ឯកឧត្តម សាយ សំអាល់៖ «សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកកសាងជាតិ»

29

ព្រះសីហនុ:«សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកកសាងជាតិ» នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាព នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្តថា សាលារៀន គឺជាថ្នាលបណ្ដុះធនធានមនុស្ស ដែលជាធនធានគន្លឹះក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ជាក់ស្ដែង ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដៃម្ខាងកម្ពុជាការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដៃម្ខាងស្ដារប្រទេសជាតិឡើងវិញ ហើយការស្ដារប្រទេសនេះ ដំបូងបង្អស់ គឺការបើកដំណើរការសាលារៀនលើគ្រប់កម្រិត។

ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ បានបន្ថែមទៀតថា ក្នុងសម័យតេជោសន្ដិភាពនេះ ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើង ទន្ទឹមនោះសិស្សានុសិស្សក្នុងខេត្តព្រះសីហនុត្រូវខិតខំពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ពិសេស ការអប់រំ STEM ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ។

គួររំឭកថា កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សប្បុរសជន យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ៣៦០៧នាក់។