លោកឧកញ៉ា នួន អក ចេញលិខតស្រាយបំភ្លឺ ក្រោយប្រជាពល​រដ្ឋដាក់ពាក្យបណ្ដឹងពីបទបញ្ចុះបញ្ចូលឱ្យធ្វើជាតំណាង​ចែក​ចាយ និងទិញផលិតផលរបស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក

92

ភ្នំពេញ៖ លោកឧកញ៉ា នួន អក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ បានចេញលិខិតឆ្លើយបំភ្លឺមួយ ក្រោយពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក ។

យោងតាមលិខិតឆ្លើយបំភ្លឺ លោកឧកញ៉ា នួន អក បានបញ្ជាក់យ៉ាងដូច្នេះថា ពាក់ព័ន្ធជាមួយសារព័ត៌មានមួយចំនួនដែលបានបង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្ញុំថាខ្ញុំជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក គឺមិនពិតនោះទេ ។ ជាក់ស្ដែងកន្លងមកខ្ញុំបាទពិតជាបានចូលរួមជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក នេះពិតប្រាកដមែន ប៉ុន្តែខ្ញុំបាទពុំមានភាគហ៊ុន ឬចំណែកជាមួយក្រុមហ៊ុននេះទេ ។ ខ្ញុំនឹងចូលរួមសហការជាមួយច្បាប់ជានិច្ច ពីព្រោះខ្ញុំបាទមិនបានពាក់ព័ន្ធនឹងអំពើដូចសារព័ត៌មានចុះផ្សាយនោះទេ ។ ក្នុងនោះដែរ លោកឧកញ៉ា នួន អក បានសង្កត់ធ្ងន់ និងស្នើឱ្យអ្នកសារព័ត៌​មានទាំងអស់មេត្តាលុបរូបលោកចេញ និងបញ្ឈប់បន្ទាន់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់រូបលោក ។

សូមបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសម្អាង ស្ថិតនៅអគារលេខ៤Z ផ្លូ១០៣ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះប្រតិបត្តិការរបស់សមត្ថកិច្ចនេះ បន្ទាប់ពីទទួលតាមបណ្ដឹងចុះថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ របស់ប្រជាពលរដ្ឋដែលមកពីខេត្តកំពង់ចាម ខេត្តកណ្ដាល ត្បូងឃ្មុំ សៀមរាប និង ខេត្តបន្ទាយមានជ័យ បាននាំគ្នាដាក់ពាក្យបណ្ដឹង លោកឧកញ៉ា នួន អក និង ឈ្មោះ Song Boon Ngee ជាម្ចាស់ក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក ពីបទបញ្ចុះបញ្ចូលពួកគាត់ធ្វើជាតំណាងចែកចាយទិញផលិតផល និងតម្រូវឱ្យបង់ប្រាក់ក្នុងម្នាក់ៗ១៥,០០០ដុល្លារ តែនៅពេលបង់ប្រាក់រួច ពុំបានផ្ដល់ទំនិញពីក្រុមហ៊ុន ដូចការសន្យាឡើយ ទើបពួកគាត់សម្រេចដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចតែម្ដង ៕