កម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ជាតិប្រទះឃើញគំនរឈើជិត២០០ដុំ ខណៈចុះទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ

3

ខេត្តក្រចេះ៖ តាមប្រភពផ្តល់ព៍ត៌មានពីរប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មការជាតិ បានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបទីតាំងគំនរឈើមួយកន្លែង នៅចំណុចដើមស្វាយធំ ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ រកឃើញគំនរឈើជិត២០០ដុំ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ។

ការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិខាងលើ មានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាអ្នកដឹកនាំកម្លាំង និង មានកិច្ចសហការពីកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ព្រមទាំងកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និង កម្លាំងបរិស្ថានផងដែរនោះ ទីបំផុតក្រុមការងារបានប្រទះឃើញគំនរឈើ ដែលក្រុមឈ្មួញដឹកយកមកលាក់ទុកបម្រុងដឹកចេញតាមទូក ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលពេលនោះសមត្ថកិច្ច កំពុងជាប់រវល់ជូនប្រពន្ធកូនដើរលេងកម្សាន្ត តាមបណ្តាខេត្តនិងរមណីយដ្ឋាននានា ។

នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ មានប្រសាសន៍ថា កម្លាំងត្រូវបានបែងចែកជា២ក្រុម ក្រោមបទបញ្ជា ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១៣ និងទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ។

កម្លាំងសមត្ថកិច្ចដែលចុះបង្រ្កាបបានឱ្យដឹងថា នេះជាឱកាសល្អរបស់ក្រុមឧក្រិដ្ឋជន កាប់បំផ្លិចបំផ្លាញព្រៃឈើយ៉ាងសកម្ម មិនខ្លាចនិងញញើតច្បាប់បន្តិចឡើយ ។
សមត្ថកិច្ចបន្តថា គំនរឈើជាច្រើនដែលក្រុមឈ្មួញដឹកយកមកលាក់ទុក នៅចំណុចទីតាំងខាងលើ គឺពួកគេត្រៀមនឹងដឹកចេញតាមផ្លូវទឹក ។
កម្លាំងសមត្ថកិច្ចបញ្ជាក់ថា គំនរឈើដែលសមត្ថកិច្ចចម្រុះទើបធ្វើការបង្ក្រាបរឹបអូសបានទាំងនេះ ត្រូវបានគេដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ដើម្បីឱ្យជំនាញចាត់ការតាមនីតិវិធី ។

សូមបញ្ចាក់ថា កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មការជាតិ ចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបការលួចកាប់ឈើក្នុងតំបន់ការពារនិងអភិរក្ស ដែលស្ថិតនៅក្នុងភូមិសាស្រ្ត៤ខេត្ត ជាប់ព្រំប្រទល់គ្នា គឺខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ប៉ុន្តែបច្ចុប្បន្នកំពុងអនុវត្តបង្ក្រាបបន្ទាន់ចំនួនពីរខេត្តតំបូងគេ គឺខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង ៕ ដោយ មាស សុផាត