អគ្គិភ័យលេបត្របាក់ឡចំហ៊ុយសាច់ប៉ាតេមួយកន្លែង នៅខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលទាំងយប់

46

រាជធានីភ្នំពេញ៖ អគ្គិភ័យដ៏សន្ធោរសន្ធៅមួយបានឆាបឆេះប៉ារ៉ែតឈើ ក្នុងសិប្បកម្មផលិតសាច់ប៉ាតេ៩៩៩ មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ០១:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងសិប្បកម្មផលិតប៉ាតេ(មានជ័យ៩៩៩) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ១៥៩ ក្នុងភូមិតាង៉ូវលើ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដែលម្ចាស់ទីតាំងមានឈ្មោះ កែវ សារី ភេទស្រី អាយុ៦២ឆ្នាំ (ជនជាតិខ្មែរ) មុខរបរម្ចាស់សាច់ប៉ាតេ 999 ។ មូលហេតុ ឆេះចេញពីឡចំហ៊ុយសាច់ប៉ាតេ រាលដាលមកកន្លែងគំនរអុសបង្កជាអគ្គិភ័យឡើងតែម្ដង ។ ប្រភេទសំណង់ ផ្ទះថ្ម (ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ) ។

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី គាន់ ឌីណា អធិការរងខណ្ឌច្បារអំពៅ និងកម្លាំងប៉ុស្តិ៍នគរបាលនិរោធ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហោ ស៊ីលីហ៊ូវ នាយប៉ុស្តិ៍រដ្ឋបាលនិរោធ បានចេញជួយអន្តរាគមន៍សហការជាមួយកម្មករក្នុងសិប្បកម្មជាច្រើននាក់ និងក្រុមនគរបាលពន្លត់អគ្គិភ័យ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងឆេះនៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ ចំនួន០៥គ្រឿង របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ទឹកសរុប អស់ចំនួន៥ឡាន ស្មើ២០ម៉ែត្រគូប ទើបបានរលត់ជាស្ថាពរ នៅវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រថ្ងៃដដែលនេះ ។

សូមបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះពុំបណ្ដាលឲ្យនរណាម្នាក់រងរបួស ឬស្លាប់ឡើយ ដោយខូចខាតសំភារ ឆេះគំនរអុសនៅខាងក្រៅឃ្លាំង ពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡើយ ៕