ឯកឧត្តម ស៊ុន សេងហួត : ឧស្សាហកម្មអំបិលត្រូវបានលើកទឹកចិត្ត ខណៈដែលជនណាព្យាយាមកែរប្រែដីស្រែអំបិលទៅជាដីផ្សេងត្រូវបានហាមឃាត់

104

ខេត្តកែប ៖ ឯកឧត្តម ស៊ុន សេងហួត អនុរដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិជ្ជា និងនវានុវត្តន៍ បានដឹកនាំក្រុមការងារចុះចម្រុះត្រួតពិនិត្យការចាក់ដីលើទីតាំងស្រែអំបិលគ្មានច្បាប់មួយកន្លែង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ។

ក្រោយពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី រួចមកដោយមានការសហការល្អ និងការយកចិត្តទុកដាក់ពីសំណាក ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម ស៊ុន សេងហួត អនុរដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិជ្ជា និងនវានុវត្តន៍ ក្រុមចំរុះចុះមកត្រួតពិនិត្យ និងហាមឃាត់ជាស្ថាពរនូវការជីកដី ចាក់ដី ដោយខុសច្បាប់របស់លោក ស៊ូ ចាយ និងបានអោយចុះកិច្ចសន្យាបញ្ឃប់ជាបន្ទាន់ នូវសកម្មភាពល្មើសច្បាប់របស់ខ្លួន។

ក្រោមការចង្អុលបង្ហាញអំពីកាតព្វកិច្ច និងករណីកិច្ចរបស់ម្ចាស់ទីតាំងអោយយល់ពីច្បាប់ទំលាប់ និងតួរនាទីរបស់អាជ្ញាធរមានសមត្ថកិច្ចរួចមក លោក ស៊ូ ចាយ ដែលពីមុនកុហកសមត្ថកិច្ចថាខ្លួនឈ្មោះ អ៊ុង ស៊ាង ដែលធ្លាប់តែអាងលុយ អាងអំណាចបានទទួលស្គាល់កំហុស និងយល់ព្រមចុះកិច្ចសន្យាបញ្ឃប់រាល់សកម្មភាពទាំងអស់នៅទីតាំងនេះ។ ដោយសន្យាថានិងគោរពតាមច្បាប់ដែលបានកំណត់ និងរៀបចំឯកសារតាមផ្លូវច្បាប់ជាបន្តទៀត ដើម្បីដាក់ទៅជំនាញពាក់ព័ន្ធមុនពេលដែលរៀបចំទីតាំងនេះ សារជាថ្មីម្តងទៀត។ ន័យក្នុងកិច្ចសន្យានោះបានបញ្ជាក់ថា ៖

១. ផ្អាកការចាក់ដី ទាំងស្រុងនៅទីតាំងស្រែអំបិល។

២. ធ្វើការស្នើរសុំការអនុញ្ញាតិពីអាជ្ញាធរ និងជំនាញតាមលំដាប់ថ្នាក់។

៣. ក្រោយពីទទួលបានការអនុញ្ញាតិហើយ ទើបអាចបន្តសកម្មភាពបានក្រោយពីមានការត្រួតពិនិត្យច្បាស់លាស់។

៤. ក្រោយពីទទួលបានការអនុញ្ញាតិហើយ ទើបអាចបន្តសកម្មភាពបានក្រោយពីមានការត្រួតពិនិត្យច្បាស់លាស់។

ឆ្លើយតបជាមួយអ្នកសារព័ត៌មានយើង ឯកឧត្តម ស៊ុន សេងហួត បានអោយដឹងថា ៖ កន្លងមកម្ចាស់ទីតាំងស្រែអំបិលតែងតែមានគំនិតមិនល្អ ចង់កែរប្រែស្ថានភាពដីដោយចិត្តឯង ដំបូងជីកស្រះ ចាក់ផ្លូវ និងធ្វើរោងស្នាក់នៅ រួចក៏បន្តលក់ទីតាំងនោះអោយឈ្មួញតែម្តង ដែលធ្វើអោយវិស័យឧស្សាហកម្មអំបិលត្រូវបានបាត់បង់ ពិសេសលោកបានសង្កត់ធ្ងន់ទៀតថា វិស័យឧស្សាហកម្មអំបិលត្រូវបានលើកទឹកចិត្ត ហើយផ្តល់យោបល់អោយគ្រប់បណ្តាម្ចាស់ទីតាំងអំបិលធ្វើការចិញ្ចឹមត្រី ក្តាម​ បង្គារ នៅក្នុងទីតាំងនោះផ្ទាល់តែម្តង ដើម្បីរកចំណូលបន្ថែមក្នុងការទប់ទល់ការចំនាយនានា។

ជាមួយគ្នានោះដែរលោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានអោយដឹងបន្ថែមថា ៖ ក្នុងនាមជាអាជ្ញាធរមានតែលើកទឹកចិត្តបន្ថែម ចំពោះបងប្អូនម្ចាស់ស្រែអំបិលដែលបានចិញ្ចឹមក្តាម ចិញ្ចឹមបង្គា ដើម្បីដោះស្រាយជីវភាព ផ្នែកខាងណាក៏មិនជំទាស់ដែរ ប៉ុន្តែធ្វើយ៉ាងណាកុំអោយសង្វាក់នៃការផលិតអំបិលរាំងស្ទះ យើងដឹងថាធម្មតាស្រែអំបិលមានអ៊ូទឹក ស្រែហាលទឹក ស្រែបណ្តុះអំបិល និងឃ្លាំងស្តុកអំបិល ដូចនេះក្នុងអ៊ូទឹកគាត់អាចចិញ្ចឹមក្តាម ចិញ្ចឹមត្រី បង្គាបាន តែកុំចាក់​ដី​លុប។ លោកបន្តថាមួយរយៈនេះ ចលនានៃការចាក់លុបមានការលួចឆ្មក់ជាញឹកញាប់ ស្របពេលដែលមន្រ្តីយើងមានគ្នាតិច ហើយមធ្យោបាយចាក់វាលឿន តែយ៉ាងណាក្តី យើងក៏នៅតែអាចទប់ស្កាត់បាន ដូចករណីនេះជាដើម។

ជាពិសេសអរគុណដល់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ហ៊ានផ្សាយ ហ៊ានរាយការណ៍អំពីសកម្មភាពទាំងនេះដល់អាជ្ញាធរមានសម្ថកិច្ចដើម្បីធ្វើការបង្រ្កាបអោយទាន់ពេលវេលាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលដែលដីនៅតំបន់ជាប់មាត់សមុទ្រមានហាងឆេងថ្លៃម្ចាស់ទីតាំងខ្លះក៏បានលក់ទីតាំងនោះអោយឈ្មួញធ្វើជាសំណង់ផ្សេងៗ ដែលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យឧស្សាហកម្មផលិតអំបិលនៅកម្ពុជា ទាំងនេះជាបញ្ហាប្រឈមដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ផងដែរ៕ ដោយ KC 01