សម្តេចតេជោ កោតសសើរចំណាត់ការរបស់អភិបាលខេត្តកែប ក្នុងការរុះរើរបងដែលសង់ដោយគ្មានច្បាប់ និងរំលោភផ្លូវសាធារណៈ

41

កែប៖ ក្រោយពីមានការចុះផ្សាយអត្ថបទមួយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម សោមពិសិដ្ឋ អភិបាលខេត្តកែប ពីករណីដែលអាជ្ញាធរខេត្តកែប ចុះរុះរើរបងថ្ម និងទ្វាដែក ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាត បិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅតំបន់ស្រែអំបិល ហើយកំពុងមានទំនាស់ជាប់បណ្ដឹង ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១មកនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានចូលសម្តែងមតិដោយ ថ្លែងកោតសសសើរ ចំណាត់ការរបស់អភិបាលខេត្ត ចំពោះការរុះរើនេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។

សម្តេច បានសរសេរយ៉ាងដូចនេះថា “សូមកោតសសើរចំណាត់ការរបស់អភិបាលខេត្តដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន។ តាមហេតុការដែលបានកើតកន្លងមកនេះ អាជ្ញាធរគួរគួរតែរើរបងនេះចោលតាំងពីពេលរបងនេះចាប់ផ្តើមធ្វើមកម្លេះហើយអ្នកធ្វើរបងបិទផ្លូវសាធារណះគួរតែត្រូវបានអប់រំឬវិធានការរដ្ឋបាលតាំងពីដំបូង។

យើងមិនត្រូវទុកឱ្យបុគ្គលម្នាក់ឬ២នាក់បំផ្លាញផលប្រយោជន៍របស់ប្រជាជនច្រើននាក់នោះឡើយ។

ថ្ងៃក្រោយមិនត្រូវឱ្យមានរឿងបែបនេះកើតឡើងទៀតទេ មិនត្រឹមតែខេត្តកែបប៉ុណ្ណោះទេគឺត្រូវធ្វើនៅគ្រប់ខេត្តទាំងអស់”។

ក្នុងទំព័រហ្វេសប៊ុករបស់អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានចុះផ្សាយយ៉ាងដូចនេះថា “នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះរុះរើរបងថ្ម និងទ្វាដែក ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅតំបន់ស្រែអំបិល ហើយកំពុងមានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។ ការចុះរុះរើនេះ គឺដើម្បីរក្សាស្ថានភាពដើម និងបេីកផ្លូវសាធារណៈជូនដល់ប្រជាពលរដ្ឋ មហាជនសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ។”

ក្នុងនោះលោកក៏បានអំពាវនាវដល់សាធារណជនទូទៅ កុំប្រព្រឹត្តនិងយកគំរូតាមករណីការឆ្លៀតឱកាសបែបនេះ ដែលមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សាធារណៈ។

ក្នុងអត្ថបទដែលចុះផ្សាយរួចបានបន្តថា “ក្នុងករណីនេះមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលលើផ្លូវនេះ ហើយពួកគាត់គាំទ្រចំណាត់ការរបស់អាជ្ញាធរ និងគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសន្តិភាព នៅមូលដ្ឋានមានការរីកចម្រើនគ្រប់ទីកន្លែង និងសូមគោរពជូនពរសម្តេចតេជោមានសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត”៕

អត្ថបទ៖ ង៉ុង សាន់