ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បញ្ជាក់ថា លោក ពេញ សុផុន ពិតជាមានដីនៅទីតាំងទំនាស់ពិតប្រាកដមែន ហើយប្លង់រឹងរបស់ឧកញ៉ា លី ហុងស៊ីង បានគ្រប់លើដីរបស់គាត់ ចំនួន 4,03 ហិចតា នាំអោយមានវិវាទ !
ដោយ ៖ អធិបតី
ភ្នំពេញ ៖ ប្រិយមិត្តអ្នកស្តាប់ជាទីគោរព ករណីមន្រ្តីទំនងដូចគ្រាប់ល្ពៅស្ងោរ លោក ហាស់ ផល្លារិទ្ធ ប្រធានក្រុមបោះបង្គោលព្រំដែនគោកកម្ពុជា និងបក្សពួក បានលួចលក់ដីសល់ពីការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ដែលត្រូវបានរាជរដ្ឋាភិបាលឯកភាពឲ្យបន្តថែរក្សាទុក និងចុះបញ្ជីរ ចំណែកដីដែលកម្ពុជាទទួលបានពីការបោះបង្គោល និងខណ្ឌសីមាជាមួយប្រទេសជិតខាង ក្រោមអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនសិន ដើម្បីទុកដោះស្រាយផលប៉ះពាល់ដីស្រែចម្ការពលរដ្ឋនៅពេលក្រោយ លក់ទៅអោយឧកញ៉ា លី ហុងស៊ីន គ្របលើដីរបស់ប្រជាពលរដ្ឋស្លូតត្រង់ ឈ្មោះ ពេញ សុផុន និងប្រពន្ធឈ្មោះ ញឹម ផលឡៃ នាំអោយកើតមានវិវាទរហូតដល់បច្ចុប្បន្ន ពេលនេះត្រូវបាន ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា លោក ពេញ សុផុន ពិតជាមានដីនៅទីតាំងទំនាស់ពិតប្រាកដមែន ហើយប្លង់រឹងរបស់ឧកញ៉ា លី ហុងស៊ីង បានគ្រប់លើដីរបស់គាត់
ចំនួន ៤.០៣ ហិចតា។

ខាងក្រោមនេះជាសេចក្តីទាំងស្រុងនៃលិខិតលេខ ២៧១៧ ដនស /អគ្គាធិ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម
និងសំណង់ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២។ (អានលិខិតជូនដំណឹង)


យោងតាមឯកសារខាងលើនេះ ធ្វើអោយមហាជនមានការងឿយឆ្ងល់ជាខ្លាំងថា ឧកញ៉ា លី ហុងស៊ីន ក៏អាចចាត់ទុកថាជាជនរងគ្រោះម្នាក់ដែរ ដែលត្រូវលោក ហាស់ ផល្លារិទ្ធិ ជាប្រធានក្រុមចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងលោក ម៉ក់ ស៊ីថា កើតថ្ងៃទី ២៥ ខែ វិច្ឆិការ ឆ្នាំ ១៩៨២ ហើយនិងមានការរួមដៃគ្នារបស់លោក ចិន សាធាន នាយរដ្ឋបាលខែត្រស្វាយរៀង លោក សោម សាវឿន ឈ្មួញគួកជេរដី និងជាមេការរបស់ខ្លួន រួមគ្នាធ្វើសាជាសាក្សី យកដីមានប្រវត្តមិនច្បាស់មកលក់អោយខ្លួន នាំអោយខ្លួនរងវិវាទ ខាងទាំងទ្រព្យសម្បត្តិ ខាតទាំងពេលវេលា។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក សាញ់ សាខុន ចៅសង្កាត់បាវិតបានបញ្ជាក់ថា ពាក្យស្នើសុំកាន់កាប់ដីធ្លីលេខ ១០/០៤ ចុះថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០០៤ ពុំមានគល់បញ្ជីរតំកល់ទុកក្នុងសាលាសង្កាត់បាវិតនោះទេ ចំពោះលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីដែលមានឈ្មោះ ហាស់ ផល្លារិទ្ធ និងឈ្មោះ ម៉ក់ ស៊ីថា លក់ឲ្យ លី ហុងស៊ីន ចុះថ្ងៃទី ចុះថ្ងៃទី ៣១/១២/២០១៥ ដែលមានហត្ថលេខារបស់លោកនោះ គឺឈ្មោះ សោម សាវឿន មេការរបស់ លី ហុងស៊ីន បានយកមកអោយ លោក ចិន ថុន ស្មៀនសង្កាត់បាវិត ត្រូវជាប្អូនរបស់ ចិន សាធាន នាយករដ្ឋបាលខែត្រស្វាយរៀងជាអ្នករៀបចំយកមកអោយខ្ញុំចុះហត្ថលេខា។

មហាជនបានចោទសួរថារយៈសារព័ត៌មានយើងថា អ្នកដែលគេសង្ស័យ និងដាក់បន្ទុកគឺលោក ហាស់ ផល្លារិទ្ធិ និងលោក ម៉ក់ ស៊ីថា ទៅវិញទេដែលត្រូវចេញមកបកស្រាយបំភ្លឺដើម្បីលាងភាពស្អាតស្អំរបស់ខ្លួន កុំអោយជាប់ងារជាមន្រ្តីគ្រាប់ល្ពៅស្ងោរ ក្បត់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្បត់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយជាគោលដៅតែមួយគត់ដែលត្រូវប្រឈមជាមួយអភិក្រមទី៥ គឺវះកាត់។ចុះហេតុអ្វីបានជាឧកញ៉ាអ្នកទិញ ចេញមកនិយាយជួសគេទៅវិញ? ប្រហែលជាឆ្នាំងមិនក្តៅ បែរជាមកក្តៅគ្របឆ្នាំងទេដឹង?

មតិមួយទៀតបានលើកឡើងថា បើលួចមាន់លួចទាគឺអាចស៊ីអស់បាត់ដាន តែនេះលួចលក់ដីសំណល់សល់ពីការបោះបង្គោលព្រំដែន ហើយគេមិនអាចលើកដីទៅដាក់ឋានព្រហ្មបានទេ ចុះហេតុអ្វីបានអាជ្ញាធរខែត្រស្វាយរៀងមិនបង្ហាញខ្លួនបញ្ជាក់ថាទីតាំងកន្លែងណាជាដីសំណល់សល់ពីការបោះបង្គោលព្រំដែន? ឬមួយដីដែលសល់ពីការបង្គោលនោះចេញជាប្លង់រឹងរួចហើយ? បើដូចការលើកឡើង និងឯកសារនានាដែលអង្គភាពសារព័ត៌មាន «ខ្មែរខូវឺធីវី» ទទួលបានពិតមែនមានតែសម្តេចតេជោ ហ៊ុន សែន តែមួយគត់ទើបអាចវែកមុខមន្រ្តីមួយចំនួនដែលព្យាយាមហែកសន្លឹកឆ្នោតរបស់សម្តេចចោល ធ្វើអោយរាស្រ្តរងទុក្ខក្នុងសម័យសន្តិភាពដែលសម្តេចតស៊ូរកបានមកដោយលំបាក៕



