សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសផ្ដល់ម៉ាសចំនួន២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ា

36

ភ្នំពេញ៖ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច​ផ្ដល់ម៉ាសចំនួន ២លានម៉ាស និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួន ដល់រាជរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ។

នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងយ៉ាងដូច្នេះថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ។

ទន្ទឹមនឹងនេះខ្ញុំចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំ​ណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ ។ ជាមួយនឹងការខិតខំរួមគ្នា ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា ។

សូមបញ្ជាក់ផងដែរ កាលពីថ្ថៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានផ្ដល់ម៉ាសចំនួន ២លានម៉ាស និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាលនិងប្រជាជនឡាវ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ប្រទេស​ឡាវ ខណៈ​កំពុង​ប្រឹងប្រែង​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ហើយក៏​ក្នុងនាម​ជា​ប្រទេសជិតខាង​ជួយ​សម្រាលទុក្ខ​ធុរៈ​គ្នា​ពេល​ជួប​ការលំបាក ៕