រដ្ឋបាលខេត្តសៀមរាប ដាក់កំហិតឱ្យប្រជាពលរដ្ឋដែលមានលំនៅឋាន តូបលក់ដូរ របង និងសំ​ណង់​ផ្សេងៗ​ដែលបានសាងសង់រំលោភលើដីផ្លូវ ដីចំណីរផ្លូវ ចូលរួមសហការរុះរើចេញក្នុងរយៈពេល១០ថ្ងៃ

34

សៀមរាប៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០​២០ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលមានលំនៅឋាន តូបលក់ដូរ របង និងសំណង់ផ្សេងៗ ដែលបានរំលោភដីផ្លូវ និងចំណីរផ្លូវ ត្រូវចូលរួមសហការរុះរើចេញក្នុងរយៈពេល១០ថ្ងៃ ដោយគិតចាប់ថ្ងៃជូនដំណឹងនោះតទៅ ។ ​

តាមសេចក្ដីជូនដំណឹងខាងលើបានបញ្ជាក់ថា ការធ្វើឡើយដូចនេះបន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោង​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប ខណៈពេលនេះ ការអនុវត្តន៍គម្រោងកំពុងដំណើរការជាបណ្ដើរៗ ។ រដ្ឋបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពល​រដ្ឋ និងសាធារណៈជន ដែលបានរុះរើដោយខ្លួនឯងនូវសំណង់លំនៅឋាន តូបលក់ដូរ របង និងសំ​ណង់​ផ្សេងៗទៀត ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញលូទឹកភ្លៀង និងទឹកកង្វក់ចំនួន២៥ខ្សែផងដែរ ។

ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំបណ្ដាញលូទឹកភ្លៀង និងទឹកកង្វក់ចំនួន២៥ខ្សែនេះ រដ្ឋបាលខេត្តពិនិត្យឃើញថា មានសំណង់លំនៅឋាន តូបលក់ដូរ របង និងសំណង់ផ្សេងៗទៀត របស់ប្រជាពល​រដ្ឋ​មួយចំនួនដែលបានសាងសង់កន្លងមក បានរំលោភលើដីផ្លូវ ដីចំណីរផ្លូវ អូរ ប្រឡាយ ដែលរដ្ឋបាលខេត្តបានកំណត់ និងចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយចំបាច់ធ្វើការរុះរើជាបន្ទាន់ ក្នុងរយៈពេល១០ថ្ងៃ ដើម្បីសម្រួលដល់ការងារស្ថាបនាបណ្ដាញលូទឹកភ្លៀង និងលូទឹកកង្វក់ ។ ក្នុងករណីពុំបានរុះរើតាមការកំណត់ រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការរុះរោះតាមនិតិវិធី និងច្បាប់ជាធរមានដោយមិនទទួលខុសត្រូវរាល់ការខូចខាតនិងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលជាម្ចាស់សំណង់រំលោភលើដីផ្លូវ ដីចំណីរផ្លូវ អូរ ប្រឡាយ ចូមរួមសហការរុះរើសំណង់របស់ខ្លួនតាមពេលវេលាកំណត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕