រតី ក្លែងក្លាយខុសច្បាប់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នមានសមត្ថកិច្ចក្នុងការចេញស្លាកលេខសំគាល់យានយន្តផងនោះ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រតិកម្មជាមួយរថយន្តមួយគ្រឿងដែលបំពាក់ស្លាកលេខក្លែងក្លាយដែលមានឈ្មោះថា កម្ពុជា ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម ដោយសំណេរយ៉ាងខ្លីថា ៖ ក្រសួងសាធារណះការនិងដឹកជញ្ជូន មិនមានគោលការណ៏ឬច្បាប់ណាដែលអនុញ្ញាតអោយប្រើប្រាស់ប្រភេទផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនរបៀបនេះទេ ។ នេះជាផ្លាកលេខក្លែងក្លាយ ដែលអ្នកប្រើប្រាស់ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្ស សូមអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែយកចិត្តទុកដាក់ស្រាយចំងល់មហាជនពាក់ព័ន្ធជាមួយជំនាញផងដែរ ដោយកន្លងមកលោកជាមនុស្សតែម្នាក់គត់ដែលបានធ្វើការបង្ហាញតាមច្បាប់ និងផ្តាំឲ្យមានការកែតម្រូវចំពោះការបកស្រាយខុស ចៀសវាងការយល់ច្រលំកាន់តែធំ ក្នុងរឿងផ្លូវគោកដែលកម្មវិធីរបស់ទូរទស្សន៍មួយបកស្រាយខុស ហើយធ្វើអោយក្លាយជាប្រធានបទក្តៅរកទីបំផុតគ្មាន ដោយឯកឧត្តមបានបញ្ជាក់ថា « ដើម្បីជៀសវាងការបកស្រាយខុស ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖ ផ្លូវថ្នល់ និង ផ្លូវដែក , ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ(ផ្លូវជនបទ) និង ផ្លូវរុក្ខបាល។ ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖ ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស » ៕