រថយន្តនិងរថយន្តបុកគ្នាពេញទំហឹងលាន់ដូចរន្ទះធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើររងបួសធ្ងន់ស្រាល៧នាក់

6

ខេត្តស្ទឹងត្រែង៖ គួរឲ្យរន្ធត់ណាស់ រថយន្តនិងរថយន្តបុកគ្នាលាន់ដូចរន្ទះ ខណ:ការបើកបរបញ្ច្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៩ព្រះវិហារ ស្ទឹងត្រែង ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨១-៤៨២ ស្ថិតក្នុងភូមិសំអាង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល៧នាក កាលពីថ្ងៃសៅរ៍ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២ និង ១០នាទី ។ នេះបើតាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុកថាឡាបរិវ៉ាត់ ដែលខ្មែរខូវឺធីវីទទួលបាន ។

រថយន្តកូរ៉េដឹកមាន់ ពាក់ស្លាកលេខព្រះវិហារ 3A.0144 ខូចខាតយ៉ាងដំណំផ្នែកខាងមុខ បើកបរដោយឈ្មោះជិម ឆៃ ភេទប្រុសអាយុ32ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងដូន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ រថយន្តេះនេះមានទិសដៅពីជើងទៅត្បូង បានបុកជាមួយរថយន្តម៉ាក RX300 ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2S.2188 ទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះញ៉ែម កិន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្បែងមានជយ័ ឃុំត្បែងមានជយ័ ស្រុកឆែប  ខេត្តព្រះវិហារ ។

សមត្ថកិច្ចបញ្ចាក់ថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យមនុស្សរងរបួសធ្ងន់០៤នាក់ ភេទប្រុស និងរបួសស្រាល០៣នាក់ក្នុងនោះមានស្រី០១នាក់ ។ ចំណែករថយន្តរងការខូចធ្ងន់០២គ្រឿងមូលហេតុបើកបរមិនប្រកាន់ស្តាំ ទើបបណ្តាលឪ្យមានគ្រោះថ្នាក់ដូច្នេះ។

ក្រោយកើតហេតុជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ ។ ចំណែករថយន្តទាំងពីររងការខូចខាតផ្នែកខាងមុខទាំងស្រុង ត្រូវបាននគរបាលចរាចរណ៍ដឹកយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង រងចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ KC936