អាជ្ញាធរខណ្ឌដូនពេញចុះបង្រ្កាបទីតាំងអាជីវកម្មយីហោ «ដាយមិនម៉ាស្សា» ក្រោយសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម

86

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីរដ្ឋបាល ខណ្ឌដូនពេញ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤៖០០នាទី ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្ដម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិ​បាលខណ្ឌដូនពេញ  បានដឹកនាំកម្លាំង ចុះបង្រ្កាបទីតាំងអាជីវកម្ម យីហោ ដាយមិន ម៉ាស្សា (Dai​mond Massage) ស្ថិតនៅផ្ទះលេខ៤៨C ផ្លូវលេខ ២២២ ភូមិ៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទន្ទឹមនឹងពេលចុះមកដល់ទីតាំងខាងលើនេះ ក្រុមការងារចម្រុះបានពិនិត្យឃើញជាក់ស្ដែង ឃើញថាទីតាំងត្រូវបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស ជាអ្នកមើលការខុសត្រូវទីតាំងទាំងមូល និងបានសហការជាមួយកម្លាំងចម្រុះ ឱ្យចូលធ្វើការត្រួតពិនិត្យក្នុងទីតាំង រកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ស្រោមអនាម័យ និងទឹករំអិលមួយចំនួន ។ ក្នុងនោះសមត្ថកិច្ខបានធ្វើការដកហូតកុំព្យូទ័រ០១គ្រឿង Printer ០១គ្រឿង , DVR ម៉ាក Hikvision០១គ្រឿង Tablet ម៉ាកSam​sung០១គ្រឿង -ទូរស័ព្ទម៉ាកOppo ពណ៌ខ្មៅ០១គ្រឿង និងកាបូបដៃពណ៌ខ្មៅ (របស់ឈ្មោះ សេង ហុកសុខរស្មី) បញ្ជីចំណូល ចំនួន០៣ក្បាល និងឯកសារមួយចំនួន ។ 

ដោយពិនិត្យឃើញថា អាជីវកម្មខាងលើល្មើសនឹងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ ១៦៧សជណ.អរហ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាងខាងលើ (ពិសេស ស្រោមអនាម័យ និងទឹករំអិល) ដែលមានតម្រុយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនោះ ក្រុមការងារចម្រុះសម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះជាបណ្ដោះអាសន្ន ៕