ប្រជាពលរដ្ឋរស់នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មានការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើដល់មន្រ្តីជំនាញត្រួតពិនិត្យដេប៉ូបូមខ្សាច់មួយ ដែលមានម្ចាស់ឈ្មោះ ផាន សុផានអានិតា កំពុងបង្កផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ

38

កណ្ដាល៖ ដេប៉ូបូមខ្សាច់ដ៏ធំមួយកន្លែង ដែលមានម្ចាស់ទីតាំងឈ្មោះ ផាន សុផានអានិតា ជាប់ផ្លូវ២១A ស្ថិតនៅភូមិស្វាយរលំ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបង្កប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារសកម្មភាពបូមខ្សាច់ និងដឹកទាំងថ្ងៃ ទាំងយប់ ។

តាមការរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅជាប់របងក្រុមហ៊ុមបូមខ្សាច់ខាងលើ បានប្រាប់អង្គភាពសារព័ត៌មាន «ខ្មែរខូវឺធីវី» ឱ្យដឹងកាលពីថ្មីៗនេះថា ពួកគាត់តែងតែជួបផលលំបាកជាច្រើនលើក ច្រើនសារណាស់មកហើយ គឺក្រុមហ៊ុនយក្សមួយនេះ មិនគិតពីទុក្ខវេទនារបស់ពួកគាត់ឡើយ ដោយសកម្ម​ភាពបូម និងដឹកខ្សាច់ មានទាំងថ្ងៃទាំងយប់ និងបង្កសម្លេងរំខានខ្លាំង ធ្វើឱ្យពួកគាត់ពិបាកក្នុងការរស់នៅប្រចាំថ្ងៃ ។ បើនិយាយពីរឿងផ្ទះសម្បែងទៀតសោត គឺរង្គើរ ប្រេះ ស្រាំ ជញ្ជាំងអស់ហើយ ដោយសាររំញ័រសម្លេង និងខ្សាច់ហូរបុក ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់ការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាព ផ្ទះសម្បែង ខណៈកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របងការដ្ឋានបូមខ្សាច់មួយនេះ បានបាក់ធ្លាយខ្សាច់ និងហូរទឹក ចូលផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ នឹងធ្វើឱ្យលិចលង់ ខូចខាតសម្ភារៈ ក្នុងផ្ទះថែមទៀតផង មិនដឹងថាទីតាំងបូមខ្យាច់មួយនេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ ឬយ៉ាងណានោះទេ តែពួកគាត់មិនហ៊ាន ចេះតែទ្រាំរស់នៅទៅ ព្រោះប្រហែលជាម្ចាស់ក្រុមហ៊ុននេះ ជាអ្នកធំ និងជាអ្នករកស៊ី ដែលស្គាល់អ្នកតូចអ្នកធំច្រើន ។

ពាក់ព័ន្ធនឹងករណីនេះលោក លួ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានបញ្ជាក់នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ចំពោះទីតាំងកនន្លែងនោះ លោកដឹងថាមានការបូមខ្សាច់ និងរថយន្ដដឹកខ្សាច់លក់ពិតប្រាកដមែន ហើយចំពោះការអនុញ្ញាតទីតាំងបូមខ្សាច់ភាគច្រើនកន្លែងណាក៏មានដែរ តែលោកមិនបានបញ្ជាក់ថាចំពោះទីតាំងឈ្មោះ ផាន សុផានអានិតា មាន ឬអត់នោះទេ ។  

ដោយឡែក លោក យី វណ្ណដា អធិការក្រុងតាខ្មៅបានបញ្ជាក់ថា ទីតាំងបូមខ្សាច់ខាងលើនេះ លោកមិនបានដឹងថាមានការអនុញ្ញាត ឬអត់នោះដែរ តែលោកធ្លាប់បានធ្វើការណែនាំដល់អ្នកបើកឡានបូមខ្សា​ច់នេះជាច្រើនលើកច្រើនសារមកហើយ តែអ្នកបើកបរនៅតែដដែល ។ ចំពោះករណីដីហុយ ពិតណាស់ខែនេះជិតដល់រដូវប្រាំង និងមានខ្យល់ធ្លាក់ នឹងមានដីហុយសំពោង មិនថាផ្លូវនៅតាមទីជនបទ ឬផ្លូវជាតិនោះទេ តែលោកបានរាយការណ៍ទៅថ្នាក់លើរួចមកហើយ ។  

យ៉ាងណាករណីនេះដែរ យើងនៅមិនអាចសុំការបញ្ជាក់ពីម្ចាស់ទីតាំងបូមខ្សាច់ខាងលើនៅឡើយទេ ដោយមិនលេខទូរស័ព្ទទំនាក់ទំនង តែអង្គភាពសារព័ត៌មានយើងនឹងរងចាំការស្រាយបំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ ៕