គណៈសង្ឃនាយកកម្ពុជា ចេញញត្តិថ្កោលទោសទណ្ឌិតសម រង្ស៊ី

81

្នំពេញ៖ភ្នំពេញ ៖ បន្ទាប់ពីស្ថាប័នជាតិសំខាន់ៗ ចេញញត្តិថ្កោលទោស ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ីរួចមក ។ នៅពេលនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដោយមានចុះហត្ថលេខាសម្ដេចព្រះសង្ឃរាជចំនួន ១១ អង្គ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការប្រឆាំងនឹងទណ្ឌិតរូបនេះផងដែរ ក្រោយពីបុគ្គលរត់ចោលស្រុករូបនេះ បានអំពាវនាវ ឱ្យកងទ័ពមិនស្តាប់បញ្ជា និងធ្វើតាមរដ្ឋាភិបាលក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប។

យោងតាមញត្តិថ្កោលទោសទណ្ឌិតសម រង្ស៊ី ចុះហត្ថលេខា កាលពីថ្ងៃទី ២០ ខែតុលា ដោយសម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស និង សម្តេចសង្ឃផ្សេងទៀត បានសរសេរថា អាត្មាភាព សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងថ្នាក់ដឹកនាំសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រឆាំងដាច់ខាត និងថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើអសីលធម៌របស់ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ ដែលបាន ញុះញង់ អំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធចូលរួមធ្វើការបះបោរប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ព្រមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពនៃកម្ពុជា តែងតែយកអស់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី គោរពបម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ប្រកបដោយទេពកោសល្យ គតិបណ្ឌិត សក្តានុពល និងឧត្តមភាពយ៉ាងក្លៀវក្លា បាននាំមកនូវសុខសន្តិភាព ស្ថិរ ភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យចំពោះជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ គណៈសង្ឃពុទ្ធសាសនា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក៏បាន ចម្រើនពរប្រសិទ្ធពរសព្ទ សាធុការ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុ ស័ក្ដិសិទ្ធិទាំងអស់ក្នុងលោកមេត្តាតាមជួយអភិបាលរក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព វឌ្ឍនភាព និងភាពរុងរឿង ជាបន្តទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសន្ទរកថាជាសារធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ និងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចបានប្រកាសប្តូរផ្តាច់កម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ជាតិ៣ជំនាន់ ទណ្ឌិត សម រង្ស៊ី បើដរាបណាបុគ្គលរូបនេះ មិនព្រមប្រកាសរំសាយចោលនូវនយោបាយមានឯងអត់អញ ហើយធ្វើការសុំទោសថ្លែងជូនប្រជាពលរដ្ឋ ចាប់ពីពេលនេះតទៅថា “ខ្ញុំបញ្ឈប់នូវនយោបាយផ្តួលរំលំរដ្ឋាភិបាល” គឺដរាបនោះ សម្តេចតេជោនឹងកម្ចាត់ចោលដោយឥតលក្ខខណ្ឌ។

ទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី
កាលពីពេលថ្មីៗនេះបានប្រកាស អំពីផែនការថ្មីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខនេះ គ្រាដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជាមួយនឹងការញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាល៕

 

ញត្តិថ្កោលទោសរបស់ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា