បើកម៉ូតូកង់បីបែកកង់រ៉េចង្កូតធ្លាក់ចូលស្នាមភ្លោះរងរបួសធ្ងន់ស្រាល៤នាក់

24

ខេត្តបន្ទាយមានជ័យ៖ ក្រុមជាងសំណង់ បើកបរម៉ូតូកង់បីបែកកង់រ៉េចង្កូតធ្លាក់ចូលស្នាមភ្លោះរងរបួសធ្ងន់ស្រាល៤នាក់ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០.១៥នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅខាងត្បូងបុរីលីហេងប្រហែល៥០០ម៉ែត្រ លើផ្លូវជាតិលេខ៥៨ ក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា៖មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសារពេលដែលក្រុមជាងសំណង់ បានបើកបរម៉ូតូកង់បី ដឹកសម្ភារៈសំណង់ ទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានបែកកង់មុខ បណ្តាលឲ្យរ៉េចង្កូតធ្លាក់ចូលស្នាមភ្លោះ នៅផ្នែកខាងកើតផ្លូវបង្កឲ្យមានអ្នករបួសធ្ងន់ធ្ងរស្រាល៤នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា៖ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងហេតុ បាននាំពួកគាត់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតដីថ្មី ដោយក្នុងចំណោមក្រុមជាង ទាំងបួននាក់ខាងលើនេះ មានម្នាក់ដែលជាអ្នកបើកបរម៉ូតូកង់បី រងរបួសធ្ងន់ជាងគេ។ ចំណែកម៉ូតូកង់បីត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីទុកប្រគល់ឲ្យជនរងគ្រោះវិញ៕