ប្រជាពលរដ្ឋទ័លក្រជួបការលំបាក២២០គ្រួសារ ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

20

ខែត្ររតនគិរី៖ ប្រជាពលរដ្ឋទីទ័លក្រ ជួបការលំបាកចំនួន២២០គ្រួសារ ក្នុងឃុំសិរីមង្គល ស្រុកកូនមុំ ខែត្ររតនគិរី ទទូលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តរតនគិរី ខណៈលោកចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់ខាងលើ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋខាងលើ មានការចូលរួមអមដំណើរពីមន្ត្រី នៃមន្ទីរ គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងកងកម្លាំងនគរបាល និង កងរាជអាវុធហត្ថ ហើយប្រជាពលរដ្ឋទ័លក្រ២២០គ្រួសារ នាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស  ឃីត១កញ្ចប់ និងថវិកា១ម៉ឺនរៀល ។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ លោក ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ជានិច្ចកាល សម្តេចតែងតែគិតគូ និង ខ្វាយខ្វល់ យកចិត្តទុកដាក់អំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ ។

នាពេលនោះផងដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឪ្យបានញឹកញាប់ ធ្វើយ៉ាងណានៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

លើសពីនេះទៀត លោកអភិបាលបានផ្ដែផ្ដាំពុកម៉ែបងប្អូន ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់លើអនាម័យជាប់ជាប្រចាំ និងត្រូវពាក់ម៉ាស លាងសម្អាតដៃជាមួយសាប៊ូ ឬទឹកអាល់កុលជែលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះកុំអោយកើតមានក្នុងសហគមន៍របស់យើង ។

គួរបញ្ជាក់ថា ខែត្ររតនគិរីជាតំបន់ព្រៃភ្នំមានអាកាសធាតុចុះត្រជាក់ខ្លាំង ដូច្នេះលោកអភិបាលខេត្ត ក៍បានចែកជូនអាវរងារដែលជាអំណោយផ្ទាល់របស់លោក ជូនដល់ចាស់ជរាចំនួន១០០នាក់ផងដែរ ៕ ដោយ:KC.36