ឧត្ដមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ប្រកាសដាក់កំហិតឱ្យម្ចាស់រថយន្ដ Ford Rap​tor ស្លាកលេខ ភ្នំពេញ 2AU-1119 ចូលខ្លួនដោះស្រាយឱ្យបានឆាប់ ក្នុងករណីបុកព្រះសង្ឃ៤អង្គ

79

កំពត៖ ឧត្ដមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសជាកំហិតឱ្យម្ចាស់រថយន្ដស៊េរីទំនើបម៉ាក Ford Raptor ពាក់ស្លាកលេខ ភ្នំពេញ 2AU-1119 ចូលខ្លួនដោះស្រាយឱ្យបានឆាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុក Pass App ដែលមានព្រះសង្ឃ៤អង្គរួមដំណើរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតហេតុនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤៖៥០នាទីរសៀល ត្រង់ចំនុចខ្លោងទ្វាវត្តទឹកវិល ស្រុកទឹកឈូ ខេត្តកំពត ខណៈព្រះសង្ឃនិមន្តមកពីរៀននៅវត្តជុំគ្រៀល ។

ដោយនៅលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត ឧត្ដមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ បានឱ្យក្នុងសំណេរយ៉ាងដូច្នេះថា ស្នងការរដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញម្ចាស់រថយន្ត Ford Raptor ពណ៏ស ដែលមានស្លាកលេខខាងលើនេះចូលខ្លួនដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៏ដែលមានព្រៈសង្ឃគង់លើនេះអោយបានឆាប់ជាទីបំផុត ។

ដោយឡែកតាមការបញ្ជាក់ពីចៅអធិការវត្តទឹកវិល ស្រុកទឹកឈូ ក៏បានឱ្យដឹងដែរថា ព្រះសង្ឃដែលជួបគ្រោះថ្នាក់ចរា​ចរណ៍ដោយរថយន្ដបុកពេញទំហឹង៤ព្រះអង្គរួមមាន៖ សាមណេរ ឈាង ឌីន រងរបួសត្រង់ថ្គាម សាមណេរ ង៉ែត ពាត រងរបួសត្រង់ស្មា និងព្រះកេស សាមណេរ កែ កូ រងរបួសដៃ និងជង្គង់ និងសាមណេរ បាន វ៉ានសា រងរបួសត្រង់ស្មា ដោយឡែកអ្នកដឹកលោករបួសដៃ និងខូចផាស់អាប់ផ្នែកខាងមុខ ។

យ៉ាងណាពាក់ព័ន្ធនឹងករណីនេះដែរ យើងមិនអាចសុំការបញ្ជាក់បន្ថែមពីលោកឧត្ដមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតឡើយ ដោយមិនមានលេខទូរស័ព្ទ ៕