ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់៖ការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យជាទីគាប់ចិត្ត

44

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម ស្តេហ្វែន ម៉េសសេរើ (Stefan Messerer ) បានលើកឡើងថា ការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅកម្ពុជា បានប្រព្រឹត្តទៅដោយជោគជ័យជាទីគាប់ចិត្ត ពិសេសការបង្ខិតសេវាសាធារណៈ ឱ្យបានទៅកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស្តេហ្វែន ម៉េសសេរើ ក៏បានឱ្យដឹងដែរថា សម្ដេចក្រឡាហោម ក៏បានជួបពិភាក្សាជាមួយអតីតឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ អំពីលទ្ធភាពនៃការ បង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យនគរបាលផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា លើចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាល ដោយឯកឧត្តម បានចាត់ទុកថាការងារនេះមានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈ ខ្ពស់ និងមានសុជីវធម៌ល្អ។

ជាការឆ្លើយតបចំពោះកិច្ចការងារកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការនេះដែរ សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត ថាកាលពីឆ្នាំ២០១៩ សម្តេចបាន ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនៅពេលនោះសម្ដេចបាន យល់អំពីប្រវត្តិនៃការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់។

សម្តេចក្រឡាហោម មានប្រសាសន៍ថា ដើម្បីរក្សាស្ថិរភាព និងសុខដុមបនីយកម្មនៅថ្នាក់មូលដ្ឋាន សម្រាប់រយៈពេលយូរវែង គឺមិនអាចប្រមូលផ្ដុំបន្តរក្សាអំណាចទាំងអស់នៅតែថ្នាក់កណ្ដាលនោះទេ ជម្រើសល្អបំផុត គឺផ្ដល់ភាពជាម្ចាស់ឱ្យប្រជាពលរដ្ឋដើម្បីអនុញ្ញាតឱ្យពួកគាត់ចូលរួមក្នុងការអភិវឌ្ឍ ប្រកបដោយចិរភាពនៅថ្នាក់មូលដ្ឋាន។

សម្តេចក្រឡាហោន បានរំលឹកផងដែរថា ក្រៅពីប្រទេសអាល្លឺម៉ង់ សម្តេចក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសមួយចំនួនផ្សេងទៀតផងដែររួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសបារាំង ប៉ុន្តែសម្តេច បានរកឃើញថាប្រទេសអាល្លឺម៉ង់ គឺជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិល្អជាងគេ ហើយចាប់តាំងពីពេលនោះមកប្រទេសកម្ពុជា បាន ធ្វើការជាមួយអាល្លឺម៉ង់ ដើម្បីយកគំរូល្អៗសម្រាប់កែច្នៃ និងប្រើប្រាស់សម្រាប់ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា។

សម្តេចបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងដាក់ឱ្យអនុវត្តនូវកម្មវិធី ជាតិដំណាក់កាលទីពីរ សម្រាប់ពីឆ្នាំ២០២១-២០៣០ ដែលក្នុងកម្មវិធីជាតិនេះ នឹងមានការបន្តការបែងចែកអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីអនុញ្ញាតឱ្យថ្នាក់ក្រោមជាតិកាន់តែមានគណនេយ្យភាពបន្ថែមទៀតចំពោះ ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ សម្ដេចក្រឡាហោម បានស្នើដល់ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឱ្យជួយបន្តគាំទ្រដល់ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់លើវិស័យនគរបាល សម្ដេចក្រឡាហោម បានលើកឡើងថា កម្ពុជាសព្វថ្ងៃត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីរក្សាសន្តិសុខ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។

សម្ដេចក៏បានបញ្ជាក់ដែរអំពីការអញ្ជើញឯកឧត្តមអតីតឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាការិយាល័យច្រកចេញចូលតែមួយនៅក្នុងខេត្តកណ្ដាលផងដែរ ហើយនៅពេលនោះអតីតឯកឧត្តមឯកអគ្គរដ្ឋទូតចាស់ បានសម្ដែងនូវការពេញចិត្ត យ៉ាងខ្លាំងចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន។

សម្ដេចក្រឡាហោម បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីថា កម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិផងដែរ ក្នុងន័យនេះសម្ដេចក្រឡាហោម បានស្នើឱ្យប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនគរបាលនេះជាមួយប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការគាំទ្រ និងរីករាយ ចំពោះការលើកឡើងនិងការស្នើសុំរបស់សម្ដេចក្រឡាហោម លើប្រព័ន្ធកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងការងារនេះឯកឧត្តមបានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្ដមសង្ឃឹមជឿជាក់ថា នឹងបន្តកិច្ចការងារនេះជាមួយប្រទេសកម្ពុជាជាបន្តទៀត។

ដោយឡែកពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យនគរបាល ឯកឧត្ដមបានលើកឡើងថា វាគឺជាការងារមួយដ៏សំខាន់ ដោយសារមន្ត្រី នគរបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយឯកឧត្ដមបានជម្រាបជូនសម្ដេចក្រឡាហោមថា ប្រទេសអាល្លឺម៉ង់ កំពុងត្រៀមរៀបចំ ក្រុមនាំមុខដើម្បីចុះមកធ្វើការសិក្សាជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឈានទៅរកការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការជាមួយប្រទេសកម្ពុជា៕