បុរសម្នាក់ត្រូវបានកម្លាំងនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាព្រមាន ក្រោយយកកូនសោរសរសេរនៅលើជញ្ជាំងថ្មដែលមានក្បាច់

26

ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាព្រមាន បន្ទាប់ពីបានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

តាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍​ ​៦កើត ខែមិគសិរ ឆ្នាំជូតទោស័កព.ស២៥៦៤​ ត្រូវនិងថ្ងៃទី២១​ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩:០០នាទីព្រឹក​ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ​ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វើការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​ ដើម្បីធ្វើការអប់រំកុំអោយគាត់ធ្វើលើកក្រោយទៀត ។

ជាមួយគ្នានោះ នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ ក៏បានបញ្ជាក់បន្ថែមថា បន្ទាប់ពីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច ក៏បានអនុញ្ញាតឱ្យបុរសឈ្មោះ ជួន ជឿន ទៅទស្សនាប្រសាទបន្តទៀត មិនមានការពិន័យ ឬដាក់ទោសទាន់អ្វីឡើយ ៕